ភ្នំពេញៈ ធនាគារ​ពិភពលោក​បាន​អនុម័ត​ផ្តល់ជំនួយ​ចំនួន ២ ​កញ្ចប់​មាន​ទឹកប្រាក់​ប្រមាណ ៧,៦៧ លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​គណនេយ្យភាព​សង្គម​នៅតាម​ផ្នែក​សេវាសាធារណៈ​សំខាន់ៗ​មួយ​ចំនួន​មាន​ដូចជា មណ្ឌល​សុខភាព សាលាបឋមសិក្សា និង​រដ្ឋបាល​មូលដ្ឋាន​ក្នុង​ខេត្ត​ចំនួន​ ១០ ​នៃ​ប្រទេស​កម្ពុជា​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ WB ចេញ​កាលពី​ថ្ងៃទី​ ២០ ខែ​មីនា​ឲ្យ​ដឹងថា បើទោះ​ជា​មាន​ការកែលម្អ​បាន​ប្រសើរ​ឡើង​ច្រើន​គួរសម​នូវ​លទ្ធភាព​ទទួល​បាន​សេវាសាធារណៈ​នានា​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​នេះ​ហើយ​ក្តី​ក៏​គុណភាព​នៃ​សេវា​ទាំងនេះ​នៅ​តែ​ជា​បញ្ហា​ប្រឈម​នៅឡើយ​។

ធនាគារ​ពិភពលោក​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​៖ «​ជំនួយ​ឥតសំណង​ទាំង​ ២ ​កញ្ចប់​នេះ​មាន​គោលបំណង​ទ្រទ្រង់​ដល់​ការអនុវត្ត​ដំណាក់កាល​ទី​ ២ ​នៃ​គម្រោង​ក្របខ័ណ្ឌ​គណនេយ្យភាព​សង្គម​ដែល​មាន​អាយុ​កាលពី​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ​ ២០២៣​។ ក្របខ័ណ្ឌ​នេះ​គឺជា​ផ្នែក​ស្នូល​មួយ​ខ្វះ​មិនបាន​នៅក្នុង​កម្មវិធី​កែទម្រង់​វិមជ្ឈការ​របស់​រដ្ឋាភិបាល​ដែល​សំដៅ​ពង្រឹង​ការឆ្លើយតប​របស់​រដ្ឋាភិបាល​ទៅ​នឹង​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​»​។

សេចក្តី​ប្រកាស​ដដែល​បន្ត​ថា កញ្ចប់​ជំនួយ​ឥតសំណង​ទី​ ១ មាន​ទឹកប្រាក់​ចំនួន ៥,៩៥ ​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​អនុម័ត​ផ្តល់​ទៅ​ឲ្យ​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ (World Vision International) ​សម្រាប់​ធ្វើ​សកម្មភាព​នានា​ពាក់ព័ន្ធ​ផ្នែក​គណនេយ្យភាព​សង្គម​រួមមាន​ការជ្រើសរើស​អ្នកសម្របសម្រួល​សហគមន៍​សម្រាប់​ជួយ​ជម្រាបជូន​ពលរដ្ឋ​អំពី​សេវា​នានា​ដែល​ពួកគាត់​មាន​សិទ្ធិ​ទទួលបាន និង​អំពី​ការប្រើប្រាស់​មូលនិធិ​សាធារណៈ​។

ចំណែក​ជំនួយ​ឥតសំណង​ទី​ ២ មាន​ទឹកប្រាក់​ចំនួន ១,៧២ លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​ផ្តល់ជូន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​សម្រាប់​ជួយ​ពង្រឹង​សមត្ថភាព​របស់​អ្នកផ្តល់​សេវា​រដ្ឋាភិបាល​នៅក្នុង​ការជូន​ព័ត៌មាន​ដល់​សាធារណជន​អំពី​ការបំពេញ​មុខងារ និង​ការប្រើប្រាស់​មូលនិធិ​ដោយ​គណៈកម្មាធិការ​នេះ និង​ក្នុងការ​ឆ្លើយតប​ឲ្យ​បាន​កាន់តែ​ល្អ​ឡើង​ទៅ​នឹង​មតិយោបល់​របស់​ពលរដ្ឋ​។

លោកស្រី អ៊ីងហ្គូណា ដូប្រាចា ប្រធាន​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​ធនាគារពិភពលោក​បាន​ថ្លែងថា ការពង្រឹង​ការចូលរួម​របស់​ពលរដ្ឋ​គឺជា​ចំណុច​ផ្តោត​ការយកចិត្ត​ទុកដាក់​មួយ​នៅក្នុង​ចំណោម​ផ្នែក​សំខាន់ៗ​នានា​នៅក្នុង​ឯកសារ​ក្របខ័ណ្ឌ​ភាព​ជា​ដៃគូ​របស់​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។

