ភ្នំពេញៈ ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ឧបករណ៍​អនឡាញ​ ដើម្បី​ផ្សារភ្ជាប់​ពលរដ្ឋ​ និង​សេវាសាធារណៈ​ក្រុង​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ ដើម្បី​ឲ្យ​ពលរដ្ឋ​កាន់តែ​មាន​ភាពងាយស្រួល​ក្នុង​ការទទួល​បាន​សេវា​ពី​រដ្ឋ។

កម្មវិធី «ពិដោរ​អ្នកភូមិ​ឆ្លាត​វៃ» គឺជា​ឧបករណ៍​ឆ្លើយតប​សំឡេង​អន្តរកម្ម (IVR) ហើយ​ក៏​ជា​ឧបករណ៍​ជជែក​តាម​ហ្វេសប៊ុក (Facebook bed chatbot) ដែល​ផ្ដល់​ព័ត៌មាន​ដល់​ពលរដ្ឋ​កម្ពុជា​អំពី​សេវាសាធារណៈ​នៅ​ខេត្ត​កំពង់ឆ្នាំង​ទាំងមូល។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ USAID បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា ឧបករណ៍​នេះ​នឹង​ផ្សារភ្ជាប់​ពលរដ្ឋ​ទៅនឹង​សេវា​នានា​ដែល​ផ្ដល់​ដោយ​ការិយាល័យ​ច្រកចេញចូល​តែមួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ជា​ឧបករណ៍​ស្រដៀង​គ្នា ដែល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ខេត្ត​បាត់ដំបង​ក្នុង​ឆ្នាំ ២០២០ ។

សេចក្តី​ប្រកាស​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា «ឧបករណ៍​បច្ចេកវិទ្យា OW4C ធ្វើឱ្យ​ការទទួល​បាន​ព័ត៌មាន​មាន​លក្ខណៈសាមញ្ញ។ ពិដោរ អាច​ផ្តល់ព័ត៌មាន​ជូន​ពលរដ្ឋ​តាមរយៈ​កម្មវិធី​ជជែក​តាម​ហ្វេសប៊ុក (Facebook chatbot) ឬ​ការហៅ​ទូរស័ព្ទ»។

សេចក្តី​ប្រកាស​នេះ បានបញ្ជាក់​ពី​តួនាទី​របស់​កម្មវិធី​នេះ​យ៉ាង​ដូច្នេះ​ថា ១-ការទទួល​បាន​ព័ត៌មាន​ស្តីពី​ដំណើរការ​ដាក់ពាក្យ​ស្នើសុំ​លម្អិត​ពី​ឯកសារ​ដែល​ត្រូវការ​ថ្លៃ​សេវា និង​បទដ្ឋាន​រយៈពេល​នៃ​ការប្រគល់​ត្រឡប់​មកវិញ។ ២- ជា​យន្តការ​មាន​សុវត្ថិភាព​មួយ សម្រាប់​អ្នកប្រើប្រាស់​ក្នុង​ការផ្តល់​យោបល់​អំពី​គុណភាព​សេវាកម្ម​ដែល​ពួកគេ​បាន​ទទួល​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ។

លោកស្រី Veena Reddy នាយិកា​ទីភ្នាក់ងារ USAID ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា៖ «ការទទួល​បាន​ព័ត៌មាន​គួរឱ្យ​ទុកចិត្ត​អំពី​សេវា​ទាំងនេះ​បាន​ទាន់​ពេលវេលា​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​នឹង​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរ​ និង​មាន​គណនេយ្យភាព​ចំពោះ​លទ្ធផល​សេវាសាធារណៈ»។

ការដាក់ឱ្យ​ប្រើប្រាស់​ឧបករណ៍​របស់​គម្រោង OW4C នៅ​ខេត្ត​កំពង់ឆ្នាំង​គឺជា​ការកសាងឡើង​បន្ថែម​លើ​ជោគជ័យ​នៃ​គម្រោង​ដែល​បាន​បង្កើត​សមិទ្ធផល​ដ៏វិជ្ជមាន​នៅក្នុង​ខេត្ត​បាត់ដំបង កាលពី​ខែ​សីហា ឆ្នាំ ២០២០។ ការសាកល្បង​កម្មវិធី «ពិដោរ​អ្នកភូមិ​ឆ្លាត​វៃ »នៅ​ខេត្ត​បាត់ដំបង​មកទល់​ពេល​នេះ​មាន​ពលរដ្ឋ​ជាង ៤០០០ នាក់​បាន​ទទួល​ព័ត៌មាន​អំពី​សេវា​ជាង ៥ ៥០០ ដង។ នេះ​បើតាម​ការអះអាង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល។

លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​កត់សម្គាល់​ថា សមត្ថភាព​របស់​ពលរដ្ឋ​ក្នុង​ការទទួល​បាន​សេវា​សាធារណៈ​សំខាន់ៗ គឺជា​ផ្នែក​សំខាន់​មួយ​របស់​រដ្ឋាភិបាល​ដែល​បើកចំហ និង​មាន​គណនេយ្យភាព។

លោក​បាន​បញ្ជាក់ថា៖ «យើង​ចែករំលែក​គោលការណ៍ និង​គុណតម្លៃ​ទាំងនេះ ដែល​បង្កើត​ឱ្យ​មាន​ការជឿ​ទុកចិត្ត​រវាង​ពលរដ្ឋ និង​អាជ្ញាធរ។ ការជឿ​ទុកចិត្ត​នេះ​ក៏​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​សង្គម​ដែល​មាន​ផលិតភាព​ខ្ពស់ និង​រីកចម្រើន​ផង​ដែរ»៕