
ភ្នំពេញៈ ការិយាល័យអង្គការសហប្រជាជាតិស្ដីពីគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) ប្រចាំប្រទេសកម្ពុជា បានបង្ហាញថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនទៀតនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ដែលមានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម។
នៅ ក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃ(ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២) នៅឯសណ្ឋាគារភ្នំពេញ ស្តីពីការរៀបចំវិធានការច្បាប់សម្រាប់ការបង្កកនិងការរឹបអូស ទ្រព្យសម្បត្តិ ប្រឆាំងការសម្អាតប្រាក់ និងប្រឆាំងហិរញ្ញប្បទានភេរវកម្មនោះ លោក Ovilvier Lermet នាយកការិយាល័យអង្គការសហប្រជាជាតិ ស្ដីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំប្រទេសកម្ពុជា បានថ្លែងថា ដោយមើលឃើញអំពីកិច្ចខិតខំប្រឹងប្រែង និងសុច្ឆន្ទៈខ្ពស់របស់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម ដូច្នេះ UNODC នឹងជួយធ្វើឲ្យប្រព័ន្ធច្បាប់ប្រឆាំងភេរវកម្មរបស់កម្ពុជាមាន ប្រសិទ្ធភាព និងស្របគ្នាទៅនឹងប្រព័ន្ធច្បាប់របស់អង្គការសហប្រជាជាតិ។
ឆ្លើយតបទៅនឹងការលើកឡើងទាំងនោះ លោក សៀង ឡាប្រេស អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រាប់ក្រុមអ្នកកាសែតនៅក្រៅកិច្ចប្រជុំនេះថា ច្បាប់ប្រឆាំងភេរវកម្មរបស់កម្ពុជា ជាច្បាប់មួយ ដែលអង្គការសហប្រជាជាតិបានផ្ដល់តម្លៃថា ជាច្បាប់ល្អនៅលើពិភពលោក ព្រោះច្បាប់នេះបានបង្កើតចេញពីអនុសញ្ញា និងពិធីសារទាំង ១៣ របស់អង្គការសហប្រជាជាតិ ស្ដីពីយន្តការប្រឆាំងភេរវកម្ម។
លោក បានថ្លែងថា ៖ «ច្បាប់យើងមានហើយល្អទៀត តែសព្វថ្ងៃនេះ យើងខ្វះនូវការវិភាគ និងការអនុវត្តច្បាប់។ ហេតុនេះហើយ បានជា UNODC គេមកជួយពង្រឹងនិងណែនាំយើង ធ្វើយ៉ាងម៉េចឲ្យការអនុវត្តច្បាប់របស់យើងប្រកបដោយប្រសិទ្ធភាព»។
លោក សៀង ឡាប្រេស បានគូសបញ្ជាក់បន្ថែមទៀតថា ឥឡូវនេះ កម្ពុជាមិនទាន់មោទនភាពនឹងប្រកាសខ្លួនឯងជាអ្នកជំនាញទេ តែកម្ពុជា មាននគរបាលទាំងអស់ឆ្ពោះទៅរកអ្នកឯកទេសក្នុងការប្រឆាំងភេរវកម្ម។
នៅ ក្នុងឆ្នាំ ២០១២ នេះដែរ សហរដ្ឋអាមេរិកបានវាយតម្លៃថា ប្រទេសកម្ពុជានៅមិនទាន់ជាប្រទេសនៃគោលដៅនៃក្រុមភេរវកម្មនោះ ទេ ប៉ុន្តែ ជាប្រទេសដែលមិនអាចធ្វេសប្រហែសជាមួយនឹងបញ្ហាភេរវកម្មបានឡើយ។
ទោះជាបែបណាក្ដី លោកបានមានប្រសាសន៍ដោយសុទិដ្ឋិនិយមថា ឆ្លងតាមការបណ្ដុះបណ្ដាលផ្នែកជំនាញឯកទេស នឹងការណែនាំបន្ថែមពីការិយាល័យអង្គការសហប្រជាជាតិស្ដីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម កម្ពុជានឹងក្លាយជាប្រទេសដែលមានអ្នកជំនាញការឯកទេសខាង បង្ក្រាបអំពើភេវរកម្ម ដើម្បីរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ សន្តិសុខសង្គម ទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងពិភពលោកទាំងមូល។
តាម របាយការណ៍របស់ក្រសួងមហាផ្ទៃក្នុងពេលថ្មីៗនេះ បានបង្ហាញឲ្យដឹងថា នៅក្នុងឆ្នាំ២០១២ នេះ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបទៅលើជនបរទេសជាច្រើន ដូចជា ករណីភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត ការចាប់ជំរិតមនុស្សទារប្រាក់តាមប្រព័ន្ធទូរស័ព្ទ Internet VOIP និងការលួចប្រាក់តាមប្រព័ន្ធធនាគារជាដើម៕