ភ្នំពេញៈ សាលា​បណ្ឌិត្យ​សភា​យោធា​អាមេរិក West Point បាន​បំភ្លឺ​ចំពោះ​បញ្ហា​ពាក់ព័ន្ធ​នឹង​សញ្ញាបត្រ​របស់​លោក ហ៊ុន ម៉ាណែត ដែល​លោក សម រង្ស៊ី បាន​ហៅថា «​សញ្ញាបត្រ​ប្រភេទ​ទី​ ២» ដែល​ងាយស្រួល​ទទួល​បាន​សម្រាប់​អ្នកដាក់ពាក្យ​ពិសេស​។

លោក Christopher Ophardt ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ និង​ទំនាក់ទំនង​នៅ​សាលា​បណ្ឌិត្យសភា​យោធា​អាមេរិក West Point បាន​ថ្លែង​តាម​អ៊ីមែល​កាលពី​ថ្ងៃ​សុក្រ​ថា​៖ «​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​បាន​បញ្ចប់​ការសិក្សា​ផ្នែក​យោធា​នៅ​សហរដ្ឋអាមេរិក​នៅ​សាលា West Point នៅ​ខែ​ឧសភា ឆ្នាំ​ ១៩៩៩​។ លោក​បាន​ទទួល​សញ្ញាបត្រ​បរិញ្ញា​ផ្នែក​វិទ្យាសាស្ត្រ ជំនាញ​សេដ្ឋកិច្ច​»​។

លោក​បាន​ថ្លែងថា យោង​តាម​កំណត់ត្រា​សាធារណៈ​នៃ​បញ្ជី​អ្នក​បញ្ចប់​ការសិក្សា និង​អតីត​សិស្ស​យោធា​ឆ្នាំ​ ២០១៥ បាន​ឲ្យ​ដឹងថា សិស្ស​យោធា​ចំនួន​ ៣ ​នាក់​មកពី​ប្រទេស ​កម្ពុជា ​បាន​បញ្ចប់​ការសិក្សា រួមមាន លោក ហ៊ុន ម៉ាណែត ក្នុង​ឆ្នាំ ១៩៩៩ កញ្ញា មៀច សិទ្ធិកា ​ក្នុង​ឆ្នាំ​ ២០១១ និង​លោក មៀច ចឺរី សូវិសាល ក្នុង​ឆ្នាំ​ ២០១៤ ដោយ​ទទួល​បាន​សញ្ញាបត្រ​បរិញ្ញា​ផ្នែក​វិទ្យាសាស្ត្រ​។

លោក​បាន​ថ្លែងថា គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​ការពារជាតិ​អាមេរិក និង​ក្រសួងការបរទេស​អាមេរិក​បាន​អនុញ្ញាត​ឲ្យ​និស្សិត​អន្តរជាតិ​ច្រើន​បំផុត​ចំនួន ៦០ នាក់​ មកពី​ក្រៅ​ប្រទេស​ដែលមាន​សិទ្ធិ​ដើម្បី​ចូលរៀន​ជា​កូនសិស្ស​យោធា រយៈពេល​ ៤ ​ឆ្នាំ​ ដើម្បី​ទទួលបាន​សញ្ញាបត្រ​បរិញ្ញា​ផ្នែក​វិទ្យាសាស្ត្រ និង​ត្រូវ​បញ្ចប់​រាល់​ការបណ្តុះបណ្តាល​យោធា​ទាំងអស់​ទៅ​តាម​លក្ខខណ្ឌ​តម្រូវ​ដែល​ដូចគ្នា​ទៅ​នឹង​កូនសិស្ស​យោធា​ជនជាតិ​អាមេរិក​ដែរ​។

លោក Christopher Ophardt បាន​ថ្លែងថា នីតិវិធី​ដាក់ពាក្យ​សម្រាប់​បេក្ខជន​អន្តរជាតិ គឺ​ដូចគ្នា​ទៅនឹង​នីតិវិធី​សម្រាប់​ពលរដ្ឋ​អាមេរិក​ដែរ​។ ការវាយតម្លៃ​អំពី​សក្តានុពល​របស់​បេក្ខជន​អន្តរជាតិ​សម្រាប់​ការចូល​រៀន​គឺ​ផ្អែក​ទៅ​លើ​ប្រវត្តិ​សិក្សា​ភាព​ជា​អ្នកដឹកនាំ កាយសម្បទា និង​សុខភាព​គ្រប់គ្រាន់​។

ការបំភ្លឺ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​លោក​ សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​កាលពី​ចុងខែ​កញ្ញា​ថា លោក ហ៊ុន ម៉ាណែត កូនប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​សញ្ញាបត្រ «​ប្រភេទ​ទី​ ២» ដែល​ចេញ​ឲ្យ​សម្រាប់តែ​សិស្ស​បរទេស​ប៉ុណ្ណោះ​។

