កំពង់ចាមៈ មន្រ្តីសជីពស៊ីខៅឌូ និងកម្មករ៤នាក់ពាក់ព័ន្ធនឹងការបង្រ្កាបរបស់សមត្ថកិច្ចលើការតវ៉ា របស់កម្មកររោងចក្រ Juhui Footwear Co.,Ltd នៅស្រុកជើងព្រៃកាលពីថ្ងៃទី២៥ តុលា ២០១៤ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាមសម្រេចធ្វើការដោះលែងមកវិញនៅរសៀលថ្ងៃពុធនេះ។ នេះបើយោងតាមមន្ត្រីសហជីព សហភាពការងារកម្ពុជា (CLC) បានប្រាប់ភ្នំពេញ ប៉ុស្តិ៍។
ការសម្រេចនេះធ្វើឡើងបន្ទាប់ពីលោក គីម សុជាតិ មេធាវីសហភាពការងារកម្ពុជាការពារក្តីឲ្យអ្នកទាំង ៥នាក់ បានដាក់ពាក្យស្នើរសុំធានាកូនក្តីឲ្យនៅក្រៅឃុំ កាលពីថ្ងៃម្សិលមិញនេះ និងកាលពីព្រឹកថ្ងៃចន្ទ និងថ្ងៃអង្គារ កម្មករនៅតែបន្តធ្វើការជួបជុំគ្នានៅខាងមុខរោងចក្រ ជូហ៊ួយ រងចាំមើលនីតិវិធីរបស់តុលាការថា នឹងមានការដោះលែងអ្នកជាប់ឃុំទាំង ៥ នាក់ដែរឬយ៉ាងណា?
កាលពីចុង ខែតុលា កន្លងទៅកម្មករនៅរោងចក្រ ជូហ៊ួយ ប្រមាណរាប់រយនាក់បានផ្ទុះការតវ៉ារហូតឈានដល់មានអំពើហិង្សារវាង កម្មករ និងសមត្ថកិច្ច ដែលធ្វើឲ្យមានអ្នករងរបួសទាំងសងខាង។ ក្នុងនោះដែរ ក៏មានមនុស្ស ១០ នាក់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនធ្វើការសាកសួរនៅ តុលាការខេត្តផងដែរ តែបន្ទាប់មកមានកម្មករ ៥ នាក់ត្រូវបានដោះលែងវិញ ដោយពួកគេមិនមានកំហុស ចំណែក ៥ នាក់ផ្សេងទៀតត្រូវបានតុលាការបានសម្រចធ្វើការចោទនិងបន្តឃុំខ្លួន។