ភ្នំពេញៈ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ USAID ផ្តល់​ទឹកប្រាក់​ជាង ១ លាន​ដុល្លា​រ ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ ធ្វើការ​លើកកម្ពស់​សិទ្ធិ​ស្ត្រី ដើម្បី​ជំរុញ​ការចូលរួម និង​ធ្វើ​សេចក្តីសម្រេចចិត្តក្នុង​ភាពជា​តំណាង​ស្ត្រី ក្នុង​វិស័យ​នយោបាយ លើ​គម្រោង «រួមគ្នា​ដើម្បី​គាំទ្រ​ស្ត្រី» ដែល​មាន​រយៈពេល​ជិត ៣ ឆ្នាំ។

លោក ប្រ៊ូ​ស ខេ​យ Bruce Kay តំណាង​ USAID ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​គម្រោង កាលពី​ម្សិលមិញ​ថា គម្រោង​នេះមាន​គោលដៅ​ផ្សារភ្ជាប់​សហគមន៍ និង​សង្គម​ស៊ីវិល ​ទៅនឹង​រដ្ឋាភិបាល​ តាមរយៈ​ការបង្កើត​ការ​ចូល​រួម និង​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី ក្នុង​នោះ​ប្រជាពលរដ្ឋ​ជិត ២ សែន​នាក់ ជាពិសេស​ស្ត្រី ដែល​គេ​រំពឹង​ថា នឹង​ទទួល​បាន​ផល​ពី​ការ​អនុវត្ត​គម្រោង​នេះ។

លោក ខេ​យ បន្តថា ការជំរុញ​ឲ្យ​មានការ​ទទួលយក​កង្វល់​របស់​ស្ត្រី យក​មក​ពិចារណា និង​ដាក់​ក្នុង​គោល​នយោបាយ គឺមាន​សារៈសំខាន់​​ណាស់ ដើម្បី​ធ្វើ​ឲ្យ​ស្ត្រី ក្លាយជា​ផ្នែក​មួយក្នុងការ​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស។

លោក​បញ្ជាក់ថា៖ «ការ​ដែល​យើង​វិនិយោគ​លើ​ស្ត្រី ឲ្យ​ស្ត្រី​បាន​ចូលរួម​បន្ថែម​ទៀត វា​អាចជួយ​ឲ្យ​ស្ត្រី​ មាន​ឱកាស​​ចូលរួម​ក្នុង​រយៈពេល​យូរ និង​មានការ​អភិវឌ្ឍព្រោះ​ការ​ចូ​ល​រួម​របស់​ស្ត្រី ក្នុង​វិស័យ​សាធារណៈ គឺ​មាន​​សារៈសំខាន់​ណាស់ ហើយ​ជាការ​វិនិយោគ​ដ៏​ពេញ​លេញ ដែល​សង្គម​គួរតែ​ធ្វើ។ វា​អាច​ផ្លាស់ប្តូរ និង​ជំរុញ​ឲ្យ​ស្រ្តី ហ៊ាន​ចូលរួម និង​ហ៊ាន​ធ្វើ​នូវ​អ្វីដែល​ពួកគេ​ចង់បានខណៈ​កន្លងទៅ​ការ​ព្រួ​យ​​បារម្ភ​របស់​ស្ត្រីមិនត្រូវ​បាន​ដាក់​​បញ្ចូ​ល​​ក្នុង​គោល​នយោបាយ​នោះ​ទេ»។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ USAID គម្រោង​ដែលមាន​ថវិកា​ប្រមាណ ១ ០៧២ ០០០ ដុល្លារ នេះ គឺ​មាន​រយៈ​ពេល ២ ឆ្នាំ ៩ ខែ បាន​ចាប់​ដំណើរការ​កាលពី​ខែ​វិច្ឆិកា ឆ្នាំមុន ហើយ​នឹង​បញ្ចប់​នៅខែកក្ក​ដា ឆ្នាំ ២០២១ ខាង​មុខក្នុងនោះ​មាន​អង្គ​ការ​សង្គម​ស៊ីវិល​ចំនួន ៤ ដែល​បាន​ចូលរួម​អនុវត្ត​គម្រោង​នេះ​​នៅ​ក្នុង​​ខេត្ត​ចំនួន ៦ មាន​ខេត្ត​មណ្ឌលគិរី បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និង​ខេត្ត​កំពត។

លោក​ស្រី រស់ សុភាព នាយិកា​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GADC) ជា​ផ្នែក​មួយ​នៃ​គម្រោង​លើ​ក​កម្ពស់​ស្ត្រី បាន​និយាយ​ថា បើទោះជា​បច្ចុប្បន្ន មានការទទួលស្គាល់ និង​ការ​យល់​ដឹង​​ពី​សិទ្ធិ​ស្ត្រី​មាន​ភាព​ល្អប្រសើរ​យ៉ាងណា​ក្តី ក៏​បញ្ហា និង​កង្វល់​របស់​ស្ត្រី​ភាគច្រើន រួមទាំង​ស្ត្រី​ខ្លួនឯង​ផ្ទាល់ នៅតែ​ប្រឈម​នឹង​ការ​រើស​អើង រួម​ទាំង​ការ​រំលោភ​បំពាន។

