ភ្នំពេញៈ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ (WCS) និង​ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ជាថ្មីទៀត​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ឲ្យ​ចូលរួម​ការពារ និង​អភិរក្ស​សត្វ​ខ្លា​ពពក (Clouded leopard) និង​ទីជម្រក​របស់​វា​ឲ្យ​បានល្អ ខណៈ​សត្វ​ដ៏កម្រ និង​កំពុង​រង​ការគំរាមកំហែង​ជិត​ផុត​ពូជ​នេះ មាន​នៅ​សេសសល់​តិចតួច​បំផុត​ក្នុង​ពិភពលោក​។

លោក កែន សិរីរដ្ឋា ប្រធាន​អង្គការ WCS-Cambodia ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពីថ្ងៃ​ទី​ ៦ ខែសីហា​ ថា ខ្លា​ពពក​ត្រូវបាន​កត់ត្រា​ក្នុង​បញ្ជី​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​កំពុង​រង​ការគំរាមកំហែង​នៅលើ​ពិភពលោក​។ បច្ចុប្បន្ន ខ្លា​ពពក ត្រូវ​បាន​គេ​កត់ត្រា​ថា នៅមាន​សេសសល់​ប្រមាណ​ជាង ១០ ០០០ ​ក្បាល​ប៉ុណ្ណោះ​នៅលើ​ពិភពលោក​។

ដោយឡែក​នៅ​កម្ពុជា​វត្តមាន​ខ្លា​ពពក​មាន​នៅ​ភូមិភាគ​ឦសាន និរតី និង​ភាគ​ខាងជើង​នៃ​ប្រទេស​។ លោក​បញ្ជាក់ថា​៖ «​រហូត​មកទល់​ពេលនេះ​ពុំ​ទាន់​មាន​ការសិក្សា​អំពី​ចំនួន​ប្រភេទ​សត្វ​នេះ​ [​ខ្លា​ពពក​] ​នៅ​ឡើយ​ទេ​នៅ​កម្ពុជា ប៉ុន្តែ​យើង​យល់​ថា ចំនួន​ខ្លា​ពពក​មាន​នៅសល់​តិចតួច​ប៉ុណ្ណោះ​នៅ​តាម​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា ហើយ​ចំនួន​របស់​វា​មាន​ការថយចុះ​ច្រើន ដោយសារ​ការបាត់បង់​ជម្រក​ធម្មជាតិ​ការខ្វះ​សត្វ​ជា​ចំណី​របស់​វា​ក្នុង​ធម្មជាតិ ការ​បរបាញ់​។​ល​។ ខ្លាពពក​ជា​ប្រភេទ​សត្វ​កំពុង​រង​ការគំរាមកំហែង​ (VU)»​។

លោក សិរីរដ្ឋា ឲ្យ​ដឹង​ទៀតថា ​កាលពី​ឆ្នាំ​ ២០១២-២០១៣ លោក អៃ ស៊ុហ្ស៊ុគី (Ai Suzuki) ​ក្នុង​អំឡុងពេល​ចុះ​ធ្វើ​កម្មសិក្សា​ថ្នាក់បណ្ឌិត​គាំទ្រ​ដោយ​អង្គការ WCS សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​បាន​បំពាក់​កាមេរ៉ា​តាម​ដើមឈើ ហើយ​បាន​ថត​ជាប់​សត្វ​ខ្លា​ពពក​នេះ​នៅក្នុង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ​។ ក្រៅពី​វត្តមាន​សត្វ​ខ្លាពពក ក្រុម​ការងារ​ក៏បាន​ថត​ជាប់​ប្រភេទ​សត្វ​កម្រ​ ៣០ ​ប្រភេទ​ទៀត​រួមមាន​សត្វ​ដំរី​អាស៊ី ខ្លាឃ្មុំ​ខ្មៅ ខ្លាឃ្មុំ​ព្រះអាទិត្យ សត្វ​ខ្ទីង និង​ប្រភេទ​សត្វ​ស្លាប​មួយចំនួន​ទៀត​នៅក្នុង​តំបន់​នោះ​ផងដែរ​។

លោក​បន្ថែមថា​៖ «​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា គឺជា​ជម្រក​ដ៏សំខាន់​សម្រាប់​សត្វព្រៃ​ដែល​ជិត​ផុត​ពូជ​ជា​សកល និង​ជា​ច្រករបៀង​សត្វព្រៃ​ធម្មជាតិ​រស់នៅ​»​។

បើ​តាម​លោក សិរីរដ្ឋា សត្វ​ខ្លាពពក ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​ចាប់ពី​តំបន់ភ្នំ​ហិមាល័យ​ឆ្លងកាត់​ភូមិភាគ​អាស៊ីអាគ្នេយ៍ បន្ត​រហូត​ដល់​ភាគខាងត្បូង​នៃ​ប្រទេស​ចិន និង​ក៏​មាន​នៅ​ប្រទេស​ប៊ុយតាន ឥណ្ឌា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមា នេប៉ាល់ ថៃ កម្ពុជា និង​វៀតណាម​។

លោក​បន្តថា ដោយសារ​រោម​របស់​វា​មាន​ភាពទាក់ទាញ សត្វ​ខ្លាពពក​ដែល​ជា​អម្បូរ​សត្វ​ឆ្មា​ដ៏ស្រស់ស្អាត​នេះ​បាន​ក្លាយជា​គោលដៅ​របស់​អ្នកប្រមាញ់ ហើយ​ការបរបាញ់​ខុសច្បាប់​រួមទាំង​ការបំផ្លាញ​ទីជម្រក​របស់​ពួកវា​បាន​ក្លាយជា​កត្តា​រួមចំណែក​ដល់​ការធ្លាក់ចុះ​នៃ​ចំនួន​របស់​ពួកវា​នៅក្នុង​ព្រៃ​។ អ្នកវិទ្យាសាស្ត្រ និង​អ្នក​អភិរក្ស​កំពុង​ធ្វើការ​ឈ្វេងយល់​បន្ថែម​អំពី​ចំនួន​សត្វ​ខ្លា​ពពក ដែល​គេ​ពិបាក​នឹង​រកឃើញ​វា​ណាស់ ព្រោះ​វា​ចេញ​រកស៊ី​នៅពេល​យប់​»​។

ដើម្បី​ការពារ​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុតពូជ​រួមទាំង​ព្រៃឈើ ជីវចម្រុះ ដែល​ស្ថិតក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ក៏ដូចជា​តំបន់​ការពារ និង​របៀង​ជីវចម្រុះ​ទាំងអស់​នៅ​កម្ពុជា​ឲ្យ​ស្ថិតនៅ​គង់​សម្រាប់​ជា​ប្រយោជន៍​សម្រាប់​មនុស្ស​ជាតិ​ជំនាន់​ក្រោយ​នោះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​ចូលរួម​ការការពារ និង​អភិរក្ស​សត្វព្រៃ​ដោយ​បញ្ឈប់​ការកាប់​ទន្ទ្រាន ដីព្រៃ បរបាញ់ ដាក់អន្ទាក់ និង​បរិភោគ​សាច់​សត្វព្រៃ​៕