ភ្នំពេញៈ ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​នៃ​ធនាគារ​ពិភពលោក​ (WB) បានអនុម័ត​ផ្តល់​ឥណទាន​ចំនួន ១០០ លាន​ដុល្លារ​អាមេរិក​ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) សម្រាប់​ជួយ​គាំទ្រ​គម្រោង​កែលម្អ​បណ្តាញ​ផ្លូវ​គមនាគមន៍​នៅ​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​សេវា និង​ឱកាស​សេដ្ឋកិច្ច​របស់​សហគមន៍​ជនបទ​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការផ្ដល់​ឥណទាន​ចេញ​កាលពី​ថ្ងៃទី​ ១៦ ខែ​កក្កដា​ឱ្យដឹងថា គម្រោង​ផ្ដល់​ឥណទាន​នេះ​នឹង​ពង្រីក​លទ្ធភាព​សម្រាប់​សហគមន៍​ជនបទ​ឱ្យ​ទទួល​បាន​សេវា​ចាំបាច់​នានា ដូចជា​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក សាលារៀន និង​ទីផ្សារ​តាមរយៈ​ការកែលម្អ​ផ្លូវ​ជនបទ​ឱ្យ​កាន់តែ​មាន​ភាពធន់​ទៅ​នឹង​កត្តា​ប្រែប្រួល​អាកាសធាតុ​។

ការកែលម្អ​នឹង​ត្រូវ​ធ្វើ​ទៅលើ​ផ្នែក​ជាច្រើន​នៃ​ផ្លូវជាតិ​ និង​ផ្លូវ​ខេត្ត​ដែល​ជា​លទ្ធផល ជួយ​កាត់​បន្ថយ​ថ្លៃ​ចំណាយ​លើ​ការដឹកជញ្ជូន និង​ហានិភ័យ​គ្រោះថ្នាក់​ដោយសារ​តែ​ផ្លូវ​ខូច និង​ជួយ​សម្រួល​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់​ក្នុង​វិស័យ​កសិកម្ម និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធាន​គ្រប់គ្រង WB ប្រចាំ​កម្ពុជា​ថ្លែង​ថា កង្វះ​លទ្ធភាព​សម្រាប់​ទទួល​បាន​សេវា​មន្ទីរពេទ្យ សាលារៀន និង​សម្រាប់​ដឹកទំនិញ​ទៅកាន់​ទីផ្សារ ជាពិសេស​ក្នុង​រដូវវស្សា​នៅតែ​ចោទ​ជា​បញ្ហា​ប្រឈម​ធំ​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​នៅ​តាម​តំបន់​ជនបទ​។

លោកស្រី​ថ្លែងថា​៖ «​គម្រោង​ថ្មី​នេះ​គឺជា​ការបន្ត​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការជួយ​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​របស់​កម្ពុជា​។ វា​នឹង​តភ្ជាប់​កាន់តែ​ប្រសើរ​ជាង​មុន​ដោយបាន​ភ្ជាប់​ប្រជាជន​ទៅនឹង​ការទទួល​បាន​សេវា កាត់បន្ថយ​ការដាច់​ផ្លូវ និង​បង្កើត​ការងារ​សម្រាប់​សហគមន៍​មូលដ្ឋាន​ក្នុង​ពេល​សាងសង់​ផ្លូវ​ដែល​រួមចំណែក​ធ្វើឱ្យ​សេដ្ឋកិច្ច​ងើបឡើង​វិញ​ទៀត​ផង​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បន្តថា ការចំណាយ​លើ​ការដឹកជញ្ជូន​នៅ​ប្រទេស​កម្ពុជា​នៅតែ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ ទោះបី​ជា​មាន​ភាពប្រសើរ​ច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះហើយ​ក្តី​។ ផ្លូវថ្នល់​គឺជា​មធ្យោបាយ​ដឹកជញ្ជូន​នាំមុខគេ​នៅក្នុង​ប្រទេស​ហើយ​ចាំបាច់​ត្រូវមាន​ការវិនិយោគ​ច្រើន​ជាពិសេស​នៅតាម​តំបន់​ជនបទ​។

ផ្លូវ​ជនបទ​មាន​ជាង ៧៥ ភាគរយ​ នៃ​បណ្តាញ​ផ្លូវ​សរុប​ទូទាំង​ប្រទេស ប៉ុន្តែ​មានតែ ៥ ភាគរយ​ប៉ុណ្ណោះ​ដែល​ជា​ផ្លូវ​ក្រាល​កៅស៊ូ​។ ការប្រែប្រួល​អាកាសធាតុ​បាន​ធ្វើឱ្យ​មាន​ភ្លៀង​ និង​ទឹកជំនន់​ធំៗ​បង្ក​ហានិភ័យ​ខូចខាត​កាន់តែ​ខ្លាំង​ដល់​ប្រព័ន្ធ​ផ្លូវ​នៅ​ជនបទ​។

