ភ្នំពេញ៖ ​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា​ចេញ​សារ​អប​អរ​សាទរ​ទិវា​ពិភព​លោក​គ្មាន​ថ្នាំជក់​ថ្ងៃទី​ ៣១ ​ខែឧសភា​ឆ្នាំ ២០២១ នេះ​ ដោយបាន​អំពាវ​នាវ​ឱ្យមាន​សកម្ម​ភាព​ខ្លាំងក្លា​បន្ថែម​ទៀត ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីក​រាល​ដាល​នៃ​ថ្នាំជក់​សម្រាប់​ការពារ​មនុស្ស​ជំនាន់​ក្រោយ​។

ដើម្បី​ចូលរួម​ប្រារព្ធ​ទិវា​ពិភព​លោក​គ្មាន​ថ្នាំជក់​ក្នុងឆ្នាំនេះ អង្គការ​សុខភា​ព​ពិភព​លោក (​WHO) បាន​កំណត់​យក​ប្រធាន​បទ “ការ​ផ្ដាច់​បារី” ស្រប​ពេល​ដែល​ការ​ជក់បារី​ ត្រូវបាន​គេ​ចាត់​ទុក​កត្តា​ផ្សារភ្ជាប់​ជាមួយនឹង​ការកើនឡើ​ង​នៃ​ភាព​ធ្ងន់​ធ្ងរ​នៃ​ជំងឺ និង​ការ​ស្លាប់​ចំពោះ​អ្នកជំងឺកូវីដ១៩ ​ដែល​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ។

អង្គការ​សុខ​ភាព​ពិភពលោក​ប្រចាំ​កម្ពុជាបាន​សរសេរ​នៅលើ​គេហទំព័រ​របស់ខ្លួន​ ដើម្បី​ចូលរួម​អបអរ​ទិវា​នេះយ៉ាង​ដូច្នេះ​ថា «ការចំណាយ​លើ​ថ្នាំជក់​ ធ្វើឱ្យ​បាត់បង់​ជីវិត បណ្តាល​ឱ្យខាត​បង់​សេដ្ឋកិច្ច និង​រួមចំណែក​ដល់​ការ​រេច​រឹល​នៃ​បរិស្ថាន​ និង​បង្ក​កា​រគំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​កា​រអភិវ​ឌ្ឍប្រក​បដោយ​ចីរភាព​។

អង្គការ​នេះប​ន្តថា ក្នុង​បរិបទ​ប្រទេស​កម្ពុជា ថ្នាំជក់បានធ្វើ​ឱ្យប្រជា​ជន​កម្ពុជា​ប្រមាណ ២,៤ លាន​នាក់ ឬ ២២ ភាគ​រយ​​នៃ​ប្រជាជន ​ដែលមាន​អាយុ​លើសពី ១៥ ឆ្នាំ​ឡើងទៅ ប្រើ​ប្រាស់​ទម្រង់​ណាមួយ​នៃ​ប្រភេទ​ថ្នាំជក់ ហើយ​ប្រឈម​នឹង​ហានិ​ភ័យ​ខ្ពស់​នៃ​ជំងឺ​និង​ការ​ស្លាប់​មុន​អាយុ ព្រមទាំង​ភាព​ក្រីក្រ។​

តាម​របាយកា​រណ៍​រប​ស់ (WHO) បាន​អះអាង​ថា ជា​រៀងរាល់ឆ្នាំ​ ថ្នាំជក់បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ១៥ ០០០​ នាក់ ដែល​ ១ ភាគ ៣ នៃ​អ្ន​កស្លាប់​នេះ គឺ​ស្ថិត​ក្នុងចំណោម​ប្រជា​ជន​ក្រីក្រ​បំផុត​នៅ​កម្ពុជា​។ ជា​លទ្ធ​ផល​​អង្គការ​មួយ​នេះ បាន​មើលឃើញថា​ ប្រទេស​កម្ពុជា​ទទួលរង​នូវ​ការខាតបង់​សេដ្ឋកិ​ច្ច​ប្រចាំឆ្នាំ​ចំនួន​ ២,៧ ពាន់​ពាន់​លាន​រៀល ឬ​ស្មើនឹង ​៦៦៣ ​លាន​ដុល្លារ ដែល​ស្មើនឹង ៣ ភាគរយ​នៃ​ផលិត​ផល​ក្នុងស្រុក​សរុប​របស់​​កម្ពុជា ​ដោយ​សារការ​ប្រើប្រា​ស់​ថ្នាំ​ជក់​។

