
ភ្នំពេញៈ បុគ្គលិក មេដឹកនាំ និងកម្មកររបស់សហជីពសេរីកម្មករ ៨ នាក់ដែលត្រូវបានចាប់ខ្លួនក្នុងការតវ៉ានៅរោងចក្រ សាប្រ៊ីណា កាលពីដើមខែមិថុនា និងកំពុងធ្វើការឃុំខ្លួននៅក្នុងពន្ធនាគារខេត្ត កំពង់ស្ពឺ ត្រូវបានតុលាការកំពូលប្រកាសសាលក្រមកាលពីព្រឹក ថ្ងៃពុធនេះ ដោយបដិសេធឲ្យនៅក្រៅឃុំ។
លោក កៅ ទី មេធាវីសហជីពសេរីកម្មករ និងមេធាវីការពារជនត្រូវចោទទាំង ៨ នាក់នោះ បានមានប្រសាសន៌កាលពីព្រឹកមិញនេះថា តុលាការកំពូលបានធ្វើការបដិសេធការស្នើសុំនៅក្រៅឃុំរបស់សហជីពនេះ ដោយបង្វែរទៅកាន់សាលាឧទ្ទរណ៌ដើម្បីធ្វើការស្រាវជ្រាវឡើងវិញ។
លោកបានថ្លែងថា៖ «តុលាការកំពូលបានបដិសេធ ព្រោះគេចាត់ទុកថាវាជារឿងធំដុំ និងខ្លាចអ្នកទាំង ៨ នាក់នោះបង្ករឿងនៅពេលដែលពួកគេចេញមកក្រៅវិញ»។
លោកបន្តថា ការសម្រេចនេះធ្វើឲ្យសហជីព ក៏ដូចជា ក្រុមគ្រួសារជនទាំង ៨ នាក់នោះមានការខកចិត្ត និងអយុត្តិធម៌សម្រាប់ពួកគេ។
លោកបានឲ្យដឹងថា៖«យើងនឹងធ្វើការជំរុញទៅតុលាការខេត្តកំពង់ស្ពឺឲ្យធ្វើការពន្លឿនការបើកសវនាការជំនុំជម្រះលើករណីនេះឲ្យកាន់តែឆាប់ដើម្បីរកយុត្តិធម៌ជូនពួកគេ»។
លោក កៅ ទី បានបន្ថែមថា តុលាការគួរតែគិតពីបញ្ហាជីវភាព និងក្រុមគ្រួសាររបស់អ្នកជាប់ឃុំ ៨ នាក់នោះផងថា ក្រុមគ្រួសាររបស់ពួកគេនឹងមានការលំបាកកាន់តែខ្លាំងដោយសារសមាជិកគ្រួសាររបស់ពួកគេត្រូវបានជាប់ឃុំ ដោយមិនមានអ្នកណាធ្វើការផ្គត់ផ្គង់ជីវភាព។
គួរបញ្ជាក់ថា បុគ្គលិក មេដឹកនាំ និងកម្មករទាំង ៨ នាក់ដែលកំពុងជាប់ឃុំនៅតុលាការខេត្តកំពង់ស្ពឺត្រូវបានថៅកែរោងចក្រសាប្រ៊ីណាប្តឹងពីបទបង្កហឹង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រោងចក្រកក្នុងការតវ៉ាទាមទារលក្ខខណ្ឌមួយចំនួនកាលពីចុងខែឧសភា និងដើមខែមិថុនា។ ជនត្រូវចោទទាំង ៨ នាក់នោះត្រូវបានឃុំខ្លួនរហូតមកដល់ពេលគឺមានរយៈពេល ៤ ខែហើយ។