ភ្នំពេញៈ ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរ​ជាតិ​ (USA​ID) ​​បាន​បង្ហាញ​ពី​សកម្ម​ភាព​ជួយ​ជន​រងគ្រោះ​ដោយ​ការ​ជួញ​ដូរ​មនុស្ស​ ប៉ុន្តែ​បាន​កត់​សម្គាល់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​មិន​ទាន់​បាន​បំពេញ​តាម​កម្រិត​ស្ដង់ដារ​អប្ប​បរមា ​ខណៈ​​មនុស្ស​ប្រមាណ​ ១៤៨២ ​នាក់​បាន​ទទួល​​​ប្រយោជន៍​ពី​គម្រោង​នេះ។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ USAID បង្ហោះ​លើ​ Twitter​ កាលពី​សប្ដាហ៍​មុន​។​

បើ​តាម​ប្រកាស​ កម្ម​វិធី​គម្រោង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា (Cambodia Countering Trafficking-in-Persons Program) ​គាំទ្រ​ថវិកា​ពី​ USAID ដែល​អនុវត្ត​ដោយ​អង្គការ​Winrock International បាន​បង្ហាញ​ថា​ ចាប់​តាំង​ពី​ខែ​កញ្ញា​ ២០១៥ ​ដល់​ខែ​កញ្ញា ២០១៨​ មាន​ជន​រងគ្រោះ​ពី​ការ​ជួញដូរ​ ប្រមាណ​ ១៤៨២ ​នាក់​ ត្រូវ​បាន​ជួយ​សង្គ្រោះ និង​ជួយ​សម្រួល​ការ​រស់​នៅ​របស់​គាត់​។

ក្រៅ​ពី​នោះ​ក៏​បាន​បណ្ដុះ​បណ្តាល​​អ្នក​ផ្តល់​សេវា​ដើម្បី​ជួយ​ជន​រង​គ្រោះ​បាន​ចំនួន ៣៣០៦ នាក់ ​តាម​រយៈ​ស្ថា​ប័ន​ផ្តល់​សេវា​ផង​ដែរ​។​ ជា​មួយ​គ្នា​នេះ​ គម្រោង​ដដែល​បាន​ជួយ​គាំទ្រ​ដល់​អ្នក​ងាយ​រង​គ្រោះ​ប្រមាណ​ ៥២១៥ ​នាក់​បញ្ចៀស​ពី​ការ​ធ្វើ​ចំណាក​ស្រុក​បែប​ប្រថុយ​ប្រថាន ​និង​បាន​ជួយ​ទ្រទ្រង់​ជីវភាព​ដោយ​បង្រៀន​ជំនាញ​ដល់​ពួក​គាត់​ព្រម​ទាំង​បាន​កៀរគរ​ពលរដ្ឋ​ងាយ​រងគ្រោះ ឲ្យ​​អភិវឌ្ឍ​ជីវភាព​របស់​ពួក​គេ​តាម​រយៈ​ការ​បង្កើត​ក្រុម​សន្សំ​លុយ​បាន​ប្រមាណ​ ២២៧​ ក្រុម។

លោក ​អៀង ប៊ុន​ថន អ្នក​ចាត់​ការ​ផ្នែក​ទំនាក់​ទំនង​នៅ Winrock International​ បាន​បញ្ជាក់​ក្នុង​ប្រកាស​នោះ​ថា៖ «យើង​បាន​ផ្តល់​ប្រឹក្សា​ផ្លូវ​ចិត្ត​ យើង​បាន​ឲ្យ​គាត់​បាន​រៀន​ជំនាញ​ ឧទាហរណ៍​ គាត់​រៀន​ជំនាញ​ជាង​ម៉ូតូ​ អ៊ីចឹង​ពេល​​រៀន​ចប់​យើង​បើក​ហាង​ និង​ទិញ​សម្ភារ​ជូន​គាត់»​។​

លោក​បាន​បន្ដ​ថា​ ​តាម​រយៈ​គម្រោង​នេះ​ ក៏​បាន​ធ្វើ​ការ​ជា​មួយ​អង្គការ​ដៃ​គូ​ដើម្បី​ផ្តល់​ការ​គាំទ្រ​ផ្នែក​ផ្លូវ​ច្បាប់​ដើម្បី​ជួយ​ជន​រង​គ្រោះ​ផង​ដែរ​ ក្នុង​នោះ​មាន​ជន​ល្មើស​ ៤២​ នាក់​ត្រូវ​បាន​កាត់​ទោស​។ រី​ឯ​ជន​រងគ្រោះ​ ១០៨ ​នាក់​ត្រូវ​បាន​ជួយ​ឲ្យ​ទទួល​បាន​សំណង​ជំងឺ​ចិត្ត​ និង​សម្រួល​ឲ្យ​ជន​អន្តោ​ប្រវេសន៍​ដែល​រង​ការ​កេង​ប្រវ័ញ្ច​បាន​ប្រមាណ​ ២៣៤ ​នាក់​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ។

លោក​ អៀង ប៊ុន​ថន បញ្ជាក់​ថា៖ «​ឧទាហរណ៍​ពេល​ដែល​កម្មករ​គាត់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​កេង​ប្រវ័ញ្ច​ជួញ​ដូរ​ យើង​បាន​ផ្តល់​ប្រឹក្សា​ផ្លូវ​ច្បាប់​ដើម្បី​ឲ្យ​គាត់​បាន​សំណង​ជំងឺ​ចិត្ត...យើង​បាន​ចេញ​សំបុត្រ​យន្ត​ហោះ​ឲ្យ​គាត់​ហើយ​បាន​ជួយ​សម្រប​សម្រួល​ដូច​ជា ​ឯក​សារ​ជា​ដើម»​។​

យោង​តាម​របាយ​ការណ៍​ជួញ​ដូរ​មនុស្ស​របស់​​អាមេរិក​ក្នុង​ឆ្នាំ​នេះ ដែល​បាន​ផ្សព្វ​ផ្សាយ​កាល​ពី​ខែ​មិថុនា​​បង្ហាញ​​ថា ​រដ្ឋាភិបាល​កម្ពុជា​ នៅ​មិន​ទាន់​បាន​បំពេញ​តាម​ស្តង់​ដារ​អប្បបរមា​ក្នុង​ការ​កាត់​បន្ថយ​អំពើ​ជួញ​ដូរ​មនុស្ស​ទេ ​ប៉ុន្តែ​បាន​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​​កាត់​បន្ថយ​អំពើ​នេះ។

របាយ​ការណ៍​ បញ្ជាក់​ថា៖​ «រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ច្រើន​ជាង​មុន​បើ​ប្រៀប​ធៀប​ឆ្នាំ​មុន។​រដ្ឋាភិបាល​កម្ពុជា​បាន​បន្ថែម​ការ​ប្រឹង​ប្រែង​ក្នុង​ការ​កាត់​ទោស​ជន​ល្មើស​ជួញ​ដូរ​មនុស្ស…​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​ជួញ​ដូរ​នៅ​បរទេស​​ឲ្យ​វិល​មក​កម្ពុជា​វិញ​​ ហើយ​បន្ថែម​ការ​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​ពី​ការ​កេង​ប្រវ័ញ្ច​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​​ក្នុង​វិស័យ​ទេស​ចរណ៍​ និង​បដិ​សណ្ឋារ​កិច្ច» ​៕