ភ្នំពេញៈ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា WMC ដាក់ឲ្យប្រើប្រាស់នូវគេហទំព័រផ្ទៀងផ្ទាត់ព័ត៌មានដែលមានឈ្មោះ CrosscheckWMC ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គម ដោយអាចឲ្យសាធារណជនធ្វើការផ្ទៀងផ្ទាត់ព័ត៌មានដែលមានប្រភពព័ត៌មានជាច្រើន ដើម្បីកំណត់ថា តើព័ត៌មាននោះពិត ឬមិនពិត។
តាមសេចក្តីប្រកាសព័ត៌មាន WMC ឲ្យដឹងថា គេហទំព័រផ្ទៀងផ្ទាត់ព័ត៌មាននេះគឺជាការចាប់ផ្តើមថ្មីមួយនៅប្រទេសកម្ពុជា និងក្លាយជាជំហានដំបូងដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតដែលគេស្គាល់ថា «ព័ត៌មានក្លែងក្លាយ» ដែលកំពុងរីករាលដាលខ្លាំងក្នុងសង្គម។
លោកស្រី អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិ WMC ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយគេហទំព័រថ្មីនៅសណ្ឋាគារ Era រាជធានីភ្នំពេញកាលពីថ្ងៃទី ៧ ខែកុម្ភៈថាគោលបំណងរបស់គេហទំព័រគឺដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន (Cross-checkWMC) ដោយផ្តល់ជូនសាធារណជនកម្ពុជានូវព័ត៌មានដែលបានផ្ទៀងផ្ទាត់ និងត្រឹមត្រូវព្រមទាំងលើកកម្ពស់ការអនុវត្តក្រមសីលធម៌របស់អ្នកសារព័ត៌មានកម្ពុជាផងដែរ។
លោកស្រីបន្តថា៖ «ការបង្កើតគេហទំព័រផ្ទៀងផ្ទាត់ព័ត៌មាន (CrosscheckWMC) គឺជាការផ្ទៀងផ្ទាត់ព័ត៌មានដំបូងគេនៅកម្ពុជា និង ជាការបេ្តជ្ញាចិត្តផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវដែលយើងរំពឹងថា ជាការលើកកម្ពស់ការឆ្លើយតបទៅនឹងដំណោះស្រាយជានិរន្តរភាពទៅនឹងព័ត៌មានមិនពិត និងជាការទទួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសមួយនេះ»។
លោក យិប ឆេងលាប ប្រធានកម្មវិធីផ្ទៀងផ្ទាត់ព័ត៌មាន (Crosscheck) ដែលបានធ្វើបទបង្ហាញពីការបើកដំណើរការ គេហទំព័រនេះលើកឡើងថា ព័ត៌មានតាមបណ្តាញសង្គមទាំងព័ត៌មានពិត និងព័ត៌មានមិនពិតកំពុងត្រូវបានផ្សព្វផ្សាយយ៉ាងលឿន និងទូលំទូលាយបំផុតដែលធ្វើឲ្យសាធារណជនកំពុងជួបការលំបាកយ៉ាងខ្លាំងដើម្បីកំណត់ថា តើព័ត៌មានណាពិត ព័ត៌មានណាមិនពិត?
លោកបញ្ជាក់ថា៖ «CrosscheckWMC នឹងបង្ហាញរាល់ព័ត៌មានដែលលោកអ្នកស្វែងរកនៅក្នុងគេហទំព័រនេះ ថាពិត ឬមិនពិត និងគួរទុកចិត្តបានដល់កម្រិតណា? យើងមានសញ្ញាចំនួន ៣ ដែលនឹងបង្ហាញបញ្ជាក់ចំពោះព័ត៌មានទាំងនោះដូចជានៅពេលមានបង្ហាញពណ៌ខៀវបញ្ជាក់ថា ព័ត៌មានដែលលោកអ្នកកំពុងស្វែងរកគឺមានទិន្នន័យដែលអាចជឿទុកចិត្តបាន។ បើបង្ហាញពណ៌ទឹកក្រូចនោះ ទិន្នន័យនៃព័ត៌មានទាំងនេះអាចជឿទុកចិត្តបានត្រឹម ៥០ ភាគរយប៉ុណ្ណោះ។ ប៉ុន្តែបើវាបង្ហាញសញ្ញាពណ៌ក្រហមនៅពីក្រោយនោះបានន័យថាព័ត៌មានដែលលោកអ្នកកំពុងស្វែងរកនេះគឺជាព័ត៌មានក្លែងក្លាយ»។
លោក មឿន ឈានណារិទ្ធ សាស្ត្រាចារ្យផ្នែកព័ត៌មាន និងជាទីប្រឹក្សាក្រសួងព័ត៌មានបានថ្លែងថា ក្រសួងព័ត៌មានក៏កំពុងតែយកចិត្តទុកដាក់ខ្លាំង ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញទំនាក់ទំនងសង្គមដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ជាពិសេសបង្កភាពវឹកវរដល់សង្គម។ លោកបន្តថា ថ្មីៗនេះព័ត៌មានមិនពិតកំពុងតែមានសម្ទុះខ្លាំងឡើងស្របពេលដែលមានផ្ទុះនូវជំងឺប្រភេទថ្មីនៅប្រទេសចិនដែលនាំឲ្យជនឆ្លៀតឱកាសមួយចំនួនបានបំផុសនូវព័ត៌មានមិនពិត ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។
លោកបានបន្ថែមថា៖ «ដោយសារតែថ្មីៗនេះមានអ្នករាយការណ៍នៅទំព័រហ្វេសប៊ុកថា អ្នកផ្ទុកវីរុសនៅខេត្តព្រះសីហនុកំពុងស្នាក់នៅមន្ទីរពេទ្យរុស្ស៊ី។ បើគាត់រាយការណ៍អ៊ីចឹងមែន ហើយមិនបានទប់ស្កាត់ទាន់ពេលទេនោះនឹងធ្វើឲ្យមានភាពចលាចលពេញមន្ទីរពេទ្យរុស្ស៊ីនេះ»។
កញ្ញា អៀ សុនិតា វ័យ ១៩ ឆ្នាំ ជានិស្សិតនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គេហទំព័រនេះគ្រាន់តែជាកត្តារួមចំណែកមួយប៉ុណ្ណោះក្នុងការទប់ស្កាត់នូវព័ត៌មានមិនពិតដែលត្រូវមានការចូលរួមបន្ថែមទៀតពីសំណាក់រដ្ឋាភិបាល អ្នកប្រើប្រាស់ ជាពិសេសអ្នកសារព័ត៌មានខ្លួនឯងផ្ទាល់៕