លោកស្រី​បន្តថា​៖ «​ធនាគារពិភពលោក​បាន​ចាត់ទុក​ក្របខ័ណ្ឌ​គណនេយ្យភាព​សង្គម​របស់​រដ្ឋាភិបាល​ថា ជា​កិច្ចខិតខំ​ទូទៅ​ដ៏សំខាន់​មួយ សម្រាប់​បំពេញ​ទៅលើ​ការវិនិយោគ​នៅក្នុង​វិស័យ​អប់រំ សុខាភិបាល ការផ្គត់ផ្គង់​ទឹកស្អាត និង​សេវា​ដទៃទៀត​តាមរយៈ​អភិក្រម​ជា​លក្ខណៈ​ប្រព័ន្ធ និង​ប្រកប​ដោយ​ចីរភាព ដើម្បី​ប្រមែប្រមូល​ពលរដ្ឋ​ឲ្យ​ចូលរួម​ពាក់ព័ន្ធ និង​ពង្រឹងសមត្ថភាព​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​សំដៅ​ធ្វើ​យ៉ាងណា​តម្រូវ​ឲ្យ​អ្នកផ្តល់​សេវា​មាន​គណនេយ្យភាព​នៅក្នុង​ការបំពេញ​មុខងារ​របស់​ខ្លួន​»​។

លោក ង៉ាន ចំរើន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​នៃ​លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ថ្លែង​ថា​រាជរដ្ឋាភិបាល​មាន​ការប្តេជ្ញាចិត្ត​ផ្នែក​នយោបាយ​យ៉ាង​មុតមាំ​ក្នុង​ការអនុវត្ត​ក្របខ័ណ្ឌ​គណនេយ្យភាព​នេះ ដើម្បី​ពង្រឹង​សិទ្ធិអំណាច​ដល់​ពលរដ្ឋ និង​ដើម្បី​ពង្រីក​គណនេយ្យភាព​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ឲ្យ​ធ្វើការ​កែលម្អ​ការផ្តល់​សេវា​សាធារណៈ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។

លោក​ថា​៖ «​ការពង្រីក​វិសាលភាព​គ្របដណ្តប់​របស់​ក្របខ័ណ្ឌ​គណនេយ្យភាព​នឹង​កាន់តែ​បង្កើន​សមត្ថភាព​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការ​ផ្តល់​សេវាសាធារណៈ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​កាន់តែ​មាន​គណនេយ្យភាព​នៅក្នុង​ការឆ្លើយតប​ទៅតាម​ការវិវឌ្ឍ​ប្រែប្រួល​នូវ​សេចក្តី​ត្រូវការ​របស់​ពលរដ្ឋ និង​វិស័យ​ឯកជន​នាពេល​អនាគត​»​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ WB គម្រោង​នានា​នៅក្រោម​ភាព​ជា​ដៃគូ​នេះ​គឺមាន​វិសាលភាព​គ្របដណ្តប់​លើ​អ្នកផ្តល់​សេវាសាធារណៈ​ដែល​រួមមាន​សាលារៀន និង​មណ្ឌល​សុខភាព​ឃុំ សង្កាត់ ស្រុក និង​រដ្ឋបាល​ក្រុង​នៅក្នុង​ខេត្ត​ចំនួន​ ១០ គឺ​ខេត្តបន្ទាយមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ស្វាយរៀង កែប និង​ព្រះសីហនុ​។

លោក ដានីញែល សែលវ៉ាណាយ៉ាហ្កាម នាយក​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា ផ្អែកលើ​បទពិសោធ និង​សមិទ្ធផល ដែល​ខ្លួន​សម្រេច​បាន​ក្នុង​ប៉ុន្មាន​ឆ្នាំ​មក​នេះ​លោក​ជឿជាក់​ថា ជំនួយ​ថ្មី​នេះ​នឹង​កាន់តែ​ពង្រឹង​បាន​ថែមទៀត​នូវ​ការឆ្លើយតប​របស់​សេវាសាធារណៈ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​អ្នកប្រើប្រាស់​សេវា​។

លោក​ថា​៖ «​ក្របខ័ណ្ឌ​គណនេយ្យភាព​សង្គម​នេះ​គឺជា​យុគសម័យ​ថ្មី​មួយ​នៃ​ការផ្តល់​សេវាសាធារណៈ​ដែល​អម​មក​ជាមួយ​នូវ​ការលើកកម្ពស់​ឲ្យ​មាន​កិច្ចសន្ទនា​បែប​ស្ថាបនា​នៅ​តាម​ថ្នាក់មូលដ្ឋាន ដើម្បី​ធ្វើឲ្យ​មាន​ការប្រែប្រួល​យូរអង្វែង​នៅក្នុង​ការផ្តល់​សេវាសាធារណៈ​ជាពិសេស​សម្រាប់​ក្រុម​ជន​ងាយ​រងគ្រោះ​»៕