ភ្នំពេញៈ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (USAID) នៅថ្ងៃចន្ទនេះ បានសម្ពោធដាក់ឲ្យអនុវត្តនូវកម្មវិធីចម្រុះអាហារូបត្ថម្ភ និងអនាម័យ (NOURISH) រយៈពេល៥ឆ្នាំ ក្នុងខេត្តចំនួន៣ ក្រោមគម្រោងទឹកប្រាក់ជាង ១៦លានដុល្លារអាមេរិក។
កម្មវិធីចម្រុះអាហាររូបត្ថម្ភ និងអនាម័យ NOURISH គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដ៏សំខាន់ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការកែលំអ អាហារូបត្ថម្ភ តាមរយៈគម្រោងគំនិតផ្តួចផ្តើម ផ្តល់អាហារសម្រាប់អនាគត (Feed the Future Initiative) ដែលក្នុ្ងងនោះ រួមមានកំណើននៃមុខដំណាំ និងផលិតភាពកសិកម្ម ការផ្តល់អាហារ ដូចជា នៅតាមសាលារៀន ការអប់រំស្តីពីអនាម័យ និងភាពស្អាត និងកំណែលំអលើប្រព័ន្ធសុខាភិបាល ដែល យកចិត្តទុកដាក់ ចំពោះកុមារ និងម្តាយដោយរួមមានការ កសាងមណ្ឌលសុខភាពថ្មីៗនិងមន្ទីរពិសោធន៍ ផ្នែកពេទ្យ និងការបណ្តុះបណ្តាលបុគ្គលិកជំនាញពេទ្យជាដើម។
គម្រោង NOURISH មានការយកចិត្តទុកដាក់ ជាពិសេសលើស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ ហើយបង្កើនមុខអាហារ និងគុណភាពអាហារ ព្រមទាំងកែលំអលទ្ធភាពប្រើប្រាស់កន្លែងអនាម័យ កន្លែងលាងដៃ និងចម្រោះទឹក នៅក្នុងមូលដ្ឋាន។ គម្រោង NOURISH ថែមទាំងផ្តល់សេវាសម្រាប់ពេល មុន និងក្រោយការឆ្លងទន្លេ នៅមណ្ឌលសុខភាព និងកម្មវិធីជំរុញការធំធាត់នៅតាមមណ្ឌលសុខភាព និងសហគមន៍។