លោក សម រង្ស៊ី បាន​ប្រាប់​អ្នកគាំទ្រ​នៅ​សហរដ្ឋអាមេរិក​កាលពី​ចុងខែ​កញ្ញា​ថា​៖ «​វា​ជា​សញ្ញាបត្រ​ប្រភេទ​ទី​ ២ ហើយ​វា​សម្រាប់​ទំនាក់ទំនង​ការទូត ដោយសារ​អាមេរិក​ចង់​បង្កើត​ទំនាក់ទំនង​ល្អ​។ ពួកគេ​ផ្តល់​សញ្ញាបត្រ​នេះ​ឲ្យ​កូន​នាយករដ្ឋមន្ត្រី​ ឬ​ប្រធានាធិបតី​បរទេស ដើម្បី​យក​ទៅ​អួត​នៅក្នុង​ប្រទេស​របស់​ខ្លួន​»​។

លោក សម រង្ស៊ី បាន​រក្សា​ការអះអាង​របស់​លោក​ដោយ​និយាយថា នៅ​អាមេរិក និង​អឺរ៉ុប​សញ្ញាបត្រ​ប្រភេទ​នោះ​គឺ​ «​ទុក​ឲ្យ​សម្រាប់​សិស្ស​បរទេស ដែល​មាន​ប្រវត្តិ​សិក្សា​ខ្សោយ ប៉ុន្តែ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​នយោបាយ​។ ការអនុវត្ត​បែបនេះ​គឺជា​ការពិត​មួយ​ដែល​គ្មាន​នរណាម្នាក់​អាច​ប្រកែក​បាន​»​។

លោក ហ៊ុន ម៉ាណែត មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​លោក​បាន​សុំ​ឲ្យ​លោក​ សម រង្ស៊ី ភ្នាល់​ជាមួយ​លោក​អំពី​សញ្ញាបត្រ​របស់​លោក​។ ប៉ុន្តែ​លោក សម រង្ស៊ី ថ្លែង​ថា​លោក​មិនចាំបាច់​ភ្នាល់​ទេ ដោយសារ​ការភ្នាល់​អ៊ីចឹង​គឺ​ដូច​កូនក្មេង​។

អ្នកស្រី មៀច សិទ្ធិកា ដែលជា​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​យោធា​ទាំង ៣ ​នាក់​ ពី West Point នោះ​បាន​ថ្លែង​នៅលើ​ហ្វេសប៊ុក​របស់​អ្នកស្រី​កាលពី​សប្តាហ៍​មុន​ថា អ្នកស្រី និង​ប្អូនប្រុស​របស់​អ្នកស្រី​ឈ្មោះ Sovisal Jerry Meach បានបញ្ចប់​ការសិក្សា​ពី​សាលា West Point ហើយ​ថា សាលា​នេះ​មិន​ចេញ​សញ្ញាបត្រ​កិត្តិយស​ ឬ​ «​សញ្ញាបត្រ​ប្រភេទ​ទី​ ២» ​ដូច​ការអះអាង​របស់​លោក សម រង្ស៊ី ទេ​។

អ្នកស្រី​និយាយថា​៖ «​សិស្ស​ច្បង​របស់ខ្ញុំ និង​ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ ជាមួយ​នឹង​ការលំបាក ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ដើម្បី​ទទួលបាន​សញ្ញាបត្រ​តម្លៃ​ដូចគ្នា​។ គាត់​ [​លោក សម រង្ស៊ី​] ​មើលងាយ​ខ្មែរ ដោយ​គិតថា ខ្មែរ​មិនអាច​យក​សញ្ញាបត្រ​ហ្នឹង​បាន​ហើយ​អាច​យក​តែ​សញ្ញាបត្រ​ដែល​មាន​ស្តង់ដា​ផ្សេង​ពី​ជនជាតិ​ដទៃ​»​។

អ្នកស្រី មៀច សិទ្ធិកា បាន​ថ្លែងថា​៖ «​វា​ពិតជា​ការប្រមាថ​នៅ​ពេលឮ​សម្តី​ទាំងនោះ ហើយ​វារឹតតែ​ជាការ​ប្រមាថ​ថែម​ទៀត​ដែល​គាត់​យក​ពាក្យ​នេះ​មក​ប្រើ​ដើម្បី​គោលនយោបាយ​របស់​គាត់​ដែល​គួរ​និយាយ​អំពី​បញ្ហា​សង្គម​ជាជាង​ការកុហក​។ គួរ​ឲ្យ​ខ្មាស់​គេ​ណាស់​!»​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​ថ្លែងថា មិនចាំបាច់​ចំណាយ​ពេលវេលា​ឥតប្រយោជន៍​ឆ្លើយតប​ទៅ​នឹង​ការអះអាង​របស់​លោក សម រង្ស៊ី នោះទេ​ដោយសារ​តែ​គាត់​គ្រាន់តែ​បង្កើត​ឲ្យ​មាន​អា​យ៉ៃ​ឆ្លើយឆ្លង​ប៉ុណ្ណោះ​។

អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ ​ថ្លែង​ថា​អ្នក​នយោបាយ​មិនគួរ​ឆ្ងល់​អំពី​សញ្ញាបត្រ​របស់​អ្នកដទៃ​ទេ​។ លោក​ថ្លែង​ថា​ លោក Gengis Khan ដែលជា​មេដឹកនាំ​ប្រទេស​ ម៉ុងហ្គោលី​ ដែល​បាន​គ្រប់គ្រង​ស្ទើរតែ​ពេញ​អាស៊ី​ពី​ប្រទេស​ចិន​រហូត​ដល់​ទីក្រុង​វីយែន​គឺជា​អ្នក​មិន​ចេះ​អក្សរ​៕ PS