ភ្នំពេញៈ ទីភ្នាក់ងារ​ជំនួយ​អាមេរិក​ (USAID) ​និង​ក្រសួង​បរិស្ថាន​បាននិង​កំពុង​ផ្តោត​យ៉ាង​សំខាន់​លើ​ការថែរក្សា​ការពារ​ព្រៃឡង់​ក្នុង​យុទ្ធនាការ «​ការពារ​ព្រៃឡង់​តាមរយៈ​ការទាក់ទង​ផ្លាស់ប្តូរ​ឥរិយាបថ​សង្គម​» ក្រោម​គម្រោង​អនាគត​បៃតង​កម្ពុជា ដែល​បច្ចុប្បន្ន​ស្ថាប័ន​នេះ​កំពុង​ផ្តោត​ទៅ​លើ​តំបន់​ជីវចម្រុះ​ ២ គឺ​តំបន់​ទេសភាព​ព្រៃឡង់ និង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​។

ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ព្រៃឡង់​ដែល​មាន​ព្រះសង្ឃ និង​យុវជន​ព្រម​ទាំង​អ្នកពាក់ព័ន្ធ​ប្រមាណ​ ១០០ ​នាក់ ​ដឹកនាំ​ដោយ USAID និង​ក្រសួង​បរិស្ថាន​នៅ​ចុងខែ​មុន​ថ្មីៗ​នេះ លោកស្រី សេង សូទ្ធីរ៉ា តំណាង USAID ប្រចាំ​កម្ពុជា​ថ្លែង​ក្នុងពេលនោះ​ថា ទស្សនកិច្ច​នេះ​ធ្វើឡើង​តាមរយៈ​យុទ្ធនាការ​ «​ការពារ​ព្រៃឡង់​តាមរយៈ​ការទាក់ទង​ផ្លាស់ប្តូរ​ឥរិយាបថ​សង្គម​» ​ក្រោម​គម្រោង​អនាគត​បៃតង​កម្ពុជា​។

លោកស្រី​ថ្លែងថា​៖ «​រដ្ឋាភិបាល​អាមេរិក​បាន​ឲ្យ​តម្លៃ​យ៉ាងខ្លាំង​ទៅលើ​សារៈសំខាន់​នៃ​បរិស្ថាន ហើយ​យើង​បាន​ចាប់ដៃ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​ពលរដ្ឋ​អាមេរិក និង​ពលរដ្ឋ​កម្ពុជា​។ ក្នុង​អំឡុងពេល​ជាង​ ១ ​ទសវត្សរ៍​នេះ USAID បាន​ធ្វើការ​គាំទ្រ​កម្មវិធី​បរិស្ថាន​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុងពេល​បច្ចុប្បន្ន​នេះ យើង​បាន​ផ្ដោត​ទៅ​លើ​តំបន់​ជីវចម្រុះ​ចំនួន​ ២ គឺ​តំបន់​ទេសភាព​ព្រៃឡង់ និង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​»​។

កាលពី​ថ្ងៃទី​ ២៨-២៩ កញ្ញា USAID និង​ក្រសួង​បរិស្ថាន​បាន​ដឹកនាំ​ព្រះសង្ឃ និង​យុវជន​ព្រមទាំង​អ្នកពាក់ព័ន្ធ​ខាងលើ​ទៅ​ទស្សនកិច្ច​សិក្សា​នោះ​គឺ​ក្រុម​ប្រតិភូ​បាន​ទៅ​មើល​ការអនុវត្ដ​ថែរក្សា ការពារ​ព្រៃឡង់​ដោយ​ផ្ទាល់​របស់​មន្ដ្រី​ឧទ្យានុរក្ស​ក្នុង​ដែនជម្រក​សត្វព្រៃ ព្រៃឡង់ ភូមិសាស្ដ្រ កំពង់ធំ​។

បើ​តាម​លោកស្រី តំណាង​ USAID គឺ​កិច្ចប្រឹងប្រែង​នាពេល​កន្លងមក បាន​ចេញ​ជា​លទ្ធផល​ក្នុង​ការការពារ​ព្រៃឈើ ក៏ដូចជា សត្វ​ជិត​ផុត​ពូជ​សំខាន់ៗ​ដែល​មាន​វត្តមាន​នៅ​តំបន់​ព្រៃឡង់ និង​តំបន់​ទេសភាព​ទាំងនោះ​។ USAID បាន​ធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហគមន៍ ក្រសួង​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ទៀត ដើម្បី​ជួយ​ការពារ​បេតិកភណ្ឌ​ធម្មជាតិ​របស់​កម្ពុជា​។ ​ជា​លទ្ធផល​ឃើញ​​ថា ពលរដ្ឋ​បាន​ទទួល​នូវ​អត្ថប្រយោជន៍​ពី​គម្រោង​នេះ​ផងដែរ​។

