ភ្នំពេញៈ អង្គការ​សុខភាព​ពិភពលោក​ (WHO) ​បាន​លើកឡើង​ថា កម្ពុជា​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង និង​បាន​ចាត់វិធានការ​បាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​ក្នុង​ការឆ្លើយតប​ជំងឺ​កូវីដ​ ១៩ ដែល​បាន​ធ្វើឱ្យ​ប្រទេស​នេះ គ្មាន​អ្នកស្លាប់ និង​គ្មាន​ការឆ្លង​នៅក្នុង​សហគមន៍​។ ប៉ុន្តែ WHO បាន​ព្រមាន​ថា កម្ពុជា​នៅតែ​បន្ត​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺឆ្លង​នេះ​នៅឡើយ​។

នៅក្នុង​របាយការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​ ២៩ ខែឧសភា​ ​ស្ដីពី​ការឆ្លើយតប​រយៈពេល​ ១០០ ​ថ្ងៃ​ របស់​ប្រទេស​កម្ពុជា​ ទៅ​នឹង​ជំងឺ​កូវីដ​ ១៩ WHO បាន​កោតសរសើរ​ដល់​រដ្ឋាភិបាល​កម្ពុជា​រួមទាំង​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ មកពី​ក្រសួង​សុខាភិបាល និង​ដៃគូ​សហការ​ខាង​បច្ចេកទេស ដែល​បានរួម​ចំណែក​ធ្វើឱ្យ​មាន​ការឆ្លើយ​តប​ទទួល​បាន​ជោគជ័យ​ទៅនឹង​ជំងឺឆ្លង​កូវីដ​ ១៩ នាពេល​កន្លងមក​។

ទោះជា​យ៉ាងណា WHO បាន​ព្រមាន​ថា ប្រទេស​កម្ពុជា​ បន្ត​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការរីករាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ​នៅឡើយ ដែល​ចាំបាច់​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​ត្រៀមខ្លួន​ឆ្លើយតប​ចំពោះ​ការឆ្លង​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​។

WHO បាន​សរសេរ​ថា​៖ «​ទោះបី​ជា​កម្ពុជា​កំពុង​គ្រប់គ្រង​បាន​កុំ​ឱ្យមាន​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩​ នៅក្នុង​ប្រទេស​របស់ខ្លួន​ក៏ដោយ ប៉ុន្តែ​វា​នៅតែ​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា​ដែល​ត្រូវតែ​ត្រៀមខ្លួន​បន្ត​សម្រាប់​ការឆ្លើយតប​ទៅនឹង​ជំងឺ​នេះ ក៏ដូចជា ការគំរាមកំហែង​សុខភាព​នាពេល​អនាគត​»​។

WHO បន្តថា ហានិភ័យ​នៃ​ការឆ្លង​រីករាលដាល​នៅ​កម្ពុជា​គឺ​នៅតែ​មាន​កម្រិត​ខ្ពស់​នៅឡើយ ព្រោះ​ថា​ករណី​នាំចូល​ពី​ក្រៅប្រទេស​មក​កម្ពុជា​គឺ​នៅតែ​អាច​កើតមាន​ទៀត ខណៈ​ប្រទេស​ជាច្រើន​កំពុងមាន​ការឆ្លង​នៅតាម​សហគមន៍​នៅឡើយ​។

WHO បន្តថា​៖ «​ជំងឺ​រាតត្បាត​នេះ​នឹងមិន​បញ្ចប់​ឆាប់ៗ​នេះឡើយ ហើយ​វា​នឹង​បញ្ចប់​គឺ​នៅពេល​ណា​ដែល​ពិភពលោក​ទាំងមូល​លែង​មាន​ការចម្លង​តទៅទៀត ដែល​នេះ​មាន​ន័យថា ពួកយើង​ត្រូវតែ​បន្ត​ពង្រឹង​ការត្រៀមខ្លួន ដើម្បី​ថែរក្សា​សុខភាព និង​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​ក្នុង​ឱកាស​ដ៏ល្អ​មុនពេល​កើតមាន​រលក​ថ្មី​នៃ​ការចម្លង​នាពេល​ខាង​មុខ​»​។

កម្ពុជា​បាន​រាយការណ៍​ថា មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​សរុប​ចំនួន​ ១២៥ ​នាក់​​ ក្នុងនោះ​ ១២៣ ​នាក់​ ត្រូវបាន​ព្យាបាល​ជា​សះស្បើយ​គិត​ចាប់តាំងពី​បាន​រកឃើញ​ករណី​ដំបូង​ដែល​ជា​ការនាំចូល​ជំងឺ​កូវីដ​ ១៩​ ពី​ប្រទេស​ចិន​ កាលពី​ថ្ងៃទី ២៧ ​ខែ​ មករា ​ឆ្នាំ​ ២០២០​។ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា ការរកឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩​ នៅ​កម្ពុជា​គឺ​ភាគច្រើន​លើសលប់​ជា​ការនាំចូល​ពី​ក្រៅប្រទេស​។

របាយការណ៍​ពី WHO បញ្ជាក់​ថា​ កម្ពុជា​កំណត់​អត្តសញ្ញាណ​នៃ​ការឆ្លង​ជា​ចង្កោម​ធំៗ​ចំនួន ៥ ដែល​មានន័យថា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩​ ច្រើន​នាក់​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប៉ះពាល់​ផ្ទាល់​ជាមួយ​ប្រភព​នៃ​ការឆ្លង​តែមួយ​ដូចជា អ្នក​ឆ្លង ៧ ​នាក់ ​នៅលើ​នាវា​ទេសចរណ៍​ឈ្មោះ Viking Mekong ដែល​ធ្វើដំណើរ​ចេញពី​ប្រទេស​វៀតណាម និង​ជា​ករណី​ឆ្លង​ជា​ចង្កោម​លើកដំបូង​នៅ​កម្ពុជា​។