ដូច្នេះ​ដើម្បី​អាច​ស្រោច​ស្រង់​ផល​វិ​ប​ត្តិ​ទាំង​នេះ​បានអង្គ​ការសុ​ខភាពពិភព​លោក​អំពាវ​នាវឱ្យភាគី​ពាក់​ព័ន្ធ​គួរ​បង្កើន​សកម្ម​ភាព​ឱ្យបាន​ខ្លាំងក្លា​បន្ថែម​ទៀត ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីក​រាល​ដាល​នៃ​ថ្នាំជក់​សម្រាប់​ការពារ​មនុស្ស​ជំនាន់​ក្រោយ​។

អង្គការ​នេះបាន​បញ្ជាក់​ថា៖​ «អ្វីដែល​ត្រូវមាន​សកម្មភាព​បន្ថែម​ទៀតគឺ​ ដំឡើង​ពន្ធ​លើ​ថ្នាំជក់​យ៉ាង​តិច ៧៥ ភា​គរយ​នៃ​តម្លៃ​លក់​រាយ​ជាមួយ​នឹង​ការកើ​នឡើង​ជាប្រចាំ ដើម្បី​ធ្វើឱ្យ​អតិផរ​ណា​កើន​ឡើង​ និង​កំណើន​ប្រាក់​ចំណូល។ បែង​ចែក​ចំ​ណូលពន្ធ​ថ្នាំជក់ ដើម្បី​ជា​វិធានការ​គាំទ្រ​ដល់​ជនក្រីក្រ ដូចជា​ ការផ្តល់​ធានា​រ៉ាប់រង​សុខភាព​ជាស​កល គាំទ្រ​ដល់​កសិករ និង​កម្មករ​ដែល​ធ្វើការ​ក្នុង​វិស័យ​ថ្នាំជក់ឱ្យផ្លាស់​ប្តូរ​របៀប​រស់នៅ និង​ទទួល​បានការ​គាំពារ​សង្គម​ដទៃ​ទៀត​»។

បន្ថែម​ពីនេះ WHO ក៏​អំពាវ​នាវ​ឱ្យភាគី​ពាក់ព័ន្ធ​ចូលរួម​លើក​កម្ពស់​ការយ​ល់ដឹ​ង​ក្នុងចំ​ណោម​សាធារ​ណជន និង​អ្នក​ធ្វើ​គោ​លនយោ​បាយ​អំពី​ការចំ​ណាយ​ពិត​នៃ​ថ្នាំជក់ និង​អត្ថប្រ​យោជន៍​សុខ​ភាព និង​ការអ​ភិវឌ្ឍ​ដ៏​ធំធេង​នៃ​ការគ្រប់​គ្រង​ថ្នាំជក់ ជាពិ​សេស​ក្នុងចំ​ណោម​ប្រជា​ជន​ដែល​មាន​ចំណូល​ទាប​។

អង្គការ​នេះបាន​បញ្ជាក់​ថា៖ «ការជក់​បារី​ត្រូវបាន​ផ្សារភ្ជា​ប់​ជាមួយនឹ​ង​ការកើន​ឡើង​នៃ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ និង​ការ​ស្លាប់​ ចំពោះ​អ្នក​ជំងឺ ​ដែល​កំពុង​សម្រាក​ព្យា​បាល​ជំងឺ​កូ​វីដ១៩នៅ​មន្ទីរពេទ្យ។ ការយក​ពន្ធ​ថ្នាំជក់​ដើរតួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​គាំទ្រ​ដល់​ការកា​រពារ​សុខភាព​ស​កល និ​ង​ការកា​រពារ​សង្គម។ ការ​ចូលរួម​យ៉ាងខ្លាំង​ក្លា​ក្នុងការ​គ្រប់​គ្រង​ថ្នាំជក់ អា​ចជួយ​កាត់ប​ន្ថយ​ភាព​ងាយ​រងគ្រោះ និង​បង្កើន​ភាព​ធន់​របស់​ប្រទេស​កម្ពុជា ក្នុង​គ្រា​មាន​អាសន្ន​នាពេល​អនាគ​ត»។