លោកស្រី សេង សូទ្ធីរ៉ា ថ្លែង​ថា​៖ «​នៅពេល​ដែល​ប្រជាជន​កម្ពុជា​បាន​យល់ដឹង​ពី​ការគំរាមកំហែង​ជាទូទៅ​ដល់​ជីវចម្រុះ និង​ជីវភាព​របស់​ខ្លួន ពួកគាត់​នឹង​អាច​ចូលរួម​ប្រាស្រ័យ​ទាក់ទង​ជា​យុទ្ធសាស្ដ្រ​ជាមួយ​ប្រជាជន​កម្ពុជា​ផ្សេងទៀត និង​ជំរុញ​ឲ្យ​អ្នក​ទាំងនោះ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​របស់​ពួកគាត់​»​។

បើតាម​លោកស្រី​គម្រោង​អនាគត​បៃតង​កម្ពុជា​មាន​រយៈពេល​ ៥ ​ឆ្នាំ​ពី​ឆ្នាំ​ ២០១៩-២០២៤ គឺមាន​ទឹកប្រាក់​ ៥ ​លានដុល្លារ​អាមេរិក​។ គម្រោង​នេះ​មាន​គោលដៅ​ផ្ដល់​ភាពអង់អាច​ដល់​ប្រជាជន និង​សង្គម​ស៊ីវិល​កម្ពុជា​តាមរយៈ​ការផ្ដល់​ចំណេះដឹង និង​ជំនាញ​ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​ផ្អែកលើ​ភ័ស្ដុតាង ដើម្បី​ជំរុញ​ឲ្យ​មាន​សកម្មភាព វិជ្ជមាន​ក្នុង​ការគាំទ្រ​ដល់​ការអភិរក្ស​ជីវចម្រុះ ការការពារ​ព្រៃឈើ និង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ចីរភាព​។

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​លោក សៅ សុភាព ដែល​បាន​ចូលរួម​ក្នុង​ពេល​ចុះ​ទស្សនកិច្ច​ទៅ​តំបន់​ព្រៃឡង់​នេះដែរ​ថ្លែង​ថា ព្រៃឡង់​ទើបតែ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ កំណត់​ជា​ព្រៃ​ដែនជម្រក​សត្វព្រៃ​កាលពី​ខែ​ឧសភា ឆ្នាំ​ ២០១៦​។ កាលពី​មុន​ឆ្នាំ​ ២០១៦ ព្រៃឡង់​ដែល​ស្ថិត​ក្នុង​ខេត្ដ​ចំនួន​ ៤ គឺ កំពង់ធំ ក្រចេះ ព្រះវិហារ និង​ខេត្ដ​ស្ទឹងត្រែង គឺ​ស្ថិត​ក្រោម​សមត្ថកិច្ច​ការពារ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោក​ថ្លែងថា​៖ «​ក្រសួង​បរិស្ថាន និង USAID បាន​ធ្វើ​កិច្ចការងារ​ជាមួយ​គ្នា​ជាច្រើន​នាពេល​កន្លងមក​។ ប៉ុន្ដែ​កិច្ចការងារ​ថែរក្សា​ព្រៃឡង់​នេះ គឺ​ទាមទារ​ឲ្យ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ហើយ​ការចូលរួម​នោះ​ក៏​ត្រូវ​ឲ្យ​មាន​ស្មារតី​ស្ថាបនា មិនមែន​ជា​ការចូលរួម​ប៉ែង​ជើង​គ្នា​ធ្វើឲ្យ​មាន​លទ្ធផល​អវិជ្ជមាន​នោះទេ​»​។

លោក សរ យ៉ាំ តំណាង​សហគមន៍​ព្រៃឡង់​ក្បាល​អូរប្រញាក​ស្ថិត​ក្នុង​ភូមិ​ជាំស្វាយ ឃុំ​មានរិទ្ធ ស្រុក​សណ្ដាន់ ខេត្ដ​កំពង់ធំ​ឲ្យ​ដឹងថា បច្ចុប្បន្ន​សកម្មភាព​កាប់​ព្រៃឈើ​ក្នុង​ភូមិសាស្ដ្រ ដែន​ជម្រក​សត្វព្រៃឡង់​ខេត្ដ​កំពង់ធំ​មាន​ភាពស្ងប់ស្ងាត់ មិន​មាន​ការកាប់​ព្រៃ​ជា​លក្ខណៈ​គ្រួសារ ឬ កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​ដូច​កាលពី​មុន​ទេ​។ លោក​ថ្លែងថា ប្រជាពលរដ្ឋ​សហគមន៍​មាន​ការរំភើប​ដោយ​បាន​ឃើញ​ប្រជាពលរដ្ឋ​មកពី​មជ្ឈដ្ឋាន​ផ្សេង​រួមគ្នា​ការពារ​ព្រៃឡង់​បែប​នេះ​។

