កោះកុង: អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ (WCS) ​សហការ​ជាមួយ​រដ្ឋបាល​ជលផល និង​សាកលវិទ្យាល័យ​រដ្ឋ​មីស៊ីស៊ី​ពី​នៅ​សហរដ្ឋ​អាមេរិក​គ្រោង​ចាប់ផ្តើម​អនុវត្ត​គម្រោង​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ស្តីពី​ «​និរន្តរភាព​ធនធាន​ជលផល និង​វារីវប្បកម្ម​សម្រាប់​ភាពធន់​របស់​សហគមន៍​» ​នៅ​តាម​ព្រែក​ស្រែអំបិល​ក្នុង​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ​។

លោក កែន សិរីរដ្ឋា ប្រធាន​អង្គការ​ WCS បាន​ថ្លែង​កាលពី​ថ្ងៃ​ ១០ សីហា​ថា គម្រោង​សិក្សា​ស្រាវជ្រាវ​នេះ​ជា​ការចែករំលែក​ចំណេះដឹង​ពី​អ្នកជំនាញ និង​និស្សិត​មកពី​សាកលវិទ្យាល័យ​រដ្ឋ​មីស៊ីស៊ី​ពី​ (Mississippi State University) ​នៃ​សហរដ្ឋ​អាមេរិក​ជូន​ប្រជាសហគមន៍​នេសាទ​នៅតាម​ព្រែក​ស្រែអំបិល​​ក្នុង​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ ប៉ុន្ដែ​លោក​មិនទាន់​ដឹង​ពី​ចំនួន​អ្នក​ត្រូវ​ចូលរួម​ទេ​។ គម្រោង​នេះ​នឹង​បង្ហាត់បង្រៀន​ជំនាញ​ពី​ការចិញ្ចឹម​សត្វ​រស់នៅក្នុង​ទឹក​ដូចជា ត្រី ក្ដាម បង្កង កង្កែប កន្ធាយ បង្គា និង​សត្វ​ដែល​កំពុងមាន​ទីផ្សារ​ខ្ពស់​នៅ​កម្ពុជា​។

លោក​បន្តថា ការសិក្សា​ស្រាវជ្រាវ​នេះ​គឺជា​ការបំពេញបន្ថែម​លើ​ការងារ​អភិរក្ស​របស់​អង្គការ​ WCS ​ដែល​គាំទ្រ​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប​ (EU) អង្គការ​អភិរក្ស​ព្រៃឈើ​អាមេរិក​ (USFS) ​ដើម្បី​បង្កើត​ក្រុមប្រឹក្សា​សហគមន៍​នេសាទ និង​វារីវប្បកម្ម​លក្ខណៈ​គ្រួសារ​បន្ថែមទៀត​។

លោក សិរីរដ្ឋា បញ្ជាក់ថា​៖ «​គោលបំណង​សំខាន់ គឺ​យើង​ចង់​កាត់បន្ថយ​សកម្មភាព​នេសាទ ឬ​ទន្ទ្រាន​ទៅលើ​ការរក​សត្វព្រៃ​តាម​ដងព្រែក ដែល​យើង​កំពុង​ធ្វើការ​អភិរក្ស​។ អ៊ីចឹង​បើ​យើង​ជួយ​ធ្វើឲ្យ​ពួកគាត់​មាន​មុខរបរ​សមរម្យ ដែល​ខុស​ពី​ការនេសាទ​ខុសច្បាប់​​គឺ​ធនធាន​ធម្មជាតិ​ដែល​យើង​កំពុង​អភិរក្ស​នេះ​វា​នឹង​នៅ​គង់វង្ស និង​បង្កបង្កើត​ពូជ​បន្តៗ​​ទៀត​កាន់តែ​ច្រើន​ដោយ​គ្មាន​ការបំផ្លិចបំផ្លាញ​»​។

បើ​តាម​លោក កែន សិរីរដ្ឋា គម្រោង​សិក្សា​នេះ​នឹង​ប្រើពេល​ ៣ ​ឆ្នាំ​ ចាប់ពី​ខែតុលា ឆ្នាំ​ ២០២០ តទៅ ដោយ​មាន​សិស្ស​និស្សិត​​អ្នកជំនាញ​មកពី​អាមេរិក​ជាច្រើន​នាក់​។ ​លើស​ពី​នេះ​លោក​ចង់​ស្នើឲ្យ​មាន​សិស្ស និស្សិត​កម្ពុជា​ចូលរួម​ដែរ ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធ​ចំណេះដឹង​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ជាពិសេស​រួមគ្នា​ផ្ដល់​ចំណេះដឹង​ជូន​ប្រជាសហគមន៍​នេសាទ​នៅ​តំបន់​នោះ​។

