ភ្នំពេញៈ វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) បានកំពុងធ្វើទំនាក់ទំនងជាមួយវិទ្យុក្នុងស្រុក ២ ដើម្បីពិភាក្សាលើនីតិវិធីជួលម៉ោងផ្សាយឡើងវិញ ក្រោយពីទទួលបានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងព័ត៌មាននាពេលថ្មីៗកន្លងមកនេះ។ យោងតាមប្រភពពីវិទ្យុសំបុកឃ្មុំ និងវិទ្យុ ១០២។
លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ FM ១០៥ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ខាងតំណាងវិទ្យុ VOA បានណាត់ជួបដើម្បីពិភាក្សាគ្នាអំពីការជួលម៉ោងផ្សាយព័ត៌មានរបស់វិទ្យុ VOA ឡើងវិញ។
លោក សូណង់ដូ ថ្លែងថា៖ «ខាងវីអូអេទំនាក់ទំនងមកខ្ញុំដែរ ហើយទាល់តែវីអូអេមកជួបខ្ញុំ និងជួលវិទ្យុខ្ញុំ ទើបខ្ញុំអាចទាក់ទងទៅឯកឧត្តម ខៀវ កាញារីទ្ធ។ ឥឡូវហ្នឹងណាត់គ្នាជួបហើយគឺក្នុងថ្ងៃ ១០ ទៅថ្ងៃ ១៥ ខែ ១២ ហ្នឹង»។
«បន្ទាប់ពីការជួបពិភាក្សាគ្នានាពេលខាងមុខនេះហើយ ទើបខ្ញុំអាចរៀបចំបែបបទឯកសារដើម្បីស្នើសុំទៅក្រសួងព័ត៌មានបាន»។
ជាមួយគ្នានេះដែរលោកស្រី ស៊ុន ដាណែត នាយិកាវិទ្យុ FM ១០២ បានឲ្យដឹងដូចគ្នាថា ខាងតំណាងវិទ្យុ VOA មានគម្រោងជួបគ្នាដែរ ដើម្បីពិភាក្សាជ្រើសរើសយកម៉ោងណាខ្លះដើម្បីផ្សាយព័ត៌មានរបស់គេ។
លោកស្រីបានឲ្យដឹងថា វិទ្យុ ១០២ ធ្លាប់ផ្សាយកម្មវិធីព័ត៌មានរបស់ VOA ១ ថ្ងៃមាន ១ ម៉ោងកន្លះ មុនពេលដែលវិទ្យុនេះត្រូវបានហាមឃាត់។
លោកស្រី ដាណែត ថ្លែងថា៖ «គាត់ (VOA) ចង់យកម៉ោងណា អ៊ីចឹងទាល់តែយើងជួបគ្នាសិន»។
លោកស្រី Bridget Ann Serchak នាយិកាផ្នែកទំនាក់ទំនងសាធារណៈនៃសម្លេងសហរដ្ឋអាមេរិក (VOA) កាលពីម្សិលមិញមិនបានឆ្លើយ អ៊ីមែលនៅឡើយទេ ជុំវិញការផ្សាយនេះ។
កាលពីថ្ងៃទី ១៥ វិច្ឆិកា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសម្រេចឱ្យវិទ្យុសម្លេងសហរដ្ឋអាមេរិកអាចជួលម៉ោងផ្សាយព័ត៌មានបន្តតាមរយៈវិទ្យុក្នុងស្រុកទាំង ២ នេះឡើងវិញ។ ការសម្រេចនេះគឺធ្វើឡើងក្រោយពីជំនួបរវាងលោក ខៀវ កាញារីទ្ធ និងលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
Murphy បានអះអាងថា នោះគឺដើម្បីចង់ឱ្យសហរដ្ឋអាមេរិក និងកម្ពុជាអាចធ្វើការជាមួយគ្នាក្នុងការស្ដារវិស័យសារព័ត៌មាននៅកម្ពុជាឱ្យមានសេរីភាពពេញលេញ។
លោក មាស សុភ័ណ្ឌ មន្ត្រីនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ដែរថា មូលហេតុដែលក្រសួងអនុញ្ញាតឱ្យវិទ្យុសម្លេងសហរដ្ឋអាមេរិកអាចជួលម៉ោងផ្សាយបន្តនូវវិទ្យុសំបុកឃ្មុំ និងវិទ្យុស្ដ្រីនៅពេលនេះ គឺដោយសារវិទ្យុបរទេសនេះបានបំពេញលក្ខខណ្ឌស្របតាមច្បាប់ពេញលេញឡើងវិញ ដូចជាការចុះបញ្ជីការិយាល័យតំណាងស្របច្បាប់នៅទីក្រុងភ្នំពេញ និងក្រសួងបានទទួលស្គាល់កាលពីខែមិថុនា។
លោក សុភ័ណ្ឌ ថ្លែងបន្តថានីតិវិធីបន្ត គឺវិទ្យុ VOA ត្រូវបំពេញបែបបទទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ហើយស្នើសុំមកក្រសួងព័ត៌មាន ដើម្បីទទួលបានការអនុញ្ញាតជួលម៉ោងផ្សាយពីវិទ្យុក្នុងស្រុក។ ប៉ុន្តែមន្ត្រីអ្នកនាំពាក្យរូបនេះអះអាងថា ដោយឡែកសម្រាប់វិទ្យុអាស៊ីសេរីគឺក្រសួងមិនអនុញ្ញាតឡើយ ដោយសារវិទ្យុនេះបានប្រើប្រាស់ពាក្យមិនសមរម្យមួយចំនួនចំពោះរដ្ឋាភិបាលដូចជាពាក្យ «របបក្រុងភ្នំពេញ» ជាដើម។
លោកបន្ថែមថា ក្រសួងនឹងពិចារណាឡើងវិញ ប្រសិនបើវិទ្យុអាស៊ីសេរីអាចផ្លាស់ប្ដូរឥរិយាបថ និងចង់ទទួលបានភាពស្របច្បាប់ដូចវិទ្យុ VOA។
លោក សុភ័ណ្ឌ ថ្លែងថា៖ «ខាងក្រសួងនឹងពិនិត្យមើលឥរិយាបថរបស់វិទ្យុហ្នឹង ហើយលក្ខខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលវិទ្យុអាស៊ីសេរីត្រូវបំពេញកាតព្វកិច្ច»។
លោក មឿន ឈានណារិទ្ធិ សាស្ដ្រាចារ្យសារព័ត៌មានបានថ្លែងថា កន្លងមកស្ថាប័នសារព័ត៌មានមួយចំនួនដែលត្រូវបានបិទឈប់ដំណើរការនៅកម្ពុជាគឺដោយសារទទួលរងគ្រោះថ្មបាក់ដែលបង្កឡើងពីការប្រែប្រួលស្ថានភាពនយោបាយដែលមានភាពអាប់អួរ។
លោកថា៖ «ប្រសិនបើអាចផ្សព្វផ្សាយព័ត៌មានបានកាន់តែពេញលេញ ដែលតំណាងឱ្យសំឡេងទាំងអស់ហ្នឹង ទាំងនៅក្នុងសហគមន៍ និងប្រទេស វាគឺជាការល្អ ហើយក៏ជាសញ្ញាមួយលូតលាស់ឡើងវិញនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស កម្ពុជា»៕