ឥឡូវនេះ​មាន​វត្តមាន​នៅលើ SINGMENG TV និង Splus ហើយ​ WIKI TV ជា​ទូរទស្សន៍​អប់រំ​ដំបូង​គេ​នៅ​កម្ពុជា​ដែលមាន​គោលដៅ​ផ្សព្វផ្សាយ​កម្មវិធី​អប់រំ ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ផុស្ការ (POSCAR Cambodia) ដោយ​បានទទួល​លិខិតអនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន លេខ ៣៧៣ ពម​ប្រក​. ចុះ​ថ្ងៃទី​ ១៩ ខែ កក្កដា ឆ្នាំ​ ២០១៩ និង​បាន​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​គម្រោង​ផ្សព្វផ្សាយ ផលិត និង​ប្រើប្រាស់​មាតិកា​អប់រំ​រវាង​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃទី​ ២០ ខែមីនា ឆ្នាំ​ ២០២០​។

ដើម្បី​ចូលរួម​លើកស្ទួយ​ទៅលើ​ការសិក្សា​របស់​សិស្សានុសិស្ស​នៅក្នុង​អំឡុងពេល​នៃ​ការផ្អាក​គ្រឹះស្ថាន​សិក្សា​បណ្តោះអាសន្ន​ដោយសារ​ការរីក​រាលដាល​នៃ​មេរោគ Covid-19 ក្រុមហ៊ុន ខេមបូឌាន ស៊ីងម៉ឹង ធេលីមីឌា ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការផ្គត់ផ្គង់​សេវាកម្ម អ៊ីនធឺណិត ទូរទស្សន៍ ទូរស័ព្ទ និង​មាន​សេវាកម្ម​ជាច្រើន​ទៀត​បាន​សហការ​ជាមួយ WIKI TV ក្នុង​ការបន្ថែម​ប៉ុស្តិ៍ WIKI- TV ទៅលើ​ប្រអប់​ទូរទស្សន៍​ស៊ីងម៉ឹង SINGMENG TV និង​កម្មវិធី​ទូរទស្សន៍​តាមរយៈ​ទូរស័ព្ទដៃ Splus ដែលមាន​រូបភាព​ច្បាស់​កម្រិត HD និង​អាច​ទស្សនា​សា​ឡើង​វិញ​បាន​ក្នុង​រយៈពេល​ ៧ ​ថ្ងៃ​ដែល​មានតែ​ ១ ​គត់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្នុងនោះ​កម្មវិធី​ទូរទស្សន៍ WIKI- TV មាន​នៅលើ​ទូរទស្សន៍​ស៊ីងម៉ឹង SINGMENG TV លេខ​រៀង​ប៉ុស្តិ៍​លេខ​ ១១៩ និង​នៅលើ​កម្មវិធី​ទូរទស្សន៍​តាមរយៈ​ទូរស័ព្ទដៃ Splus ដែល​សិស្សានុសិស្ស​អាច​ទាញយក​ (​ដោនឡូដ​) ​កម្មវិធី​ទូរស័ព្ទដៃ​បាន​លើ​ទូរស័ព្ទ​ស្មាតហ្វូន iOS និង Android តាម​តំណ​ភ្ជាប់​នេះ http://- hyperurl.co/SplusMobileTV ឬ​គ្រាន់តែ​វាយ​ពាក្យ Splus ហើយ​ស្វែងរក​នៅក្នុង App Store និង Play Store ជា​ការស្រេច​។

កម្មវិធីសិក្សា​នឹង​ផ្សាយ​ជា​រៀងរាល់ថ្ងៃ​ជាមួយ​នឹង​លោកគ្រូ អ្នកគ្រូ​ដែលមាន​បទពិសោធ​បង្រៀន​យូរ​ឆ្នាំ​ដែល​មាន​មេរៀន​ដូចជា​៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​អក្សរសាស្ត្រ​ខ្មែរ​ជាដើម​ដែល​ស្រប​ទៅ​នឹង​កម្មវិធីសិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។

សិស្ស​ថ្នាក់​ទី​ ៩ និង​ថ្នាក់​ទី​ ១២ អាច​មើល​វីដេអូ​មេរៀន​ប្រចាំថ្ងៃ​ដោយ​ថ្នាក់​ទី​ ៩ មាន​ម៉ោង​សិក្សា​ចាប់ពី​ម៉ោង​ ៧ ដល់​ម៉ោង​ ៩ ​ព្រឹក និង​ថ្នាក់​ទី​ ១២ ចាប់ពី​ម៉ោង​ ១ ​ដល់​ម៉ោង​ ៣ ​រសៀល​ហើយ​បើ​ខកខាន​មើល សិស្ស​អាច​មើល​ការចាក់ផ្សាយ​ឡើងវិញ​នៅ​ម៉ោង​ ៤ ​រសៀល​ដល់​ម៉ោង​ ៧ ​យប់​សម្រាប់​សិស្ស​ថ្នាក់​ទី​ ៩ ចាប់ពី​ម៉ោង​ ៧ ដល់​ម៉ោង ១០ ​យប់​សម្រាប់​សិស្ស​ថ្នាក់​ទី​ ១២​។

លោក ងន់ ម័រ សហស្ថាបនិក WIKI TV បាន​លើកឡើងថា WIKI- TV បានផ្តល់​ភាពងាយស្រួល​ដល់​សិស្សានុសិស្ស​អាច​សិក្សា​ជាមួយ​សាស្ត្រាចារ្យ​ល្បីៗ​ជាច្រើន​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង​។ WIKI TV គឺជា​វេទិកា​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ​ដែល​មាន​ភាពងាយស្រួល និង​ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត​ថ្មី​បំផុត​នៅ​ប្រទេស​កម្ពុជា​។

លោក​បាន​បន្ថែមទៀតថា​៖ «​នេះ​គឺជា​ឱកាស​ដ៏ល្អ​ដើម្បី​ទទួលយក​បទពិសោធ​ថ្មី​នៃ​ការសិក្សា​តាមបែប​ឌីជីថល​»​។ សូមបញ្ជាក់ថា WIKI TV កម្មវិធី​ទូរទស្សន៍​បង្រៀន​តាម​អនឡាញ​នឹង​ចាក់ផ្សាយ​ជា​ផ្លូវការ​លើ​ទូរទស្សន៍ SINGMENG TV និង Splus ចាប់ពី​ថ្ងៃទី​ ២៦ ខែមីនា ឆ្នាំ​ ២០២០ តទៅ​៕