លោក​ថ្លែងថា​៖ «​សហគមន៍​ពួកយើង​មាន​គ្នា​ជាង​ ១០០ ​នាក់​ បាន​ចូលរួម​ការពារ​ព្រៃឡង់​តាមរយៈ​ការដើរល្បាត និង​ប្រមូល​ព័ត៌មាន​អំពី​បទល្មើស​ព្រៃឈើ​ទៅ​មន្ដ្រី​ឧទ្យានុរក្ស​។ យើង​ចង់​ឲ្យ​អង្គការ និង​ក្រសួង ឧបត្ថម្ភ​ក្នុង​ការអនុវត្ដ​ការងារ​របស់​សហគមន៍​ដែល​កំពុង​ជួយ​ការងារ​ការពារ​បរិស្ថាន​រាល់ថ្ងៃ​នេះ​»​។

ព្រះតេជព្រះគុណ គូ សុភាព គង់នៅ​វត្ត​គល់ទទឹង និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ការអភិវឌ្ឍ​គុណធម៌ ចរិយាវិទ្យា ភាព​ជា​អ្នកដឹកនាំ​ព្រះពុទ្ធសាសនា និង​ចិត្តវិទ្យា​នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​ដែល​បាន​ដឹកនាំ​ព្រះសង្ឃ​ជាង​ ១០ ​អង្គ​ចូលរួម​ទស្សនកិច្ច​ផ្ទាល់​នៅ​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​ជា​លើកដំបូង​មាន​សង្ឃដីកា​ថា ក្នុង​នាម​ព្រះសង្ឃ​ពិតជា​មាន​ការរីករាយ ដោយ​ឃើញ​ក្រសួង​បរិស្ថាន​សហការ​ជាមួយ USAID ដឹកនាំ​យុវជន​មក​ការពារ​ព្រៃឡង់​ដែល​នៅ​សេសសល់​នេះ​។

ព្រះអង្គ​បន្តថា​៖ «​កាលណា​មានព្រៃ​ច្រើន​ទៅ​យើង​មិនសូវ​ក្ដៅ​។ កាលពី​សម័យ​ពុទ្ធកាល ព្រះពុទ្ធ​ក៏​ប្រសូត​នៅក្នុង​ព្រៃ ត្រាស់ដឹង​ក៏​នៅក្នុង​ព្រៃ បរិនិព្វាន​ក៏​នៅក្នុង​ព្រៃ ហើយ​នៅពេល​ដែល​ព្រះពុទ្ធ​ណែនាំ​ភិក្ខុសង្ឃ ក៏​តែងតែ​ណែនាំ​នៅក្នុង​ព្រៃ​ដែរ ព្រោះ​ព្រៃឈើ​គឺជា​ធម្មជាតិ​មួយ​ធ្វើឲ្យ​សារពាង្គកាយ​ស្រស់បំព្រង និង​ជួយ​ឲ្យ​ចិត្ដ​ស្ងប់​ល្អ​» ។

យុវតី វត្ថិ ថៃ ជា​និស្សិត​ឆ្នាំ​ទី​ ៣ សិក្សា​ជំនាញ Global Entrepreneurship និង Innovation នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​បង្ហាញ​ការរីករាយ​ព្រោះ​បាន​ចូលរួម​ដើរ​ទស្សនកិច្ច និង​ឃើញ​ព្រៃឡង់​ដោយផ្ទាល់​លើកដំបូង​។ នាង​និយាយថា ក្រោយ​បញ្ចប់​ទស្សនកិច្ច​លើក​នេះ​ពួកនាង​នឹង​បង្កើត​កម្មវិធី​ទស្សនកិច្ច​សិក្សា​ផ្សេងៗ​ទៀត ដើម្បី​នាំ​ក្រុមនិស្សិត ចុះមក​ទស្សនកិច្ច​នៅ​តំបន់​ព្រៃឡង់​ចូលរួម សកម្មភាព​ការពារ​ព្រៃឡង់​។

យុវតី​រូបនេះ​ថា​៖ «​តាមរយៈ​ទស្សនកិច្ច​នេះ យើង​បាន​បោះតង់​សម្រាក​នៅក្បែរ​ព្រៃឡង់ ទោះបី​ជា​មាន​ភ្លៀង​ធ្លាក់​ច្រើន​បន្តិច ប៉ុន្ដែ​ពួកយើង​មាន​អារម្មណ៍​រីករាយ​ចំពោះ​ទស្សនកិច្ច​នេះ​។ យើង​ចង់​ឲ្យ​ក្រសួង ក៏ដូចជា​អង្គការ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ និង​ច្បាស់លាស់​ពី​តំបន់​ព្រៃឡង់ និង​បង្កើត​ឱកាស​ផ្សេង​ឲ្យ​ក្រុមនិស្សិត និង​យុវជន​អាច​ចូល​មក​ទស្សនកិច្ច​បាន​នាពេល​ខាងមុខ​»៕