
កណ្តាលៈ កម្មករប្រមាណជា៧០០០នាក់មកពីរោងចក្រចំនួនពីរ គឺរោងចក្រយ៉ុងវ៉ា១ និងយ៉ុងវ៉ា២ ស្ថិតនៅក្រុងតាខ្មៅខេត្តកណ្តាល បានធ្វើការតវ៉ានៅខាងមុខរោងចក្រដោយបានបិទផ្លូវជាតិលេខ២១តាំងពីវេលាម៉ោង៦.៣០នាទីព្រឹក បន្ទាប់ពីថៅកែបានរត់គេចខ្លួនដោយមិនបានបើកប្រាក់ខែជូនកម្មករតាំងពីខែមករា។
អ្នកនាងសុខ ផល្លា តំណាងកម្មករ និងជាប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាប្រចាំរោងចក្រយ៉ុងវ៉ា២ បានឲ្យដឹងថា កម្មករបានផ្ទុះការតវ៉ាដោយបានធ្វើការបិទផ្លូវទាំងព្រឹកព្រលឹម បន្ទាប់ពីពួកគេទ្រាំលែង បាននូវការរង់ចាំការបើកប្រាក់ខែពីថៅកែអស់ជាង២ខែមកហើយនោះ។
អ្នកនាងបានឲ្យដឹងទៀតថា៖ «កម្មករតែងទទួលបានប្រាក់ខែពួកគេនៅចន្លោះពីថ្ងៃទី៥ និងទី១០ តែតាំងពីខែមករា មកដល់ខែកុម្ភះនេះ មិនមានថៅកែណាបើកប្រាក់ខែជូនពួកគាត់សោះ បានជាពួកគេទ្រាំលែងបានក៏បានចេញមកតវ៉ានៅមុខរោងចក្រនេះតែម្តង»។
កម្មករ សយ សុខជា ដែលបានធ្វើការក្នុងរោងចក្រនេះជាង៨ឆ្នាំមកហើយនោះបាននិយាយថា រូបគេគ្មានលុយមួយរៀលទេ ហើយជំពាក់ប្រាក់គេទៀតដោយសារតែថៅកែបានរត់ចោលដោយគ្មានផ្តល់អី្វដល់កម្មករសោះ។
លោកបាននិយាយថា៖«នេះជាជំរើសចុងក្រោយរបស់យើងក្នុងការបិទផ្លូវទាមទារប្រាក់ខែរបស់យើង។ សូមឲ្យសម្តេចហ៊ុន សែនជួយពួកយើងផង»។