មណ្ឌលគិរីៈ គម្រោង​ស្រូវ​សត្វ​ត្រយង​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ (WCS) ​បាន​និង​កំពុង​ពង្រីក​គម្រោង​នៅ​ដែនជម្រក​សត្វព្រៃ​កែវសីមា ខេត្ត​មណ្ឌលគិរី​ដោយ​មាន​កសិករ​ចំនួន​ ៧៨ ​គ្រួសារ​ចូលរួម​ជា​សមាជិក បន្ទាប់ពី​អនុវត្ត​ទទួល​បាន​ជោគជ័យ​ពី​ខេត្ត​ព្រះវិហារ និង​ដែនជម្រកសត្វព្រៃ​នៅ​ស្រុក​សៀមប៉ាង ខេត្តស្ទឹងត្រែង​។

លោក​ កែន សិរីរដ្ឋា ប្រធាន​អង្គការ WCS ថ្លែង​ពី​ម្សិលមិញ​ថា គម្រោង​ស្រូវ​សត្វ​ត្រយង​របស់​អង្គការ​ WCS ត្រូវបាន​ពង្រីក​គម្រោង​មកកាន់​ដែន​ជម្រក​សត្វ​ព្រៃកែវសីមា ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ពី​អំឡុង​ឆ្នាំ​ ២០១៩ ដែលជា​ឆ្នាំ​នៃ​ការសាកល្បង​គម្រោង​មាន​កសិករ​ចូលរួម​តែ​ ២៩ ​គ្រួសារ​ទេ​។ ប៉ុន្តែ​រហូត​មក​ដល់​ឆ្នាំ​ ២០២០ មាន​កសិករ​ចូល​ជា​សមាជិក​ចំនួន​ ៧៨ ​គ្រួសារ​មកពី ៣ ​ភូមិ រួមមាន ភូមិ​ពូចារ ភូមិ​ពូគង់ និង​ភូមិ​អូរច្រាល​។

បើ​តាម​លោក​ កែន សិរីរដ្ឋា ការអនុវត្ត​គម្រោង​នៅ​ខេត្ត​មណ្ឌលគិរី​នេះ បន្ទាប់ពី​អនុវត្ត​ទទួល​បាន​ជោគជ័យ​ពី​ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព ខេត្តព្រះវិហារ និង​ដែនជម្រក​សត្វព្រៃ​សៀមប៉ាង​នៅ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង​។ កសិករ​ដែល​ជា​សមាជិក​នៃ​គម្រោង​ទទួល​បាន​ការទទួល​ទិញស្រូវ​ពី​ពួកគាត់​មកវិញ​ក្នុង​តម្លៃ​ខ្ពស់ជាង​ទីផ្សារ​ក្នុង​ចន្លោះ​ពី ១២០០ ​រៀល ទៅ​ ១៧០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​ទៅតាម​ប្រភេទ​ស្រូវ​នីមួយៗ​។

លោក​ សិរីរដ្ឋា ​បញ្ជាក់ថា​៖ «​យើង​តម្រូវឱ្យ​កសិករ​ដែលជា​សមាជិក​អនុវត្តតាម​គោលការណ៍​សំខាន់ៗ ដែល​ផ្សារភ្ជាប់​ជាមួយ​នឹង​ការគោរព​បរិស្ថាន ការពារ​ធនធាន​ធម្មជាតិ​។ ជាពិសេស​ត្រូវ​ដាំ​ស្រូវ​ដោយ​គោរព​ទៅតាម​គោលការណ៍​សរីរាង្គ ដែល​មិន​ប្រើប្រាស់​ជីគីមី ថ្នាំ​គីមី និង​ថ្នាំ​សម្លាប់​សត្វល្អិត​មួយចំនួន​ទៀត​លើ​ការដាំដុះ​របស់​ពួកគាត់ ហើយ​យើង​តាមដាន​សកម្មភាព​ធ្វើស្រែ​ពួកគាត់​ជាប្រចាំ​»​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​គម្រោង​នេះ​បានទេ​។

ប៉ុន្ដែ​លោក​ថ្លែង​ក្នុងអំឡុងពេល​ទស្សនកិច្ច​គម្រោង​ស្រូវ​សត្វ​ត្រយង​នៅ​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​ ៧ ខែ​តុលា ថា​ក្នុង​នាម​ក្រសួងបរិស្ថាន​លោក​គាំទ្រ​ចំពោះ​គោលការណ៍ និង​លក្ខខណ្ឌ​ដែល​គម្រោង​ស្រូវ​សត្វ​ត្រយង បានដាក់​ចេញ​ឱ្យ​ប្រជាកសិករ​អនុវត្ត និង​គោរព​តាម​គោលការណ៍​ពី​អ្នកទទួល​ទិញស្រូវ​កសិករ​មក​វិញ​ក្នុង​តម្លៃ​ខ្ពស់ជាង​ទីផ្សារ​។