តាម​គេហទំព័រ​របស់​សាកលវិទ្យាល័យ​រដ្ឋ​មីស៊ីស៊ីពី បាន​ឲ្យ​ដឹងថា ត្រី​គឺជា​ធនធាន​ដ៏សំខាន់​​សម្រាប់​អាហារូបត្ថម្ភ និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។ ​នៅ​តាម​​សហគមន៍​ជនបទ មុខរបរ​រកត្រី​គឺជា​មាគ៌ា​នៃ​ជីវិត​ជាច្រើន​ជំនាន់​របស់​សហគមន៍ ប៉ុន្តែ​មាន​សហគមន៍​ជាច្រើន​បាន​ផ្លាស់ប្តូរ​ជា​បណ្ដើរ​ហើយ​។ ​ជាពិសេស​សហគមន៍​រស់នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល គឺជា​ឧទាហរណ៍​នៃ​ការផ្លាស់ប្តូរ​ជីវភាព​ដែល​អាច​ធ្វើជា​គំរូ​ដល់​សហគមន៍​ជាច្រើន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។

គេហទំព័រ​ដដែល​បន្ត​ថា​ប្រជាសហគមន៍​មូលដ្ឋាន​នៅ​តំបន់​ព្រែក​ស្រែអំបិល ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ​នឹង​ត្រូវ​បាន​ការបណ្តុះបណ្តាល ដើម្បី​គ្រប់គ្រង និង​សម្រប​ខ្លួន​ទៅនឹង​ការផ្លាស់ប្តូរ​ជីវភាព​។ ​ប្រជាសហគមន៍​នឹងត្រូវ​បាន​វាយតម្លៃ​អំពី​ចំណូលចិត្ត​កែច្នៃ​ចំណីអាហារ និង​សមត្ថភាព​របស់​អ្នកភូមិ​ក្នុង​មូលដ្ឋាន​ ការប្រៀបធៀប​បច្ចេកទេស​កែច្នៃ​​ចំណី​អាហារ​ខុសៗ​គ្នា និង​ការអនុវត្ត​ដោយ​ប្រើប្រាស់​ផលិតផល​ត្រី​កែច្នៃ​។

សាកលវិទ្យាល័យ​រដ្ឋ​មីស៊ីស៊ីពី​បន្ថែម​ថា កម្មវិធី​នេះ​ក៏​នឹង​មាន​ប្រយោជន៍​ខ្លាំង​លើ​ការគ្រប់គ្រង​ធនធាន​ជលផល និង​ការផ្គត់ផ្គង់​អាហារូបត្ថម្ភ​ប្រកប​ដោយ​ចីរភាព​ក្រៅពី​ការនេសាទ​នៅតាម​ព្រែក​ធម្មជាតិ​។ ​ស្ត្រី និង​យុវជន​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​សហគមន៍​នេសាទ​កម្ពុជា​ហើយ​ផ្នែក​ខ្លះ​នៃ​សង្គម​ទាំងមូល​នឹង​ត្រូវ​បាន​ជំរុញ​ឲ្យ​មាន​ជំនាញ និង​បច្ចេកទេស​ក្នុង​ការផលិត​ចំណីអាហារ​។

លោក អេង ជាសាន ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មិន​អាច​សុំ​ការបញ្ជាក់​ពី​គម្រោង​សិក្សា​ស្រាវជ្រាវ​នេះ​បានទេ ដោយសារ​​ទូរស័ព្ទ​របស់​លោក​មិនមាន​​អ្នកទទួល​។

អ្នកស្រី នុត វណ្ណា តំណាង​ប្រជាសហគមន៍​នេសាទ​នៅ​តំបន់​ព្រែកអំបិល ខេត្តកោះកុង​បាន​ថ្លែង​កាលពី​ថ្ងៃ​ ១០ សីហា ​​ថា អ្នកស្រី​បាន​ទទួល​ព័ត៌មាន​នេះដែរ ប៉ុន្ដែ​មិនទាន់​ដឹងថា អង្គការ WCS អនុញ្ញាត​ឲ្យ​ប្រជាសហគមន៍​អ្នកស្រី​បាន​ចូលរួម​​ដែរ ឬ​អត់​ទេ ខណៈ​អ្នកស្រី​មាន​បំណង​ចង់​ចូលរួម​ដែរ ។

អ្នកស្រី​បញ្ជាក់ថា​៖ «​ពីមុន​ពួកខ្ញុំ​ប្រកបរបរ​ធ្វើ​នេសាទ​តាម​ព្រែក​តាម​បឹង​នៅក្នុង​ស្រុកភូមិ​យើង​ហ្នឹង តែ​ឥឡូវនេះ​ខ្ញុំ​ឈប់​នេសាទ​ហើយ​គឺ​មក​ចិញ្ចឹម​ត្រី​វិញ​ហើយ​ខ្ញុំ​ទើបតែ​ចាប់ផ្ដើម​បាន​ ៣ ​ខែ មិនទាន់​ដឹង​ពី​បច្ចេកទេស​អ្វី​ទេ ហើយ​បើ​បាន​គេ​អ្នក​ជំនាញ​ចុះមក​ជួយ​ពន្យល់​ថែមទៀត គឺ​ពិតជា​ល្អ​ខ្លាំងណាស់ ខ្ញុំ​ចង់​ចូលរួម​ក្នុង​គម្រោង​គេ​ហ្នឹង​ដែរ​»៕