ចង្កោម​ទី​ ២ គឺ​មនុស្ស​ ៣៤ ​នាក់​ ​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ បន្ទាប់ពី​ធ្វើដំណើរ​ទៅ​ចូលរួម​កម្មវិធី​សាសនា​មួយ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​បន្ទាប់មក​អ្នក​ទាំងនោះ​បាន​ចម្លង​ទៅដល់​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​ចំនួន​ ៩ ​នាក់​ទៀត​។ ចង្កោម​ទី​ ៣ គឺ​មនុស្ស​ចំនួន​ ៣១ ​នាក់​ បាន​ឆ្លង​ស្ថិតក្នុង​ចំណោម​ក្រុម​ទេសចរ​ជនជាតិ​បារាំង​មួយ​ទៅកាន់​ខេត្ត​ព្រះសីហនុ ហើយ​បាន​ធ្វើឱ្យ​ឆ្លង​ទៅដល់​អ្នក​ប៉ះពាល់​ផ្ទាល់​ចំនួន ៨ ​នាក់​ថែមទៀត​។

ចំណែក​ចង្កោម​ទី​ ៤ ​គឺ​មួយ​ករណី​នាំចូល​ពី​ប្រទេស​ថៃ ហើយ​បាន​ចម្លង​ទៅដល់​មនុស្ស​ដែល​មាន​ទំនាក់​ទំនង​ជា​ប្រពៃណី​ចំនួន​ ៤ ​នាក់​ទៀត ហើយ​ចង្កោម​ទី​ ៥ គឺ​អ្នកដំណើរ​ជនជាតិ​ចិន​មកពី​ទីក្រុង Guangzhou ដែល​បាន​ចម្លង​ទៅដល់​អ្នក​ប៉ះពាល់​ផ្ទាល់​ចំនួន ៤ ​នាក់​ទៀត​។

វីដេអូ៖

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ធ្លាប់បាន​បញ្ជាក់ថា ថ្វីដ្បិត​កម្ពុជា​មាន​ករណី​ជំងឺ​កូវីដ​ ១៩​ តិចតួច​ក្តី ប៉ុន្តែ​កម្ពុជា​មិនទាន់​ឆ្លង​ផុត​អំពី​ជំងឺ​នេះ​នៅឡើយ ដែល​តម្រូវ​ឱ្យ​ពលរដ្ឋ​ផ្លាស់ប្ដូរ​ឥរិយាបថ​រស់​​នៅ​ជា​ចាំបាច់​ឱ្យ​ស្រប​ទៅតាម​ស្ថានការណ៍​នៃ​ជំងឺ​កូវីដ​ ១៩​។

មន្ត្រី​រូបនេះ​បញ្ជាក់​ថា ពលរដ្ឋ​ត្រូវ​ប្រកាន់​ភ្ជាប់​នឹង​វិធានការ​ការពារ​ខ្លួន​ចំនួន​ ៣ ​ចំណុច​សំខាន់​គឺ​ទី​១ ធ្វើ​អនាម័យ​ដៃ​ស្អាត ទី​២ ​ពាក់​ម៉ាស់ ឬ​ក្រមា​នៅពេល​ចាំបាច់​ ឬ​នៅពេល​កណ្ដាស់​ ឬ​ក្អក និង​ទី​៣ ​ត្រូវ​បន្ត​រក្សា​គម្លាត​សុវត្ថិភាព​នៅពេល​ជួបជុំ​។

អង្គការ​សុខភាព​ពិភពលោក​បន្ត​ជំរុញ​ឱ្យ​កម្ពុជា​ត្រូវ​បន្ត​ផ្តោតលើ​ការត្រួតពិនិត្យ​ច្រកចូល​នៅតាម​អាកាសយានដ្ឋាន និង​តាម​ច្រកព្រំដែន ពង្រីក​ការឃ្លាំមើល​ជំងឺ ពង្រឹង​មន្ទីរពិសោធន៍ និង​ពង្រឹងសមត្ថភាព​ឆ្លើយតប និង​តាមដាន​នៅតាម​ខេត្ត ស្រុក ​និង​សហគមន៍ និង​បន្ត​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ដែលមាន​ហានិភ័យ នៅពេល​ស្ថានភាព​កំពុង​វិវត្ត​។

កាលពី​ថ្ងៃ​ម្សិលមិញ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា ពលរដ្ឋ​ត្រូវ​បន្ត​ពន្យារពេល​រៀប​អាពាហ៌ពិពាហ៌ ពិធីជប់លៀង និង​ការចាក់​ធុងបាស​រាំ​ដោយសារ​តែ​នៅ​ប្រទេស​ជិតខាង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩​ខ្លាំងក្លា​នៅឡើយ​។

គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​នៅ​ទូទាំង​ពិភពលោក អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩​ កើន​លើស​ពី ៦,១ ​លាន​នាក់ ​ក្នុង​នោះ​មាន​អ្នក​ជាសះស្បើយ​ជាង​ ៤០ ​ភាគរយ និង​អ្នកស្លាប់​កើន​ដល់​ប្រមាណ​ ៣២ ​ម៉ឺន​នាក់​៕