WB ​ឱ្យ​ដឹង​តាមរយៈ​សេចក្តី​ប្រកាស​នេះ​ទៀតថា ការវិភាគ​អំពី​ស្ថានភាព​ប្រើប្រាស់​ផ្លូវ​ជនបទ​ដែល​ត្រូវបាន​ធ្វើឡើង​តាមរយៈ​គម្រោង​នេះ​បង្ហាញ​ថា ក្នុង​រដូវ​ទឹកជំនន់​ជាង ២៦ ភាគរយ​នៃ​ប្រជាជន​រស់នៅ​ក្នុង​តំបន់​របស់​គម្រោង​ប្រឈម​នឹង​ហានិភ័យ​គ្មាន​ផ្លូវ​ប្រើ​សម្រាប់​ទៅរក​សេវា​បន្ទាន់​ផ្នែក​សុខាភិបាល និង​សាលារៀន​។

ក្រៅពី​នោះ ១៨ ភាគរយ​ទៀត​ត្រូវ​ចំណាយពេល ៣០ ​នាទី ឬ​ច្រើន​ជាង​នេះ​សម្រាប់​ធ្វើដំណើរ​ទម្រាំ​ទៅ​ដល់​មន្ទីរពេទ្យ ដែល​ជា​ស្ថានភាព​ប្រឈម​នឹង​ភាព​ស្លាប់រស់​មួយ​។ ការជ្រើសរើស​ផ្លូវ​សម្រាប់​ការវិនិយោគ​នៃ​គម្រោង​នេះ ផ្តល់​អាទិភាព​ដល់​ផ្លូវ​ទាំងឡាយ​ណា​ដែល​តភ្ជាប់​ផ្ទះ​អ្នកស្រុក​ជាមួយ​មន្ទីរពេទ្យ សាលារៀន និង​ទីផ្សារ​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​តំបន់​គោលដៅ​របស់​គម្រោង​នេះ​មាន​ផ្លូវ​នៅក្នុង​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ និង​ក្រចេះ​ដែល​គ្របដណ្តប់​លើ​ប្រជាជន​ជាង ២ លាន​នាក់​ក្នុងនោះ ៨០ ភាគរយ​រស់នៅ​តាម​ទីជនបទ​ដាច់ស្រយាល​។ គម្រោង​នេះ​ក៏​នឹង​ជួយ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ (​ដែល​ក្រសួង​ទាំង​ ២ នេះ​ជា​ភ្នាក់ងារ​អនុវត្ត​គម្រោង​) ក្នុង​ការអភិវឌ្ឍ​ផ្នែក​ស្ថាប័ន​ផងដែរ​។

ក្នុង​នោះ​មាន ការរៀបចំ​យុទ្ធសាស្ត្រ​ហិរញ្ញប្បទាន​ផ្លូវ​ធន់​នឹង​អាកាសធាតុ ការជួយ​ដល់​ក្រសួង​ទាំងពីរ​ក្នុង​ការអនុវត្ត​ផែនការ សកម្មភាព​បញ្ជ្រាប​យេនឌ័រ​របស់​ក្រសួង​ទាំង ២ និង​ការគ្រប់គ្រង​កិច្ចសន្យា​ផ្អែកលើ​លទ្ធផល​ការងារ​សម្រាប់​ការថែទាំ​ផ្លូវ​ធ្វើឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​មាន​ចីរភាព​ល្អប្រសើរ​។

លោកស្រី លឹម សុខជា ទីប្រឹក្សា​ជាន់ខ្ពស់​អង្គការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​លើកឡើងថា អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការងារ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​តែងតែ​ជំរុញ និង​បំផុស​ដល់​រាជរដ្ឋាភិបាល​ឲ្យ​កាត់​ឥណទាន​ ឬ​ជំនួយ​ដែល​ទទួល​បាន​ពី​ម្ចាស់ជំនួយ​ផ្សេងៗ​ចំនួន ១០ ភាគរយ​សម្រាប់​ទុក​ប្រើប្រាស់​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​ពី​បញ្ហា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​ប្រជាពលរដ្ឋ​។

លោកស្រី​ថ្លែងថា​៖ «​យើង​ចង់ឱ្យ​បំពាក់​បរិក្ខារ​ចរាចរណ៍​មួយចំនួន​នៅលើ​ដងផ្លូវ​ដើម្បី​បង្កើន​ការប្រុងប្រយ័ត្ន និង​ការការពារ​ដល់​ប្រជាពលរដ្ឋ​ស្រប​ពេល​ដែល​ពួកគាត់​ត្រូវ​បំប្លែង​ខ្លួន​មកប្រើប្រាស់​ផ្លូវ​ដែល​មាន​ស្ដង់ដា​។ ព្រោះ​នៅពេល​ដែល​ផ្លូវ​អភិវឌ្ឍ​រួច​ពលរដ្ឋ​មាន​ឥរិយាបថ​ក្នុង​ការបើកបរ​ហួស​ល្បឿន​កំណត់​ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​»​។

លោក​ ឈួន វន់ អគ្គនាយក​ដឹកជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្លែង​កាលពី​ម្សិលមិញ​ថា ទោះបី​ក្នុង​ដំណាក់កាល​ណាក៏ដោយ រាជរដ្ឋាភិបាល​តែងតែ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ ជាពិសេស​ក្នុង​គម្រោង​នៃ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។

លោក​ថ្លែងថា​៖ «​ក្នុងនោះ​មិនមែន​មាន​តែ​គម្រោង​ជាមួយ​ធនាគារ​ពិភពលោក ឬ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​នោះទេ​គឺមាន​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​ទៀត​ដើម្បី​សហការ​គ្នា​ក្នុង​ការអភិវឌ្ឍ​ពិសេស​លើ​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​»៕

វីដេអូ៖