ភ្នំពេញៈ មន្ដ្រីជាន់ខ្ពស់​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សកល (US Agency for Global Media) បាន​អះអាង​កាល​ពី​ថ្ងៃ​សុក្រ​ថា​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) គ្រោង​បើក​ការិយាល័យ​ផ្លូវការ​នៅ​កម្ពុជា​ឡើង​វិញ​ដើម្បី​ដំណើរ​ការ​ផ្សាយ​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​ថែម​ទៀត។ នេះ​បើតាម​មន្ត្រី​នាំពាក្យ​ក្រសួង​ព័ត៌មាន​កាល​ពី​ម្សិលមិញ។

លោក មាស សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​ដំណើរ​ទស្សនកិច្ច ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​នៃ​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​ក៏​ដូចជា​នៅ​ទូទាំង​អាស៊ី​អាគ្នេយ៍ លោក Mehmood Kazmi ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៃ US Agency for Global Mediaនិង លោក Chris Decherd ប្រធាន​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ខេមរ​ភាសា​កាលពី​ថ្ងៃ​ទី ២២ ខែ ​មីនា ឆ្នាំ ២០១៩ បាន​ចូល​ជួប​ពិភាក្សា​កិច្ចការ​មួយ​ចំនួន​ជាមួយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន។

លោក សុ​ភ័​ណ្ឌ បាន​បន្តថា ក្នុងជំនួប​នោះ លោក Mehmood Kazmi បានស្នើ​សុំ​ឲ្យ​ក្រសួង​ព័ត៌មាន​បន្ត​ជួយ​អន្តរាគមន៍​ដល់​គម្រោង​បើក​ដំណើរការ​ការិយាល័យ​វិទ្យុ VOA ផ្លូវការ​នៅ​កម្ពុជា​ឡើង​វិញ​ជាមួយ​នឹង​ការ​សរសើរ​ពី​វឌ្ឍនភាព​នៃ​វិស័យ​នេះ​ក្នុង​ពេល​បច្ចុប្បន្ន។

លោក​បាន​ថ្លែង​ដោយ​លើកយកសម្ដី​ផ្ទាល់​របស់លោក Mehmood Kazmi មក​បញ្ជាក់​ថា៖ «យើង​ពិត​ជា​រីករាយ​និង​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​វឌ្ឍនភាព​លើ​វិស័យ​សារ​ព័ត៌មាន​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ យើង​សុំ​ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន (កម្ពុជា) បន្ត​ជួយ​គាំទ្រ​ដល់​យើង​ក្នុង​ការ​បើក​ដំណើរការ​ការិយាល័យ​វិទ្យុ VOA ឡើង​វិញ​នៅ​កម្ពុជា»។

កាលពីដើមឆ្នាំ ២០១៨ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានស្នើ​សុំឱ្យ​ក្រសួង​ព័ត៌មាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​វិទ្យុ VOA ដោយ​ចោទ​វិទ្យុ​នេះ​ថា មិន​បាន​ចុះ​បញ្ជី​ពន្ធ និង​ប្រតិបត្តិការ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ។​ប៉ុន្មាន​ខែ​បន្ទាប់​មក​វិទ្យុ​នេះ​បាន​សម្រេច​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​និង​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា រឹតត្បិត​សេរីភាព​សារ​ព័ត៌មាន ប៉ុន្តែ​ត្រូវ​បាន​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ច្រាន​ចោល​ដោយ​ហៅ​ការ​រិះគន់​នោះ​ថា​គ្មាន​មូលដ្ឋាន។

ទោះជា​បែបណា​ក្ដី លោក Mehmood Kazmi បាន​បញ្ជាក់ថា៖ «នៅ​ពេល​នេះ VOA បាន​និង​កំពុង​ធ្វើ​កិច្ចការ​នេះ​ជាមួយ ខាង​អគ្គ​នាយកដ្ឋាន​ពន្ធដារ»។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បាន​ស្វាគមន៍​ចំពោះ​គោល​បំណង​របស់​លោក Mehmood Kazmi ដែល​ចង់​បើក​ការិយាល័យ​វិទ្យុ VOA នៅ​កម្ពុជា​ឡើង​វិញ​ដោយ​លោក​បាន​ចាត់​ទុក​ការ​វិល​ត្រឡប់​មក​ជាថ្មី​ម្តង​ទៀត​របស់ VOA មក​កម្ពុជា គឺ «ជាការ​ល្អ​ប្រសើរ»។

ទន្ទឹមនឹងនេះ លោក កាញារីទ្ធ បាន​ថ្លែងថា ក្នុង​រយៈពេល​កន្លងមក​នេះ ក្រសួង​ព័ត៌មាន តែង​តែ​បាន​ជួយ​សម្រួល​និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ភ្នាក់ងារ​សារ​ព័ត៌មាន​បរទេស​ទាំង​អស់​ក្នុង​នោះ​ក៏មាន​ទីភ្នាក់ងារ​វិទ្យុ VOA ផង​ដែរ​ក្នុង​ការ​ចុះ​ប្រមូល​ព័ត៌មាន ដែល​បាន​កើត​មាន​នៅ​កម្ពុជា។

យ៉ាងណាក្ដី លោក ខៀវ កាញារីទ្ធ បាន​បញ្ជាក់ថា៖ «ប៉ុន្តែ​ទាក់ទង​នឹង​បញ្ហា​ពន្ធដារ​ជាមួយ​នឹង​វិទ្យុ VOA គឺជា​រឿង​ផ្សេង​ដាច់​ដោយ​ឡែក​ពី​ក្រសួង​ព័ត៌មាន»៕