ភ្នំពេញៈ អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ពី​ម្សិលមិញ​បាន​ផ្ដល់​ជំនួយ​សម្ភារ​សម្រាប់​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដល់​ក្រសួងសុខាភិបាល​មួយ​ចំនួន ក្នុង​នោះ​រួមមាន​កុំព្យូទ័រ​យួរដៃ ម៉ាស៊ីន​ព្រីនធ័រ​ពហុមុខងារ អាវកាក់​ពាក់​ក្រៅ និង​មួក​មាន​ឡូហ្គោ​សង្គ្រោះបន្ទាន់ រួម​នឹង​ម៉ាស៊ីន​វាស់​កំហាប់​អុកស៊ីហ្ស៊ែន​នៅ​ម្រាមដៃ​ជាដើម​។

ពិធី​ប្រគល់​ទទួល​អំណោយ​របស់​អង្គការ​សុខភាព​ពិភពលោក​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​ប្រគល់ជូន​ដោយ​លោកស្រី លី អៃឡែន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​នា​ថ្ងៃទី​ ២៤ ខែឧសភា នៅ​ទីស្តីការ​ក្រសួង​សុខាភិបាល​។

បើតាម​ក្រសួង​សុខាភិបាល WHO បានប្រគល់​កុំព្យូទ័រ​យួរដៃ ចំនួន​ ២៥ ​គ្រឿង ម៉ាស៊ីន​ព្រីនធ័រ​ពហុមុខងារ​ចំនួន​ ២៩ ​គ្រឿង Bluetooth Speaker Microphone ចំនួន​ ៣ ​គ្រឿង អាវកាក់​ពាក់​ក្រៅ​មាន​ឡូហ្គោ​សង្គ្រោះបន្ទាន់​ក្រសួង​សុខាភិបាល​ចំនួន ១៥ ​អាវ​។ មួក​មាន​ឡូហ្គោ​សង្គ្រោះបន្ទាន់​ក្រសួងសុខាភិបាល​ចំនួន ១៥ ​មួក និង​ម៉ាស៊ីន​វាស់​កំហាប់​អុកស៊ីហ្ស៊ែន​នៅ​ម្រាមដៃ​ចំនួន​ ១២ ​កេស ស្មើនឹង​ ១ ២០០ ​គ្រឿង​។

ក្រសួង​សុខាភិបាល​ថា​៖ «​អង្គការ​សុខភាព​ពិភពលោក​គឺជា​ដៃគូ​សហប្រតិបត្តិការ​ជាមួយ​ក្រសួងសុខាភិបាល ដែល​បាន​ផ្តល់ជំនួយ​ទាំង​បច្ចេកទេស ថវិកា និង​សម្ភារ បរិក្ខារ​វេជ្ជសាស្ត្រ​។ ជាពិសេស ក្នុង​ការងារ​បង្ការ ទប់ស្កាត់​ និង​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​ ១៩»​។

លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ថ្លែងថា​៖ «​អំណោយ​ដ៏ថ្លៃថ្លា​របស់​អង្គការ​សុខភាព​ពិភពលោក​នា​ថ្ងៃនេះ នឹង​ត្រូវ​ចែកជូន​មន្ត្រី​បង្គោល​ទទួលបន្ទុក​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​រាជធានី-ខេត្ត សម្រាប់​ប្រើប្រាស់​ក្នុង​ការប្រមូល​ទិន្នន័យ​គ្រោះមហន្តរាយ​ដោយ​មនុស្ស​ជា​អ្នកបង្ក និង​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ​»​។

លោក​រដ្ឋមន្ត្រី​ថ្លែង​អំណរគុណ ចំពោះ WHO ជាពិសេស លោកស្រី​ លី អៃឡែន ដែល​តែងតែ​សហការ សម្របសម្រួល​ផ្តល់ជំនួយ​ទាំង​បច្ចេកទេស និង​ថវិកា​ជំរុញ​លើកកម្ពស់​សេវា​សុខាភិបាល​ឱ្យ​កាន់តែ​មាន​គុណភាព ប្រសិទ្ធភាព និង​សុវត្ថិភាព​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​គុណភាព​ជីវិត​របស់​ប្រជាជន​កម្ពុជា​។

តាមរយៈ​ WHO ប្រទេស​កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​ការពារ​កូវីដ ១៩​ កូវីស៊ែល ផលិត​នៅ​ប្រទេស​ឥណ្ឌា​ដោយ​ទទួល​អាជ្ញាប័ណ្ណ​ផលិត​ពី​ក្រុមហ៊ុន AstraZeneca របស់​ប្រទេស​អង់គ្លេស​ចំនួន​ ៣២៤ ០០០ ​ដូស​ដែលជា​ជំនួយ​លើកដំបូង​របស់​មជ្ឈមណ្ឌល​កូវ៉ាក់ (COVAX Facility) កាលពី​ថ្ងៃទី​ ៣ ខែ មីនា ឆ្នាំ​ ២០២១៕