ភ្នំពេញៈ អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ផ្តល់​ពាន​ពិសេស​ដល់​លោក មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ចំពោះ​ស្នាដៃ​ឆ្នើម​របស់​លោក​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ជំរុញ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​ថ្នាំជក់​អស់​រយៈកាល​ជាង ២០ ឆ្នាំ​ ​ដែល​ជា​លទ្ធផល​បាន​ធ្វើឲ្យ​ការគ្រប់គ្រង​ផលិតផល​ថ្នាំជក់​មាន​ភាពប្រសើរ​ឡើង​។

លោកស្រី​វេជ្ជបណ្ឌិត Li Ailan តំណាង WHO ប្រចាំ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្តល់​ពាន​ពិសេស​ដល់​លោក មុំ គង់ កាលពី​ថ្ងៃ​ទី​ ១៦ ខែមិថុនា នៅ​ការិយាល័យ WHO ប្រចាំ​កម្ពុជា​ថា នេះ​ជា​កិត្តិយស​ក្រៃលែង​ស្រប​ពេល​ដែល WHO ទទួល​ស្គាល់​បុគ្គល ឬ​ស្ថាប័ន ចំពោះ​ស្នាដៃ​ឆ្នើម និង​សមិទ្ធផល​ក្នុង​វិស័យ​ថ្នាំជក់​ដែល​ទទួលស្គាល់​ដោយ​ការិយាល័យ​ទាំង​ ៦ ​ប្រចាំ​តំបន់​របស់ខ្លួន​។

លោកស្រី​បន្តថា ការងារ​របស់​លោក​វេជ្ជបណ្ឌិត មុំ គង់ ជាង​ ២ ​ទសវត្សរ៍​មកនេះ​បាន​នាំមក​នូវ​សមិទ្ធផល​ច្រើន​អនេក​នៅក្នុង​វិស័យ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​។ លោក មុំ គង់ គឺជា​បុគ្គល​សំខាន់​មួយរូប​ក្នុង​ការជំរុញ​ឱ្យ​មាន​ការអនុម័ត​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​នៅ​ឆ្នាំ​ ២០១៥ និង​ការដក​ការផ្សាយ​ពាណិជ្ជកម្ម​ថ្នាំជក់​។ ​​«​តាមរយៈ​ភាព​ជា​អ្នកដឹកនាំ​របស់​លោក​វេជ្ជបណ្ឌិត លោក​មាន​លទ្ធភាព​បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​នៅក្នុង​ជួរ​រដ្ឋាភិបាល ក្រុម​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការជំរុញ​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​។ អ្វីដែល​សំខាន់​មួយទៀត​លោក​វេជ្ជបណ្ឌិត​បាន​ជំរុញ​ឱ្យ​មាន​ការចូលរួម​ពី​យុវជន​កម្ពុជា​នៅក្នុង​ការខិតខំ​ប្រឹងប្រែង​ក្នុង​វិស័យ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​»​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បច្ចុប្បន្ន លោក​វេជ្ជបណ្ឌិត មុំ គង់ បាន​កំពុង​ដឹកនាំ​អង្គការ​មួយ​នេះ​ក្នុង​ការបន្ត​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​នៅ​កម្ពុជា ដើម្បី​ឈាន​ទៅ​កាត់បន្ថយ​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ខ្មែរ ដែល​បណ្ដាល​មកពី​ការប្រើប្រាស់​ថ្នាំជក់​។

លោក​ មុំ គង់​ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​បន្ថែម​ពី​ថ្ងៃ​ពុធ​ថា ការទទួល​បាន​ពាន​ពិសេស​នេះ​គឺជា​មោទនភាព​មួយ​សម្រាប់​លោក និង​កម្ពុជា​ទាំងមូល​ដែល​បាន​ឆ្លងកាត់​នូវ​ឧបសគ្គ​ទាំងឡាយ ដើម្បី​ធ្វើឲ្យ​មាន​ការប្រសើរ​ក្នុង​ការគ្រប់គ្រង​ផលិតផល​ថ្នាំជក់​។

លោក​បន្តថា បើទោះ​ជា​មាន​ភាពល្អប្រសើរ ប៉ុន្តែ​ឧបសគ្គ​ចម្បង​មួយ​ក្នុង​ការបង្កើត និង​អនុវត្ត​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​គឺ​ការជ្រៀតជ្រែក​របស់​ឧស្សាហកម្ម​ថ្នាំជក់​នៅតែ​បន្ត​មាន ព្រោះ​អ្នកប្រើប្រាស់​បារី ឬ​ថ្នាំជក់ នៅតែ​មាន​ចំនួន​ច្រើន ជាពិសេស​យុវជន​។

លោក​បញ្ជាក់​ថា​៖ «​នៅ​ប្រទេស​កម្ពុជា​យើង កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ ដែល​ឆ្ពោះ​ទៅ​រក​វឌ្ឍនភាព បើទោះ​ជា​មិនទាន់​ដល់​គោលដៅ ដែល​យើង​ចង់​បាន ប៉ុន្តែ​កំពុង​ដើរ​ទៅ​លើផ្លូវ​ដែល​យើង​ចង់បាន​។ មាន​ន័យថា យើង​បាន​ធ្វើឲ្យ​អត្រា​នៃ​ការជក់បារី​បាន​ថយ​ចុះ​ជា​រៀងរាល់ ៤ ​ឆ្នាំ​ម្តង​ពី​ ៥០ ​ភាគរយ​មក​នៅត្រឹម​ជាង ៣០ ​ភាគរយ​...»៕