
កម្មករនៅរោងចក្រ Kingsland Garment បានថ្លែងកាលពីម្សិលមិញថា ពួកគេនឹងធ្វើកូដកម្មបង្អត់អាហារ រហូតទាល់តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងក្រុមហ៊ុនសកលលោក ដែលបានទិញសម្លៀកបំពាក់ពីរោងចក្រនេះ គឺក្រុមហ៊ុន Walmart និង H&M ជួយដោះស្រាយបញ្ហាប្រាក់ឈ្នួលចំនួន ២០ ម៉ឺន ដុល្លារអាមេរិកដែលនៅជំពាក់ពួកគេ។
អ្នកស្រី អរ សុគួង កម្មករម្នាក់ក្នុងចំណោមកម្មករប្រហែល ៧០០ នាក់ ដែលបាត់បង់ការងារ ពេលរោងចក្រម្ចាស់មកពីទីក្រុងហុងកុងមួយនេះបានបិទទ្វារដោយគ្មានសេចក្តីប្រកាស កាលពីចុងខែធ្នូនោះ បានថ្លែងថា កម្មករនឹងចាប់ផ្តើមបង្អត់អាហារនៅខាងក្រៅរោងចក្រ Kingsland ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលកម្មករជាច្រើននាក់បានដេកធ្វើការតវ៉ា។
ក្រុមហ៊ុនWalmart និង H&M កន្លងមក បានបន្ទន់បន្ទាបការទទួលខុសត្រូវរបស់ខ្លួនចំពោះកម្មករ ដែលក្រុមហ៊ុនទាំងពីរអះអាងថា បញ្ជាទិញរបស់ពួកគេបានចប់ មុនពេលរោងចក្របិទទ្វារ ប៉ុន្តែក្រុមហ៊ុនទាំងពីរនឹងបញ្ជូនតំណាងមកជួបមន្រ្តីរដ្ឋាភិបាល តំណាងកម្មករ ដែលមិនមែនជាសមាជិកសហជីព និងក្រុមដទៃទៀតដូចជា មជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៅថ្ងៃនេះ។
លោកស្រី សូន សុខុម អាយុ ៥១ ឆ្នាំ ដែលបានធ្វើការនៅរោងចក្រ Kingsland រយៈពេល ១១ ឆ្នាំមកហើយ បានថ្លែងថា លោកស្រី និងកម្មករពុំសល់ង្វីទេ ហើយកំពុងតែខិតខំបង់ថ្លៃឈ្នួល។
លោកស្រីបានបន្ថែមថា៖ «ខ្ញុំបានផ្លាស់ទៅរស់នៅជាមួយនឹងប្អូនស្រី ១ ខែមុន។ ខ្ញុំបានធ្វើការដើម្បីរកប្រាក់ សម្រាប់ពេលខ្ញុំចូលនិវត្តន៍ ប៉ុន្តែរោងចក្របិទទ្វារ ហើយខ្ញុំមិនបានទទួលប្រាក់អតីតភាពការងារទេ»។
ក្នុងលិខិតបើកចំហរមួយទៅក្រុមហ៊ុន Walmart និង H&M បានទទួលកាលពីម្សិលមិញ បានឲ្យដឹងថា កម្មករថ្លែងថា ពួកគេស្វាគមន៍តំណាងក្រុមហ៊ុនមកកម្ពុជាថ្ងៃស្អែក ដើម្បីពិភាក្សាបញ្ហាបិទទ្វារ។
លិខិតនោះបានសរសេរថា៖ «ក្រសួងសង្គមកិច្ចប្រាប់យើងថា ពួកគេគ្រោងលក់ម៉ាស៊ីននៅរោងចក្រ។ សំណើសំណងរបស់ពួកគេគឺទាបជាងអ្វីដែលតម្រូវតាមច្បាប់»។
ក្នុងសេចក្តីថ្លែងការណ៍កាលពីម្សិលមិញ មជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍បានជម្រុញក្រុមហ៊ុន Walmart និងH&M ដោះស្រាយស្ថានការណ៍នេះ នៅថ្ងៃស្អែក។
មជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍បានឲ្យដឹងថា៖ «ភាពបន្ទាន់នៃស្ថានការន៍ទាមទារដំណោះស្រាយភ្លាមៗ»៕ TK រាយការណ៍បន្ថែមដោយ SHANE WORRELL