លោក​ថា កត្តា​ដែល​ជំរុញ​ឱ្យ​កសិករ​ចូលរួម​ក្នុង​គម្រោង​នេះ ព្រោះ​ពួកគាត់​បាន​សម្លឹង​ឃើញ​ពី​សារប្រយោជន៍​របស់​គម្រោង​ស្រូវ​សត្វ​ត្រយង​។ គម្រោង​នេះ​ធ្វើឱ្យ​ពួកគាត់​លក់​ស្រូវ​បាន​តម្លៃ​ថ្លៃ​ដោយ​គ្រាន់តែ​គោរព​តាម​គោលការណ៍ ដែល​កំណត់​ដោយ​អង្គការ WCS លើ​កិច្ចការងារ​រក្សា​ឱ្យ​បាន​ការពារ​បរិស្ថាន ធនធាន​ធម្មជាតិ និង​សត្វព្រៃ​។ លើសពី​នេះ​ត្រូវ​ប្រើប្រាស់​ដី​ដែល​មិនមែន​បាន​ពី​ការកាប់​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​នោះទេ​។

លោក​ ភក្ត្រា បញ្ជាក់ថា​៖ «​កសិករ​ត្រូវគោរព​ទៅនឹង​គោលការណ៍​ដាំដុះ​ដែល​មាន​បច្ចេកទេស ដោយមាន​ការបង្ហាត់បង្រៀន​ពី​សំណាក់​មន្ត្រី​ជំនាញ​អង្គការ WCS និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ធ្វើឱ្យ​ស្រូវ​ដែល​ដាំដុះ​ទាំងអស់​នោះ​មាន​គុណភាព និង បង្ហាញ​ពី​ការគោរព​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ក៏ដូចជា​ឆ្លើយតប​តាម​ការកំណត់​ពី​ប្រទេស​អ្នកបញ្ជា​ទិញស្រូវ​នេះ​»​។

លោក​ ភក្ត្រា ស្នើ​ WCS ពង្រីក​គម្រោង​ស្រូវ​សត្វ​ត្រយង​នេះ​ទៅ​តំបន់​ផ្សេងៗ​ទៀត ដែល​មាន​តំបន់​ការពារ​ធម្មជាតិ​ដែល​អង្គការ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​បរិស្ថាន ដើម្បី​ពង្រីក​ការផលិត​ស្រូវ​សរីរាង្គ​។ ជាពិសេស​បង្កើន ជីវភាព​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​ការពារ​បរិស្ថាន​។ ចំណុច​ទាំងនេះ គឺជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន ឬ​ការផ្តល់​មុខរបរ​ថ្មី​ជូន​ប្រជាពលរដ្ឋ​។

លោក​ ក្លូត កែ អាយុ​ ៥១ ​ឆ្នាំ​ពលរដ្ឋ​រស់នៅ​ភូមិ​ពូចារ ឃុំ​ស្រែព្រះ​ប្រាប់​ពី​ម្សិលមិញ​ថា គ្រួសារ​លោក​បាន​ចូល​ជា​សមាជិក​គម្រោង​ស្រូវ​សត្វ​ត្រយង​នៅ​អំឡុង​ឆ្នាំ​ ២០១៩ ដោយ​បាន​ប្រមូលផល​ស្រូវ​ម្ដង​រួចហើយ​។ លោក​សង្កេតឃើញ​ថា មាន​ភាពខុសគ្នា​ឆ្ងាយ​មុនពេល​ចូល​ជា​សមាជិក​គម្រោង និង​អំឡុងពេល​ចូល​ជា​សមាជិក​ពោល​គឺ​ពេល​ចូល​ជា​សមាជិក លោក​បាន​ទទួលផល​ស្រូវ​ច្រើនជាង​រៀងរាល់​ឆ្នាំ ថែម​ទាំង​លក់​ស្រូវ​បាន​តម្លៃ​ខ្ពស់​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​គម្រោង​នេះ​ធ្វើឱ្យ​គ្រួសារ​ខ្ញុំ​ទទួល​បាន​ប្រាក់ចំណេញ​ពី ការលក់​ស្រូវ​ច្រើនជាង​មុន ហើយ​ស្រូវ​ក៏​លក់​បាន​តម្លៃ​ខ្ពស់ជាង​មុន​ដែរ​។ លើសពី​នេះ​ទៀត ខ្ញុំ​ក៏បាន​រៀនសូត្រ​ពី​បច្ចេកទេស​ជាច្រើន​ជាមួយ​អង្គការ WCS ដើម្បី​បង្កបង្កើន​ផលស្រូវ ហើយ​ខ្ញុំ​សូម​អំពាវនាវ​ឱ្យមាន​គម្រោង​បែបនេះ​រហូត ហើយ​ពង្រីក​ទៅកាន់​តំបន់​ផ្សេងៗ​ព្រោះ​ធ្វើឱ្យ​ជីវភាព​ពួកខ្ញុំ​ធូរធារ​ជាង​មុន​ច្រើន​»៕