ភ្នំពេញៈ អង្គការសុខភាពពិភពលោក WHO បានដាក់ឱ្យដំណើរការ «យុទ្ធសាស្ត្រសកលដើម្បីពន្លឿនការលុបបំបាត់ជំងឺមហារីកមាត់ស្បូន» ដោយផ្ដោតសំខាន់លើការចាក់វ៉ាក់សាំង ការពិនិត្យ និងព្យាបាល ខណៈដែលនៅកម្ពុជាជំងឺនេះឈរនៅលំដាប់ទី ១ ក្នុងចំណោមប្រភេទមហារីកទាំងអស់។
WHO កាលពីថ្ងៃទី ១៧ ខែវិច្ឆិកាបានដាក់ចេញយុទ្ធសាស្ត្រមួយឈ្មោះថា «យុទ្ធសាស្ត្រសកល ដើម្បីពន្លឿនការលុបបំបាត់ជំងឺមហារីកមាត់ស្បូន» ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់ជំងឺមហារីកស្បូន។ យុទ្ធសាស្ត្រនេះ ផ្ដោតលើជំហានចំនួន ៣ រួមមានការចាក់វ៉ាក់សាំង ការពិនិត្យ និងការព្យាបាល។ ប្រសិនបើកិច្ចការទាំង ៣ នេះអាចសម្រេចបាន WHO ប៉ាន់ប្រមាណថា វាអាចកាត់បន្ថយជំងឺមហារីកមាត់ស្បូនបានរហូតដល់ ៤០ ភាគរយ ហើយអាចកាត់បន្ថយមរណភាពពាក់ព័ន្ធនឹងជំងឺនេះបានប្រមាណ ៥ លាននាក់ នៅឆ្នាំ ២០៥០។
លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការ WHO ថ្លែងដូច្នេះថា៖ «ការលុបបំបាត់ជំងឺមហារីកប្រភេទណាមួយពីមុនមកហាក់ដូចជាសុបិនដែលមិនអាចសម្រេចបាន ប៉ុន្តែឥឡូវនេះយើងមានឧបករណ៍ដែលផ្ដល់នូវលទ្ធផលល្អ និងជាក់លាក់ដើម្បីធ្វើឱ្យសុបិននេះក្លាយជាការពិត។ ប៉ុន្តែយើងអាចលុបបំបាត់ជំងឺមហារីកមាត់ស្បូនដែលជាបញ្ហាសុខភាពសាធារណៈបាន ប្រសិនបើយើងភ្ជាប់អំណាចនៃឧបករណ៍ដែលយើងមានទៅនឹងការប្ដេជ្ញាចិត្តមិនចុះញ៉ម ដើម្បីពង្រីកការប្រើប្រាស់នៅទូទាំងសកលលោក»។
ជំងឺមហារីកមាត់ស្បូនជាជំងឺដែលគេអាចទប់ស្កាត់ និងព្យាបាលបាន ប្រសិនបើវាត្រូវបានពិនិត្យឃើញនៅដំណាក់កាលដំបូង និងមានការព្យាបាលបានដិតដល់។ ប៉ុន្តែវាជាជំងឺមហារីកលំដាប់ទី ៤ សម្រាប់ស្ត្រីនៅលើសកលលោក។ ប្រសិនបើមិនមានវិធានការទេ ជំងឺនេះអាចកើតមានចន្លោះពី ៥៧ ម៉ឺនទៅ ៧០ ម៉ឺនករណី នៅចន្លោះពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០៣០ ដោយអត្រាអ្នកស្លាប់អាចមានពីជាង ៣១ ម៉ឺន ទៅ ៤០ ម៉ឺននាក់។ អត្រាមរណភាពអាចកើនឡើង ២ ដងនៅប្រទេសកំពុងអភិវឌ្ឍន៍។
WHO ថ្លែងថា ការរាតត្បាតសកលនៃជំងឺកូវីដ ១៩ ធ្វើឱ្យមានបញ្ហាប្រឈមក្នុងការទប់ស្កាត់មរណភាពបណ្ដាលមកពីជំងឺមហារីកដោយសារតែមានការរំខានដល់សេវាចាក់វ៉ាក់សាំង ពិនិត្យ និងការព្យាបាលការបិទព្រំដែនដែលកាត់បន្ថយលទ្ធភាពទទួលបានការផ្គត់ផ្គង់ការរារាំងដល់ការធ្វើដំណើររបស់វិស្វករជីវសាស្ត្រជំនាញដើម្បីថែទាំសម្ភារដែលមាន។ កូវីដ ១៩ ក៏រារាំងស្ត្រីនៅទីជនបទក្នុងការធ្វើដំណើរមកមន្ទីរពេទ្យដើម្បីទទួលការព្យាបាល។ ការបិទសាលារៀនក៏បង្អាក់ដល់ការចាក់វ៉ាក់សាំងនៅតាមសាលារៀនផងដែរ។ នេះបើតាម WHO។
WHO ជំរុញឱ្យប្រទេសទាំងអស់នៅលើពិភពលោកធានាបានថា ការចាក់វ៉ាក់សាំង ការពិនិត្យ និងព្យាបាលអាចបន្តប្រកបដោយសុវត្ថិភាព ដោយមានការប្រុងប្រយ័ត្នចាំបាច់។
