ក្រុងបៃរូត: យន្តហោះចម្បាំងរដ្ឋាភិបាលស៊ីរី បានទម្លាក់គ្រាប់បែកលើតំបន់គ្រប់គ្រងដោយក្រុមប្រឆាំងស៊ីរី ហើយកងកម្លាំងរបស់ប្រធានាធិបតិលោក បាសារ អាល់-អាសាដ និងក្រុមឧទ្ទាមបានប្រយុទ្ធគ្នានៅឯជាយក្រុងដាម៉ាសនៅថ្ងៃចូលឆ្នាំថ្មី កាលពីថ្ងៃអង្គារ។
ក្រុមសកម្មជនប្រឆាំងបាននិយាយថា កម្លាំង ទ័ពអាកាសបានវាយប្រហារធ្ងន់ធ្ងរលើជាយក្រុងដាម៉ាសភាគខាងកើតកាលពីថ្ងៃអង្គារ និងតំបន់កាន់កាប់ដោយក្រុមឧទ្ទាម នៅក្នុងក្រុងអាឡិបប៉ូ ជាក្រុងពាណិជ្ជកម្មទីពីរ និងទីប្រជុំជន និងភូមិតាមជនបទជាច្រើនទៀត។
វីដេអូក្រុមប្រឆាំងដែលបានបង្ហោះតាមអ៊ីនធឺណិតបានបង្ហាញពីដុំផ្សែងខ្មៅហុយឡើងនៅក្នុងតំបន់អ៊ឺប៊ីនភាគខាងកើតក្រុងដាម៉ាស។
អ្នកក្រុងនេះ បានស្វាគមន៍ឆ្នាំថ្មីជាមួយនឹងសម្លេងកាំភ្លើងធំដោយវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូងនិងខាងកើត ដែលបង្កើតជារង្វង់តំបន់គ្រប់គ្រងដោយឧទ្ទាមនៅជុំវិញរដ្ឋធានីនេះ។ បេះដូងទីក្រុងនេះ នៅតែស្ថិតក្រោម ការគ្រប់គ្រងរឹងមាំរបស់រដ្ឋាភិបាល។
នៅមជ្ឈមណ្ឌលទីក្រុង ទាហានដែលយាមប៉ុស្តិ៍ឆែកឆេរ បានបាញ់កាំភ្លើងប្រារព្ធពិធីនៅពាក់កណ្ដាលយប់ ទោះបីជាតាមដងផ្លូវមានសភាពស្ងាត់ជ្រងំយ៉ាងណាក្ដី។
លោកម៉ូស អាល់ សាមី ជាសកម្មជនប្រឆាំងដែលរស់នៅក្នុងខណ្ឌម៉េហ្សេះបាននិយាយតាមប្រព័ន្ធស្កាយថា៖ «តើពួកគេអាចប្រារព្ធយ៉ាងដូចម្ដេច? គ្មានទេ«សួរស្ដីឆ្នាំថ្មី»»។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