
ភ្នំពេញៈ កម្មករមកពីរោងចក្រ ផាញហ្រ្គេត ក្នុងខណ្ឌមានជ័យប្រមាណជាង ៤០០ នាក់បានមកប្រមូលផ្តុំគ្នា នៅមុខក្រសួងសង្គមកិច្ច កាលពីព្រឹកថ្ងៃច័ន្ទ ទី១ ខែកក្កដានេះ ដើម្បីសុំអន្តរាគមន៌ពីមន្ត្រីក្រសួងឲ្យជួយដោះស្រាយជូនពួកគាត់ បន្ទាប់ពីថៅកែពួកគេបានរត់ចោលអស់រយៈពេលប្រមាណជា ៣ ខែមកហើយ។
លោក ខឹម ចំណាន មន្រ្តីសហជីពសេរីកម្មករ បាននិយាយ កាលពីព្រឹកនេះថា ៣ខែមក ហើយដែលកម្មករមិនបានទទួលប្រាក់ខែ និងប្រាក់អត្ថប្រយោជន៌របស់ពួកគេបន្ទាប់ពីថៅកែបានរត់ចោលដោយមិនមានទំនួលខុសត្រូវ។
លោកបានថ្លែងថា៖ «ថៅកែពួកគេបានរត់គេចខ្លួនបាត់នៅដើមខែឧសភា ដោយមិនបានបើកប្រាក់ខែឲ្យកម្មករក្នុងខែមេសានៅឡើយ។ កម្មករបានធ្វើការទាមទារជាច្រើនខែមកហើយ តែមិនមានលទ្ធផលអីបន្តិចសោះ»។
លោកខឹម ចំណានបានបន្តថា ក្រសួងត្រូវតែដោះស្រាយបញ្ហានេះជួនកម្មករ ព្រោះពួកគេមិនមានលុយសំរាប់ចំណាយក្នុងជីវភាពរបស់ពួកគេទេ។
លោកបាននិយាយថា៖ «ខ្ញុំគិតថា ក្រសួងមានវិធានការយឺតយ៉ាវនៅក្នុងការដោះស្រាយលើរឿងនេះ ព្រោះវាមិនមែនទើបតែកើតឡើងថ្មីៗនេះទេ ប៉ុន្តែវាបានកើតឡើងច្រើនខែមកហើយ»។
មន្រ្តីក្រសួងបានសុំឲ្យកម្មករគិតគូរប្រាក់ឈ្នួលរបស់ពួកគេថាតើពួកគេត្រូវទទួលបានប៉ុន្មាន រួចយកឯសារទាំងនោះមកជូនក្រសួងដើម្បីដោះស្រាយជូន។
កម្មករនៅតែបន្តឈរនៅខាងមុខក្រសួងដដែលរហូតទាល់តែក្រសួងផ្តល់ចម្លើយពី កាលបរិច្ឆេទក្នុងការដោះស្រាយរឿងនេះជួនពួកគាត់ទើបពួកគេរំសាយ។