
ភ្នំពេញៈ លទ្ធផលនៃការប្រជុំនៅព្រឹកថ្ងៃពុធទី ២៧ ខែវិច្ឆិកានេះ ស្តីពីការតម្លើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតធ្វើការផ្នែកវាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នឹងត្រូវធ្វើការជួបប្រជុំគ្នាម្តងទៀតនៅថ្ងៃទី១៦ ខែធ្នូឆ្នាំ២០១៣។
លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជាបានមានប្រសាសន៌ក្រោយការប្រជុំនៅក្រសួងការងារនៅថ្ងៃពុធនេះថា លទ្ធផលនៃការប្រជុំថ្ងៃនេះមិនទាន់មានការសម្រេចអ្វីនោះទេ ប៉ុន្តែក្រុមការងារបានបង្កើតផែនការរួមមួយសម្រាប់ធ្វើការជួបគ្នាម្តងទៀតនៅខែក្រោយនេះ។
លោកបានមានប្រសាសន៌ថា៖ «យើងបានសម្រេចបង្កើតលេខាធិកាដ្ឋានមួយដែលមានសមាសភាពចម្រុះមួយដើម្បីធ្វើផែនការរួមមួយ។ នៅថ្ងៃនេះផងដែរ អនុគណកម្មាទាំង ៤ បានរាយការណ៌ អំពីលទ្ធផលដែលបានធ្វើការស្រាវជ្រាវរកឃើញ។ ដូចនេះយើងនឹងបូកសរុបរបាយការណ៌មួយនៃលទ្ធផលនៃអនុគណកម្មការទាំង៤នេះ»។
លោកបានបន្តទៀតថា ចំណុចមួយទៀតគឺការដាក់រូបមន្តបី ដើម្បីធ្វើការជ្រើសរើសគឺទី១ ការតម្លើងនេះអាចធ្វើការតម្លើង ៥ ឆ្នាំម្តង ដោយគិតជាភាគរយថាតើមួយឆ្នាំត្រូវប៉ុន្មានភាគរយ ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨។
ចំពោះរូបមន្តទី២ គឺអាចតម្លើងម្តង ៥ឆ្នាំ និងរូបមន្តទី៣ គឺអាចតម្លើងដោយកំណត់ឆ្នាំចុងក្រោយ។
លោក សោម អូន បានថ្លែងថា៖ «នៅថ្ងៃទី១៦ ខែក្រោយនេះ យើងនឹងមានទិន្នន័យច្បាស់ថាតើយើងគួរសុំតម្លើងប៉ុន្មានហើយ បន្ទាប់ពីលេខាធិការដ្ឋានសរុបរបាយការណ៌របស់គណកម្មាការទាំង ៤ ដែលបានស្រាវជ្រាវរកឃើញ»។
ការប្រជុំពិភាក្សាលើកដំបូងពីការតម្លើងប្រាក់ឈ្នួលនេះមានការចូលរួមពីអនុគណកម្មាការទាំង ៤ ដែលជាគណកម្មាការចម្រុះដែលមានខាងនិយោជក សហជីព និងក្រសួងការងារ។
លោក សោម អូន បានបញ្ជាក់ថា ជាផែនការរបស់គណកម្មាការនេះគឺត្រូវតែបញ្ចប់ការងារនេះយ៉ាងយូរបំផុតនៅក្នុងខែធ្នូនេះ ហើយចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ ២០១៤ តែម្តង។
ដោយឡែក កម្មករ កម្មការិនីរោងចក្រ B&N ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវប្រមាណជា ៥០០ នាក់បានចេញមក ឈរបិទផ្លូវ តវ៉ាសុំតម្លើងប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗ នៅព្រឹកថ្ងៃពុធនេះ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