
ភ្នំពេញៈ កម្មករនៅតាមបណ្តារោងចក្រប្រមាណជាជិត ៥០ រោងចក្របាននាំគ្នាធ្វើការតវ៉ានៅថ្ងៃពុធនេះ ដោយប្រឆាំងទៅនឹងការសម្រេចតម្លើងប្រាក់ឈ្នួលអប្បបរមាតែ ១៥ ដុល្លារកាលពីថ្ងៃអង្គារម្សិលមិញនេះ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ នៅព្រឹកថ្ងៃនេះថា កម្មករនៅរោងចក្រមួយចំនួនតាមបណ្តាខេត្ត និងរាជធានីបានពុះកញ្រ្ជោលផ្អាកការងារ និងផ្ទុះការតវ៉ាជាបណ្តើរៗហើយតាំងពីថ្ងៃអង្គារ និងមកទល់នឹងថ្ងៃនេះ។
លោកបាននិយាយថា៖ «កម្មករនៅរោងចក្រចំនួន ៤៨ ដែលខ្ញុំទទួលបានកំពុងធ្វើការតវ៉ាដូចជានៅក្នុងទីក្រុងភ្នំពេញ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ ស្វាយរៀង និងខេត្តកណ្តាល»។
លោក ប៉ាវ ស៊ីណា បានបន្តទៀតថា ប្រសិនបើខាងរោងចក្រ និងស្ថាប័នពាក់ព័ន្ធមិនមានការចរចារជាថ្មីម្តងទៀតទេនោះ កំហឹងកម្មករនឹងកាត់តែផ្ទុះខ្លាំងឡើង ហើយការតវ៉ានឹងរីករាលដាលទូទាំងប្រទេសនៅពេលខាងមុខដ៏ខ្លីនេះ។
លោក អាត់ ធន់ ប្រធានសហជីពស៊ីខៅឌូបានមានឲ្យផងដែរកាលពីព្រឹកថ្ងៃពុធនេះថា លោកនឹងដាក់លិខិតទៅតាមបណ្តារោងចក្រ និងស្ថាប័នពាក់ព័ន្ធពីការជូនដំណឹងស្តីពីការតវ៉ារបស់កម្មករនៅថ្ងៃនេះ ឬថ្ងៃស្អែក។
ចំណែកលោក យ៉េន សុខឃាង ប្រធានសហជីពសេរីកម្មករប្រចាំតំបន់សេដ្ឋកិច្ចពិសេសម៉េនហាធេននៅខេត្តកំពង់ចាមបានប្រាប់ឲ្យដឹងផងដែរថា កម្មកររាប់ពាន់នាក់កំពុងធ្វើការតវ៉ា និងចូលរួមស្តាប់លោក កឹម សុខាអនុប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងតែថ្លែងសារទៅកាន់បងប្អូនកម្មករនៅជិតស្ពានគីសូណា។
លោក កឹម សុខា បានអំពាវនាវពីខេត្តកំពង់ចាមទៅដល់បងប្អូនកម្មករធ្វើការតវ៉ាដោយសន្តិវិធី កុំប្រើហឹង្សាជាដាច់ខាត។