លោកស្រីវេជ្ជបណ្ឌិត Princess Nothemba Simelela ជំនួយការអគ្គលេខាធិការ WHO ថ្លែងថា៖ «ការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមាត់ស្បូនក៏ជាការប្រយុទ្ធប្រឆាំងដើម្បីសិទ្ធិស្ត្រីផងដែរ។ ការឈឺចាប់ដែលមិនចាំបាច់បង្កឡើងដោយជំងឺដែលអាចបញ្ចៀស និងព្យាបាលបាននេះ បង្ហាញពីភាពអយុត្តិធម៌ដែលប៉ះពាល់ដល់សុខភាពរបស់ស្ត្រីនៅជុំវិញពិភពលោក។ បើយើងរួមគ្នា យើងអាចបង្កើនបាននូវប្រវត្តិសាស្ត្រដើម្បីធានាឱ្យបាននូវអនាគតមួយដែលគ្មានជំងឺមាហារីកមាត់ស្បូន»។
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានមជ្ឈមណ្ឌលជាតិជំងឺមហារីកដែលស្ថិតនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតឱ្យដឹងកាលពីថ្ងៃទី ១៧ វិច្ឆិកា ថា តាមការប៉ាន់ប្រមាណរបស់ WHO ជំងឺមហារីកមាត់ស្បូនគឺជាជំងឺមហារីកទី ១ ក្នុងចំណោមមហារីកប្រភេទផ្សេងទៀតនៅកម្ពុជា។ ក្នុងមួយឆ្នាំៗ ស្ត្រីកម្ពុជាដែលកើតជំងឺនេះមានចំនួនចន្លោះពី ១ ៥០០ នាក់ ទៅ ២ ៥០០ នាក់ ក្នុងចំណោមពលរដ្ឋប្រមាណ ១៦ លាននាក់។ ក្នុងចំណោមអ្នកកើតជំងឺនេះ ៦០ ភាគរយបានទទួលមរណភាព។
លោកថា៖ «ភាគច្រើនបងប្អូនស្ត្រីគាត់មកព្យាបាលនៅមន្ទីរពេទ្យ ច្រើនតែនៅដំណាក់កាលធ្ងន់ធ្ងរដែលការព្យាបាលឱ្យជាសះស្បើយជួបការលំបាក។ មានបងប្អូនខ្លះ ដែលគាត់បានមកព្យាបាលនៅដំណាក់កាលដំបូងៗ ហើយការព្យាបាលរបស់គាត់ទទួលបានជោគជ័យទៅតាមហ្នឹង»។
លោកបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានទទួលព្យាបាលជំងឺនេះតាំងពីឆ្នាំ ២០០៣ ខណៈមន្ទីរពេទ្យកាល់ម៉ែតចាប់ផ្ដើមព្យាបាលជំងឺនេះនៅឆ្នាំ ២០១៨។ ប៉ុន្តែក្រៅពីនេះក៏មានមន្ទីរពេទ្យឯកជនផ្សេងៗដែលទទួលពិនិត្យជំងឺនេះដែរ។
លោកផ្ដាំដល់ស្ត្រីដែលកើតជំងឺនេះ ឱ្យប្រញាប់ទៅទទួលការព្យាបាលនៅមន្ទីរពេទ្យជាជាងការព្យាបាលតាមការយល់ឃើញ ឬតាមការនិយាយតៗគ្នា ដែលធ្វើឱ្យជំងឺនេះវិវត្តពីដំណាក់កាលស្រាលទៅធ្ងន់ធ្ងរព្យាបាលមិនជា។ សម្រាប់ស្ត្រីដែលមិនទាន់កើតជំងឺមហារីកមាត់ស្បូន លោកស្នើឱ្យពួកគាត់ទៅពិនិត្យកោសិកាមាត់ស្បូនម្ដងក្នុង ១ ឆ្នាំចាប់តាំងពីពួកគាត់មានគ្រួសាររហូតដល់អាយុ ៧០ ឆ្នាំ។ ការធ្វើបែបនេះគឺដើម្បីពិនិត្យមើលការវិវត្តដំណាក់កាលដំបូងនៃជំងឺនេះដែលនៅដំណាក់កាលនេះគេអាចព្យាបាលជាសះស្បើយស្ទើរតែ ១០០ ភាគរយ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា៖ «បងប្អូនដែលមានកូនស្រីចាប់ពីអាយុ ១០ ឆ្នាំឡើងទៅសូមទៅចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ព្រោះ ១ ជីវិតចាក់តែ ៣ ដងទេ ហើយអាចការពារបាន ១ ជីវិត។ អ៊ីចឹងការចាក់វ៉ាក់សាំងលើកុមារីតូចៗហ្នឹងមានប្រសិទ្ធភាពខ្ពស់មែនទែន ជាពិសេសអ្នកនៅលីវ។ មុននឹងមានគ្រួសារគួរតែនាំគ្នាចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទៅ»៕