លោកស្រី​បន្តថា៖ «ជួនកាល​ទៅ ​អាជ្ញាធរ​គាត់​បានធ្វើការ​ទៅលើ​ផែនការ​របស់គាត់ ប៉ុន្តែ​ពួក​គាត់មិន​បាន​ផ្តល់​ឱកាស​ក្នុងការ​ទទួល​យក ឬ​ស្តាប់​ពី​ប្រជាពលរដ្ឋ​ត្រូវការ​អ្វី ជា​ពិសេ​ស​ស្ត្រី។ អ៊ឹ​ចឹ​ង​ក្នុង​កម្មវិធី​នេះនឹង​បង្កើន​ការ​យល់​ដឹង​របស់​ស្ត្រីឲ្យ​ពួក​គាត់​បាន​យល់​ពីគ្នា និង​ធ្វើការ​ជាមួយ​គ្នា»។

លោកស្រី រស់ សុភាព មើល​ឃើ​ញ​ថា ការលើកកម្ពស់​សិទ្ធិ​ស្ត្រី និង​សមភាព​យេនឌ័រ​នៅ​ថ្នាក់មូលដ្ឋាន​របស់​រដ្ឋា​ភិ​បាល ហាក់​នៅមាន​កម្រិត​នៅឡើយ ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​បន្ថែម​ទៀត ដើម្បី​លុបបំបាត់​បញ្ហា​ប្រឈម​កើត​ចេញពី​បទដ្ឋាន​សង្គម ឥរិយាប​ថ និង​អាក​ប្បកិរិយា​ដែល​រឹត​ត្បិត​ទៅ​លើ​ស្ត្រី។

លោក ​ខោល យុទ្ធ​លី អនុ​ប្រធាន​អង្គភាព​វិភាគ និង​អភិវឌ្ឍន៍​គោល​នយោ​បាយ​នៃ​លេខាធិការដ្ឋាន គណៈ​កម្មាធិការ​​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (គ ជ អ ប) បាន​ថ្លែង​ថា កន្លង​ទៅរដ្ឋាភិបាល បានធ្វើ​កិច្ចការ​​ងារ​នេះ​ច្រើន ក្នុងការ​លើ​ក​កម្ពស់ និង​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី ដោយ​ផ្តោត​លើ​​ការងារ​មួយ​ចំនួន។

លោក​បន្តថា​៖ «គោលការណ៍​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី គឺ​មាន​រយៈពេល ១០ ឆ្នាំ ដែល​ធ្វើជា​ដំណាក់​កាលៗ​ និង​បន្ត​បន្ទាប់ ដើម្បី​លើ​កកម្ពស់ និង​បញ្ជ្រាប​ពី​ការ​យល់​ដឹង​របស់​ស្ត្រី ក្នុង​នោះទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន»។

ចំណែក​លោកស្រី ចេង ជិន​ណេ​ត ប្រធាន​នាយកដ្ឋាន​សមភាព​យេនឌ័រ ​នៃ​ក្រសួង​កិច្ចការនារី បាន​អះអាង​ដែរ​ថា រដ្ឋាភិបាល​បាន​ចូលរួម​យ៉ាង​សកម្ម​ដើម្បី​ជំរុញ​ និង​ការ​លើក​កម្ពស់​ដល់​ស្ត្រីនៅ​ថ្នាក់​មូលដ្ឋាន ហើយ​ការងារ​ទាំងនេះ គឺ​ចាំបាច់​ណាស់ ត្រូវការ​ការ​ចូល​រួម​ពី​ភាគី​ពាក់ព័ន្ធ។

ដូច្នេះ​លោកស្រីយល់​ថា៖ «ការចូលរួម​របស់​ស​ង្គ​ម​​ស៊ីវិលគឺ​មិនអាច​ខ្វះ​បានដូច​លទ្ធផ​ល​​រំពឹង​ទុក​ពី​គម្រោង រួមគ្នា​ដើម្បី​គាំទ្រ​ស្ត្រី ៣ ធំៗនេះ គឺមាន​សារៈសំខាន់​ណាស់ ហើយ​មួយ​ក្នុងចំណោម​នេះ គឺ​ការ​ជំរុញ​ភាពជា​អ្នក​ដឹក​នាំ​ជា​ស្ត្រី ទោះ​តិច​ឬ​ច្រើន គឺ​បាន​ចូល​រួម​លើក​កម្ពស់​សមភាព​យេនឌ័រ​ហ្នឹង»៕