លោក​ មាស សុខ​សេន​សាន អ្នកនាំ​ពាក្យ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​ ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ថា ការ​សម្រេច​ដំឡើ​ង​ពន្ធ​លើ​ផលិត​ផល​ថ្នាំជក់​បន្ថែមទៀ​តក្នុងពេ​លនេះគឺ​ អាស្រ័យ​ទៅលើ​ការ​សិក្សា​លម្អិត​បន្ថែម​ទៀត ខណៈ​​​​ការ​យកព​ន្ធ​លើ​ផលិត​ផល​ថ្នាំជកក់ទាំង​នេះ គឺ​រដ្ឋាភិ​បាល​បាន​សិក្សា​យ៉ាង​ហ្មត់ច​ត់​រួចម​កហើ​យ។​

លោកបា​ន​សង្កត់​ធ្ង​ត់​ថា ក្រសួង​សេដ្ឋកិច្ច បាន​យកចិ​ត្តទុកដាក់​យ៉ាងខ្លាំ​ងក្នុងការគ្រប់គ្រង​ផលិតផ​ល​ថ្នាំ​ជក់​នៅក្នុង​ប្រទេស ​ខណៈ​ភាគី​ពាក់​ព័ន្ធបានចា​ត់ទុក​បញ្ហា​ទាំងនេះ​ ជា​អាទិភា​ព​ដើម្បី​ពិ​ភាក្សា​គ្នា។

​លោកបា​ន​បញ្ជាក់​ថា៖ «កិច្ចការ​នេះ យើង​បាន​ប្រជុំ​ច្រើនដង​ហើយ ដើម្បី​វាយត​ម្លៃ​ឱ្យបាន​គ្រប់​ជ្រុង​ជ្រោយ ​​ព្រោះ​គោលនយោបា​យ​ពន្ធ​មួយៗ គឺ​មិន​ស្រួល​នោះទេ គឺ​វា​មាន​ចំណុច​ល្អ និង​ចំណុច​អាក្រក់។ គ្រាន់តែ​បញ្ហា​នេះ រដ្ឋាភិ​បាល​​គាត់​ត្រូ​វ​ថ្លឹងថ្លែ​ង​ ហើយ​ក្នុង​កិច្ចការ​ដំឡើង​ពន្ធ​នេះ»។

លោក​ មុំ គ​ង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា ដើ​ម្បី​សុខភាព​កម្ពុជា បាន​លើក​ឡើងថា ​ប្រសិនបើ​កម្ពុជាអាច​ដំឡើង​ពន្ធ​លើ​​ផលិតផល​ថ្នាំជក់បា​ន នោះ​​គឺជា​វិធា​នការ​មួយ​ក្នុង​ការជួយ​គាំទ្រ​ឱ្យប្រជាព​លរដ្ឋ​អាច​ផ្ដាច់​បារី​បាន​ជោគជ័​យ ​ព្រោះថា​ការ​ដំឡើង​ពន្ធ​ថ្នាំជក់ នឹង​នាំ​ឱ្យអ្នក​ជក់កា​ត់ប​ន្ថយ​បារី ឬ​ផ្ដាច់​បារី​ទាំងស្រុ​ង​តែម្ត​ង។

លោកបាន​បញ្ជាក់ដែរថា៖«អ្នក​ជក់បា​រី ជក់​តិ​ចជាង​មុន ​ឬផ្ដាច់​បារី​ទាំ​ងស្រុង​ ដែល​នាំទៅរក​ការថយ​ចុះ​ចំនួន​អ្នក​ស្លាប់ អ្នក​ពិការ និង​អ្នក​ឈឺ​ដោយ​ការប្រើប្រា​ស់​ថ្នាំជ​ក់។ លើសពី​នេះ​ទៀត​ការដំ​ឡើង​ពន្ធ​ថ្នាំជក់ធ្វើ​ឱ្យរាជរ​ដ្ឋាភិបាល​ទទួលបាន​ចំណូល​ពន្ធ​បន្ថែម​ សម្រាប់​ប្រើប្រាស់​លើ​ការទប់ស្កាត់​​ជំងឺ​ ជាពិ​សេស ​ការទប់ស្កាត់ និង​ការព្យា​បាល​ជំងឺ​កូ​វីដ១៩»​៕

វីដេអូ៖