
ភ្នំពេញៈ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានចេញលិខិតអញ្ជើញ ប្រធានសហជីពធំៗចំនួន ៦ ឲ្យចូលរួមប្រជុំលើការតវ៉ា អំពីការដំឡើងប្រាក់ឈ្មួលអប្បរមា នៅថ្ងៃសុក្រ ថ្ងៃស្អែកនេះ។
លិខិតបានកោះអញ្ជើញ លោក អាត់ ធន ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ, លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា, លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ, លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ, លោកស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា និងលោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ក្រោមការដឹកនាំប្រជុំដោយ លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កាលពីម្សិលមិញ ក្រសួងការងារបានបញ្ជារឲ្យអង្គការសហជីពទាំងអស់ដែលប្រឆាំងទៅនឹង សេចក្តីសម្រេចរបស់គណៈកម្មការប្រឹក្សាការងារដែលកំពុងតែបំពុល បរិយាកាសបញ្ឈប់សកម្មភាពបំផុសបាតុកម្ម និងកូដកម្ម ហើយក្រសួងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះជនល្មើសតាមផ្លូវ ច្បាប់។
យោងតាមសេក្តីជូនដំណឹងរបស់ក្រសួងការងារថា ក្រោយពីគណៈកម្មការប្រឹក្សាការងារបានចេញសេចក្តីសម្រេចស្តីពីការ តម្លើងប្រាក់ឈ្នួលអប្បបរមាមានសហជីពមួយចំនួនក្នុងនោះមានទាំង សហជីពដែលជាសមាជិកគណៈកម្មការប្រឹក្សាការងារផងដែរ ដែលបានញុះញង់ប្រឆាំងជំទាស់ធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពការងារ និងជីវភាពរបស់កម្មករនៅតាមរោងចក្រមួយចំនួន និងបានបំភ្លៃទៅជាបញ្ហានយោបាយបម្រើឲ្យសកម្មភាពរបស់គណបក្ស នយោបាយ។
សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា៖ «អង្គការសហជីពណាដែលប្រឆាំងទៅនឹងការសម្រេចរបស់ក្រុមប្រឹក្សា ការងារ គឺប្រឆាំងទៅនឹងច្បាប់ ប្រឆាំងទៅនឹងគោលការណ៌លទ្ធិប្រជាធិបតេយ្យ និងប្រឆាំងទៅនឹងខ្លួនឯងដែលបានចូលរួមក្នុងការពិភាក្សា និងអនុម័ត»។
សហជីពដែលធ្វើសកម្មភាពប្រឆាំងជំទាស់សេចក្តីសម្រេចរបស់គណៈ កម្មការប្រឹក្សាការងារត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះមុខកម្មករនិយោជិត និងផលវិបាកទាំងឡាយដែលកើតឡើងដោយការបំផុតបាតុកម្មទាមទារតាមជំហរ ឯកតោភាគីរបស់ខ្លួន។
សេចក្តីជូនដំណឹងនេះបន្តថា៖ «ក្រសួងការងារ នឹងរៀបចំយន្តការដើម្បីតាមដានរាល់សកម្មភាពទាំងឡាយរបស់អង្គការ សហជីព និងការនិយោជកក្នុងការអនុវត្តសេចក្តីសំរេចរបស់គណៈកម្មការប្រឹក្សា ការងារ និងចាត់វិធានការម៉ឺងម៉ាត់ចំពោះជនល្មើសទៅតាមផ្លូវច្បាប់»។