ស្ទឹងត្រែងៈ ក្រុម​អ្នកវិទ្យាសាស្ត្រ​តាមដាន​សត្វព្រៃ​របស់​អង្គការ​មូលនិធិ​សកល សម្រាប់​អភិរក្ស​ធម្មជាតិ (WWF) ​បាន​រកឃើញ​សត្វ​រំពេ​ទន្លេ​សរុប​ ៦៨ ​ក្បាល ក្នុង​អំឡុងពេល​ចាប់ផ្តើម​សិក្សា​ពី​ចំនួន​សត្វ​បក្សី​នៅ​តាម​តំបន់​ទន្លេមេគង្គ​រវាង​ខេត្តក្រចេះ ស្ទឹងត្រែង និង​ព្រំប្រទល់​ប្រទេស​ឡាវ​ នៅ​ដើមខែ​កុម្ភៈ​ឆ្នាំ​ ២០២១ ​នេះ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ WWF ពី​ម្សិលមិញ បានឱ្យ​ដឹងថា ចំនួន​បក្សី​នេះ​មាន​កំណើន​ទ្វេដង​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ដែល​កើន​ពី​ ៣១ ​ក្បាល ក្នុង​ឆ្នាំ​ ២០១៦ ដល់​ ៦៨ ​ក្បាល​ ក្នុង​ដើមឆ្នាំ​ ២០២១ ​នេះ​។

លោក​ អៀម សំអ៊ន់ អ្នកទទួលបន្ទុក​ផ្នែក​ស្រាវជ្រាវ និង​តាមដាន​ជីវចម្រុះ ប្រចាំ​តំបន់​ទន្លេមេគង្គ​នៃ​អង្គការ WWF បាន​លើកឡើង​ថា ភាគច្រើន​សត្វ​រំពេ​ទន្លេ​នេះ​ត្រូវ​បាន​គេ​ប្រទះឃើញ​ក្នុង​រដូវកាល​បន្ត​ពូជ​របស់​ពួកវា ដែល​ចាប់ផ្តើម​ពី​ខែមករា​ដល់​ខែឧសភា​។ ចំនួន​សត្វ​រំពេ​ទន្លេ​ដែល​បាន​ប្រទះឃើញ​ពេលនេះ មាន​ចំនួន​ច្រើន​ជាង​ចំនួន​ដែល​បាន​ប្រទះឃើញ​កាលពី​ឆ្នាំមុន ដែល​ពេលនោះ​ឃើញ​សត្វ​រំពេ​ទន្លេ​មាន​តែ​ចំនួន​ ៦៤ ​ក្បាល​ប៉ុណ្ណោះ​។

លោក​ អៀម សំអ៊ន់ បាន​រៀបរាប់​ថា៖ «​សមាជិក​ក្រុម​អ្នក​វិទ្យាសាស្ត្រ​គ្រប់គ្នា​ពិតជា​រំភើប​ខ្លាំងណាស់​ចំពោះ​កំណត់ត្រា​កំណើន​សត្វ​រំពេ​ក្នុង​អំឡុងពេល​ការអង្កេត​ចំនួន​សត្វ​បក្សី​លើកដំបូង​នៅក្នុង​រដូវ​បន្ត​ពូជ​ឆ្នាំនេះ​»​។

ចំណែក​លោក​ សេង ទៀក នាយក​អង្គការ WWF ក៏បាន​សាទរ​ចំពោះ​ការរកឃើញ​សត្វ​រំពេ​ទន្លេ​នេះ​ដែរ ដែល​វា​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ជា​ការផ្តល់​នូវ​ការលើកទឹកចិត្ត និង​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា​ និង​ប្រទេស​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់​។

លោក​បាន​លើកឡើង​ថា៖ «​ដំណឹង​នេះ​ក៏​ជា​ការបង្កើន​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​ទៀងទាត់​បាន​ជំរុញ​ឱ្យចំ​នួន​សត្វ​បក្សី​នេះ​កើនឡើង​វិញ ដែល​ផ្តល់នូវ​ក្តីសង្ឃឹម​សម្រាប់​ការស្តារ​សត្វ​ប្រភេទ​នេះ​ឱ្យមាន​ចំនួន​សម្បូរឡើង​ក្នុងប្រទេស​កម្ពុជា និង​ក្នុង​តំបន់​»​។

នាយក​អង្គការ WWF រូបនេះ​បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំងក្លា​ក្នុង​កិច្ចការ​គ្រប់គ្រង​តំបន់​ការពារ ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​ការលើក​កម្ពស់​ការចូលរួម​ពី​សំណាក់​សហគមន៍​របស់​រដ្ឋាភិបាល​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន​។

លោក​ថា ជាពិសេស​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មន្ទីរ​បរិស្ថាន ភាគី​ពាក់ព័ន្ធ​នានា និង​ក្រុមការងារ​របស់​អង្គការ WWF ព្រមទាំង​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ដែល​កំពុង​រស់នៅក្នុង​តំបន់​ទីជម្រក​ធម្មជាតិ​របស់​សត្វ​រំពេ​ទន្លេ​។

សត្វ​រំពេ​ទន្លេ​ជា​ប្រភេទ​បក្សី​មួយ​ដ៏កម្រ​បំផុត​ក្នុង​ចំណោម​ប្រភេទ​បក្សី​កម្រ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ បើ​យោងតាម WWF ក្នុងប្រទេស​កម្ពុជា​សត្វ​រំពេ​ទន្លេ បាន​ធ្លាក់ចុះ ៨០% ​ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​កន្លងទៅ​ដែល​មាន​ចំនួន​ប៉ាន់ប្រមាណ​សរុប​ទូទាំង​ប្រទេស​ចន្លោះ​ពី ៥៤​ ដល់​ ៦២ ​ក្បាល ​ក្នុង​ឆ្នាំ​ ២០២១​។

WWF នេះ​បាន​លើកឡើងថា កត្តា​គំរាមកំហែង​ចម្បងៗ​ចំពោះ​ការរស់រាន​របស់​សត្វ​បក្សី​នេះ​រួមមាន​ការយាយី​ដល់​ទីជម្រក​ធម្មជាតិ​របស់​វា​បណ្តាលមកពី​សកម្មភាព​មនុស្ស ការជន់លិច​សម្បុក ការប្រមូល​យក​ស៊ុត​បក្សី​ដោយ​មនុស្ស និង​ការបំផ្លាញ​សម្បុក​សត្វ​ដោយ​សត្វពាហនៈ និង​សត្វ​ផ្សេងៗ​។ ហេតុនេះ​ហើយ​បានជា​អង្គការ IUCN បាន​ផ្លាស់ប្តូរ​ចំណាត់ថ្នាក់​របស់​បក្សី​នេះ​ក្នុង​បញ្ជី​ក្រហម​នៃ​ប្រភេទ​សត្វ​ទទួលរង​គ្រោះ​របស់ខ្លួន​ពី​សត្វ​ជិត​រងគ្រោះ​ទៅជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​វិញ​។

កាលពី​ឆ្នាំ​ ២០២០ សម្បុក​សត្វ​រំពេ​ទន្លេ​ចំនួន​ ៤៧ ​សម្បុក​ត្រូវ​បាន​ការពារ​ដោយ​សហគមន៍​មូលដ្ឋាន​នៅ​តំបន់​ទន្លេមេគង្គ​៕