ភ្នំពេញៈ កម្មករប្រមាណជា ៤០០០ នាក់នៅរោងចក្រ SL ក្នុងខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ នៅតែបន្តការតវ៉ារបស់ពួកគេ បន្ទាប់ពីការចរចាររយៈពេលប្រហែលជា ៤ ម៉ោង មិនបានទទួលជោគជ័យណាមួយ កាលពីថ្ងៃអង្គារទី ១៣ ខែសីហាមកនេះ។
លោក ស៊ុត សៀម មន្ត្រីនៃសម្ព័ន្ធសហជីពស៊ីខៅឌូដែលបានចុះទៅធ្វើការសំរបសំរួលនៅរោងចក្រនោះ បាននិយាយ នៅថ្ងៃពុធនេះថា កម្មករបាននាំគ្នាដើរចេញពីកន្លែងការងារដោយស្ម័គ្រធ្វើការតវ៉ា បន្ទាប់ពីក្រុមហ៊ុនបានធ្វើការកែប្រែនូវលក្ខខ័ណ្ឌការងារមួយចំនួន។
លោកបានថ្លែងថា៖ «កម្មករតវ៉ាទាមទារលក្ខខ័ណ្ឌការងារពីក្រុមហ៊ុនចំនួន ៩ ចំនុច បន្ទាប់ពីក្រុមហ៊ុនបានធ្វើការប្តូរវេនពី ៣ វេន មកជា ២ វេនវិញ។ កម្មករមិនសុខចិត្តនឹងការផ្លាស់ប្តូរបែបនេះដោយសារតែវាធ្វើឲ្យពួកគេបាត់បង់ប្រយោជន៌មួយចំនួន»។
លោក ស៊ុត សៀម បានបន្តថា ចំនុចសំខាន់ៗដែលកម្មករចង់ឲ្យក្រុមហ៊ុនបំពេញតាមការទាមទាររបស់ពួកគេមាន ដូចជា ក្រុមហ៊ុនត្រូវដកលោកឧញ្ញ៉ា មាស សុត្ថា ដែលជាអ្នកមើលការខុសត្រូវនៅក្នុងក្រុមហ៊ុន និងជាម្ចាស់ភាគហ៊ុនមួយផងដែរក្នុងរោងចក្រ។ សុំដូរបាយបីពេលមកផ្តល់ជាលុយវិញដែលមានចំនួន ៣ ដុល្លារក្នុងមួយថ្ងៃ។ ធ្វើការប្តូរវេនកម្មករជាធម្មតាវិញ និងស្នើសុំប្រាក់ឈ្នួលអប្បរមាចំនួន ១៥០ ដុល្លារក្នុងមួយខែ។
លោកបានថ្លែងថា៖ «កម្មករក៏ស្នើសុំឲ្យមានការដកកំលាំងសមត្ថកិច្ចចេញពីរោងចក្រ ដោយសារពួកគេកាន់តែមានភាពភ័យខ្លាចគួបផ្សំនឹងលឺមានភាពមិនប្រក្រតីក្នុងក្រុងភ្នំពេញ ក្រោយការបោះឆ្នោត»។
លោកឧញ្ញ៉ា មាស សុត្ថា បានមានប្រសាសន៌ឆ្លើយតបទៅនឹងការស្នើសុំឲ្យលោកចេញពីក្រុមហ៊ុនថា អ្វីក៏ដោយគឺត្រូវធ្វើទៅតាមច្បាប់។
លោកបានថ្លែងថា៖ «អ្វីដែលសហជីពបាន និងកំពុងតែធ្វើគឺជាការខុសនឹងច្បាប់។ ពួកគេបានញុះញង់កម្មករឲ្យធ្វើការតវ៉ា ហើយសហីពស៊ីខៅឌូក៏បានធ្វើការគំរាមកំហែងកម្មករផងដែរ ដោយយកបំពង់ផ្សែងដេញបាញ់កម្មករផងដែរ»។
លោកបានឲ្យដឹងទៀតថា សមត្ថកិច្ចមកការពារសន្តិសុខជូនកម្មករ បន្ទាប់ពីកម្មករបានវាយទៅលើសន្តិសុខ។
លោកឧញ្ញ៉ា មាស សុត្ថាបាននិយាយថា៖ «មួយថ្ងៃរោងចក្របានខាតបង់ប្រមាណជាង ៣៧ ម៉ឺនដុល្លារអាមេរិក។ ខ្ញុំសួរថា តើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះបញ្ហានេះ ហើយអ្នកដែលខាតបង់ប្រយោជន៌គឺ កម្មករ អ្នកវិនិយោគទុន និងរាជរដ្ឋាភិបាល»។