ភ្នំពេញៈ កម្មករជាង២ពាន់នាក់នៅរោងចក្រកាត់ដេរ Hung Wah I (Cambodia) បានតវ៉ានៅខាងមុខរោងចក្រនៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដើម្បីទាមទារប្រាក់ផ្តាច់កិច្ចសន្យា។
អ្នកស្រី ទូច សារ ប្រធានសហជីពសេរីកម្មករប្រចាំនៅរោងចក្រ Hung Wah I បាននិយាយកាលពីថ្ងៃម្សិលមិញថា ការចរចាររវាងសហជីព និងក្រុមហ៊ុន ដែលមានការសម្របសម្រួលដោយក្រសួងសង្គមកិច្ច មិនមានផ្លែផ្កានោះទេ។
អ្នកស្រី បានអះអាងបន្តថា៖«យើង តវ៉ាដើម្បីទាមទារតែមួយចំណុចទេ គឺប្រាក់ផ្តាច់កិច្ចសន្យា។ យើងទាមទារ ១៥០ដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែក្រុមហ៊ុន ព្រមឲ្យត្រឹមតែ២០ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ»។
អ្នកស្រី បានបញ្ជាក់ថា៖«កម្មករខ្លះ មានវ័យពី៥០ ទៅ៦០ឆ្នាំ ហើយពួកគេ មិនចង់ធ្វើការទៀតទេ ត្រង់នេះហើយបានជាពួកគេ ទាមទារប្រាក់អតីតភាពនៅពេលដែលពួកគេឈប់»។
អ្នកស្រី បានអះអាងបន្តថា ទោះជាយ៉ាងណាក៏ដោយ ក៏កម្មករភាគច្រើន បានធ្វើការបម្រើក្រុមហ៊ុននជាង៥ឆ្នាំ កម្មករមួយចំនួន មិនត្រូវបានក្រុមហ៊ុនផ្តល់កិច្ចសន្យាទេ ដោយទុកឲ្យពួកគេ ស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា។
អ្នកស្រី ទូច សារ បានមានប្រសាសន៍បន្តថា កម្មករ នឹងបន្តតវ៉ា រហូតដល់ការទាមទាររបស់ពួកគេ ត្រូវបានគេធ្វើតាម។
អ្នកគ្រប់គ្រងរោងចក្រ Hung Wah I មិនអាចទាក់ទងធ្វើអត្ថាធិប្បាយបានទេកាលពីថ្ងៃម្សិលមិញ៕