មណ្ឌលគិរីៈ អង្គការ​អភិរក្ស សត្វព្រៃ​នៅ​កម្ពុជា (WCS) បាន​រកឃើញ​សត្វ​ស្វា​កន្ទុយ​ស​ជាង ២ ​ម៉ឺន​ក្បាល និង​សត្វ​ទោច​ថ្ពាល់​លឿង​ប្រមាណ​ ១ ២០០ ​ក្បាល ដែល​ភាគច្រើន​មាន​វត្តមាន​នៅក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា​។

លោក កែន សិរីរដ្ឋា ប្រធាន​អង្គការ WCS ថ្លែងប្រាប់​ភ្នំពេញ ប៉ុស្ដិ៍​ ពី​ម្សិលមិញ​ថា ការរកឃើញ​សត្វស្វា​កន្ទុយ​ស និង​សត្វ​ទោច​ថ្ពាល់​លឿង​នេះ​ក្រោយពី​ក្រុម​ស្រាវជ្រាវ​របស់ WCS ដោយ​មាន​ការសហការ​ពី​ក្រសួង​បរិស្ថាន​បាន​ធ្វើការ​ស្រាវជ្រាវ​ចាប់តាំងពី​ឆ្នាំ​​ ២០១០ រហូត​ដល់​ឆ្នាំ​ ២០២០ នេះ​។

លោក​ថ្លែងថា​៖ «​ក្រុម​អ្នក​អង្កេត​បាន​រកឃើញ​ពួកវា​នៅលើ​ដើមឈើ​ខ្ពស់ៗ​នៃ​ព្រៃស្រោង​ និង​ព្រៃ​ពាក់កណ្តាល​ស្រោង​ក្នុង​ប្រទេស​កម្ពុជា ពិសេស​នៅក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា​ដែលជា​ជម្រក​ដ៏សំខាន់​នៃ​ពពួកសត្វ​នេះ​រស់នៅ​»​។

សត្វ​ស្វា​ទាំងនេះ​តែងតែ​ហក់លោត ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយ​នៅពេល​ព្រឹក​។ វា​បន្លឺសំឡេង​ខ្លាំងៗ​នៅ​ចន្លោះ​ម៉ោង ៥ ទៅ​ម៉ោង ៧ ​ព្រឹក ហើយ​សំឡេង​វា​អាច​ឮ​បាន​ចម្ងាយ​ពី​ ១ ​ទៅ​ ២ គីឡូម៉ែត្រ អាស្រ័យ​លើ​ស្ថានភាព​ព្រៃឈើ​។ ចំណែក​ចំណី​របស់​ពួកវា មាន​ដូចជា ផ្លែឈើ ត្រួយ​ឈើ ផ្កា និង​សត្វល្អិត​ជាដើម​។

តាមរយៈ​កិច្ចពិភាក្សា​ជាមួយ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន​អង្គការ WCS និង​ក្រសួង​បរិស្ថាន​អាច​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​អំឡុង​ថ្ងៃទី​ ២០ ​ខែ​តុលា ដើម្បី​បង្ហាញ​ពី​ការរកឃើញ​សត្វព្រៃ​កម្រ និង​ប្រភេទ​ជីវចម្រុះ​កម្រៗ​ជាច្រើន​ទៀត​របស់​កម្ពុជា​។

លោក ភក្ត្រា បាន​ថ្លែង​ក្នុង​ពេល​ដឹកនាំ​ប្រតិភូ​ក្រសួងបរិស្ថាន និង​ក្រុម​អ្នកសារព័ត៌មាន​ចុះ​ពិនិត្យ និង​ស្វែងយល់​ពី​ការងារ​រៀបចំ​គម្រោង​រេដបូក និង​ការគ្រប់គ្រង​ដែនជម្រក​សត្វព្រៃ​កែវសីមា​ក្នុង​ខេត្ដ​មណ្ឌលគិរី​ពី​ថ្ងៃ​ទី​ ៣ ដល់​ថ្ងៃទី ៥ ខែ​តុលា​ថា ដែនជម្រក​សត្វព្រៃ​កែវសីមា​មិន​ត្រឹមតែ​ជា​ដែនជម្រក​សត្វព្រៃ​ដែល​មាន​ព្រៃស្រោង និង​អាច​លក់​ឥណទាន​កាបូន​បាន​នោះ​ទេ​។ ប៉ុន្តែ​វា​គឺជា​តំបន់​ការពារ​ធម្មជាតិ​មាន​សារៈសំខាន់ កម្រិត​អន្តរជាតិ​ក្នុង​ការអភិរក្ស​សត្វព្រៃ និង​ជីវចម្រុះ​ជាច្រើន​ទៀត​របស់​កម្ពុជា​។

លោក​ថា​៖ «​ដែនជម្រក​សត្វព្រៃ​កែវសីមា​មាន​សារៈសំខាន់​កម្រិត​អន្តរជាតិ​ក្នុង​ការអភិរក្ស​សត្វ​ដំរី​អាស៊ី សត្វ​ពានរ រួមមាន​ទោច​ថ្ពាល់​លឿង ស្វា​កន្ទុយ​ស ប្រភេទ​មំសាសី និង​ប្រភេទ​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ទៀត​ក្នុង​នោះ​ប្រភេទ​សត្វ និង រុក្ខជាតិ ៧៥ ប្រភេទ​ជា​ប្រភេទ​រង​ការគំរាម​កំហែង​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN»​។

បច្ចុប្បន្ន​តំបន់​ជម្រក​សត្វ​ស្វា​កន្ទុយ​ស និង​ទោច​ថ្ពាល់​លឿង​ក្នុង​សហគមន៍​អណ្តូង​ក្រឡឹង​ក្នុង​ភូមិសាស្ត្រ​ឃុំ​សែនមនោរម្យ ស្រុក​អូររាំង បាននិង​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាពិសេស​ទេសចរ​បរទេស​ឱ្យមក​ទស្សនា​កម្សាន្ត​។

លោក ​ភក្ត្រា បាន​ជំរុញ​ឱ្យកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​​ និង​ពលរដ្ឋ​រួមគ្នា​ថែរក្សា​និង​ការពារ​អភិរក្ស​សត្វព្រៃ​កម្រ​ទាំងអស់​នេះ​ឱ្យបាន ជាពិសេស​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ និង​បង្ក្រាប​ការទន្ទ្រាន​កាន់កាប់​ដីព្រៃ ដោយ​ខុសច្បាប់ ដែល​សកម្មភាព​ទាំងនេះ​បាន​បំផ្លិចបំផ្លាញ​ជម្រក​ដ៏សុខសាន្ត​របស់​សត្វព្រៃ និង​ជីវចម្រុះ​ផ្សេង​ទៀត​៕