ភ្នំពេញៈ ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរ និងស្បែកជើង នឹងនៅតែមានចំនួន៦១ដុល្លារក្នុងមួយខែ សម្រាប់ពេលឥឡូវនេះ បន្ទាប់ពីក្រុមសហជីព និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មិនអាចឈានដល់កិច្ចព្រមព្រៀងស្តីពីការដំឡើងប្រាក់ឈ្នួលអប្បបរមាកាលពីម្សិលមិញ។
ក្នុងអំឡុងការចរចាថ្ងៃទីពីរនៅក្រសួងសង្គមកិច្ច សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ជាថ្មីម្តងទៀតស្នើដំឡើងចំនួន៦ដុល្លារ ដែលជាចំនួនស្នើធ្វើឡើងដូចថ្ងៃទីមួយ ខណៈខាងសហជីពមានជំហរឹងលើការទាមទារឲ្យមានការដំឡើងចំនួន១២០ដុល្លារ ប៉ុន្តែជំហរនេះហាក់បីដូចជាបន្ទន់បន្តិចនៅពេលក្រោយមក។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានថ្លែងថា សហជីពមានឆន្ទៈអាចបញ្ចុះមកត្រឹម១០០ដុល្លារ ដោយមិនចាំបាច់មានប្រាក់ទ្រទ្រង់សុខភាព ៥ ដុល្លារ បន្ថែម ប៉ុន្តែមិនអាចទទួលយកចំនួនដែល សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ស្នើឡើងនោះទេ។
លោកបានថ្លែងបន្តថា៖ «ពួកគេមិនបានផ្តល់ហេតុផលដល់យើងថាហេតុអ្វីបានជាពួកគេមិនអាចបំពេញបានតាមការទាមទាររបស់យើង និងប្រាប់យើងថា ប្រសិនបើពួកគេមិនអាចយល់ ទុកឲ្យរដ្ឋាភិបាលសម្រេច»។ លោកបន្តថា៖ «សហជីពនឹងពិភាក្សាបញ្ហានេះ ហើយនឹងជួបគ្នាលើកក្រោយទៀត»។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានស្នើដំឡើងចំនួន៦ដុល្លារ គឺពី៦១ ទៅ ៦៧ដុល្លារ ប៉ុន្តែបញ្ចូលប្រាក់ ប្រាក់ទ្រទ្រង់សុខភាព ៥ ដុល្លារ ចូលទៅក្នុងប្រាក់ឈ្នួលអប្បបរមានោះ សរុបទៅគឺ ៧២ ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បបរមាថ្មី។
លោក Dave Welsh ប្រធានប្រចាំប្រទេសរបស់មជ្ឈមណ្ឌលអាមេរិក ដើម្បីសាមគ្គីភាពការងារអន្តរជាតិ រដ្ឋាភិបាលបានពិភាក្សាដំឡើងចន្លោះពី១៥ទៅ៣០ដុល្លារ ខណៈក្រុមសហជីពបានបង្ហាញពីជំហររឹងមាំរបស់ពួកគេ បើទោះបីជាពួកគេសុខចិត្តបន្ថយចុះមកត្រឹម១០០ដុល្លារក៏ដោយ។
តែទោះបីយ៉ាងណាក៏ដោយ នៅចុងបញ្ចប់ វាមិនមានការឈានដល់កិច្ចព្រមព្រៀងគ្នានោះទេ ហើយវាមិនទាន់ច្បាស់នៅឡើយទេថាតើអ្វីជាជំហ៊ានបន្ទាប់។
លោក Dave Welsh បានថ្លែងបន្តថា៖ «វាមិនទាន់មានការគ្រោងកោះហៅការប្រជុំគ្នាជាថ្មីម្តងទៀតនៅឡើយទេ ដូច្នេះត្រូវរង់ចាំមើលទៀត»។
លោក វង្ស សុវណ្ណ អគ្គលេខាធិការរងនៃគណៈកម្មាធិការដោះស្រាយកូដកម្ម បាតុកម្ម គ្រប់មុខសញ្ញា នៅក្រសួងសង្គមកិច្ច បានថ្លែងថា រដ្ឋាភិបាលបានជំរុញឲ្យភាគីទាំងអស់បន្តការចរចាទៀតនៅខែក្រោយ ដោយសង្ឃឹមថានឹងអាចដំឡើងប្រាក់ឈ្នួលអប្បបរមាបាននៅខែមេសា។
លោកបានថ្លែងបន្តថា៖ «និយោជកត្រូវតែពិចារណាលើបញ្ហានេះយ៉ាងយកចិត្តទុកដាក់ពីមុនពេលយល់ព្រម ហើយខ្ញុំគិតថា ប្រសិនបើពួកគេដំឡើងបន្ថែមទៀតគឺនឹងមិនដំឡើងច្រើនទេ»។
អគ្គលេខាធិការសមាគមរោងចក្រកាត់នៅកម្ពុជា លោក ខេន លូ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។ PS