ក្រុងសេអ៊ូលៈ កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ខ្លួនបានកាត់ទោសពលរដ្ឋអាមេរិកម្នាក់ឲ្យធ្វើពលកម្មក្នុងគុក១៥ឆ្នាំពីបទ«ទង្វើអរិភាព»ប្រឆាំងនឹងរបបកុម្មុយនីស្តនេះ បន្ទាប់ពីភាពតានតឹងជាច្រើនខែរវាងក្រុងព្យុងយ៉ាង និងបស្ចិមប្រទេស។
លោក ប៉េ ជុនហូ ដែលឈ្មោះអាមេរិកថា ឃេណេត បេ ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ខណៈលោកចូលទៅក្រុងកំពង់ផែ រ៉ាស៊ុន ភាគខាងជើង។ លោកត្រូវបានចោទប្រកាន់ពីបទ«ប៉ុនប៉ងផ្តួលរំលំកូរ៉េខាងជើង»។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការ(KCNA)របស់កូរ៉េខាងជើង បានប្រកាសថា៖ «តុលាការកំពូល បានកាត់ទោសលោកឲ្យធ្វើពលកម្ម១៥ឆ្នាំពីឧក្រិដកម្មនេះ។
ក្រុងព្យុងយ៉ាង មិនបានបញ្ជាក់ពីមូលដ្ឋាននៃបទល្មើលដែលលោកបេ បានប្រព្រឹត្តនោះទេ ប៉ុន្តែKCNA បាននិយាយកាលពីថ្ងៃសៅរ៍នៅពេលបើកសវនាការថា គាត់បានទទួលស្គាល់ឧក្រិដ្ឋកម្មរបស់គាត់។
សកម្មជននៅសេអ៊ូល លោកដា ហ៊ីយ៉ុន បានប្រាប់ AFPថា លោកគិតថា បេ ត្រូវបានចាប់ខ្លួនព្រោះគាត់បានថតរូបក្មេងស្គមស្គាំងនៅកូរ៉េខាងជើង ជាផ្នែកមួយនៃកិច្ចប្រឹងប្រឹងដើម្បីទាក់ទាញជំនួយពីក្រៅប្រទេស។ អាមេរិក បានជំរុញឲ្យកូរ៉េខាងជើងដោះលែងអ្នកជាប់ឃុំឃាំងម្នាក់នេះ លើហេតុផលមនុស្សធម៌។
លោក ប៉ាទ្រីក វ៉េនរ៉េល អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា៖ «សុខុមាលភាពរបស់ពលរដ្ឋអាមេរិក គឺជារឿងដ៏សំខាន់និងជាអាទិភាពកំពូលសម្រាប់ក្រសួង»៕ AFP/CC