
ភ្នំពេញៈ ក្រសួងការងារបានបញ្ជារឲ្យអង្គការសហជីពទាំងអស់ដែលប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មការប្រឹក្សាការងារដែលកំពុងតែបំពុលបរិយាកាសបញ្ឈប់សកម្មភាពបំផុសបាតុកម្ម និងកូដកម្ម ហើយក្រសួងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះជនល្មើសតាមផ្លូវច្បាប់។
យោងតាមសេក្តីជូនដំណឹងរបស់ក្រសួងការងារ នៅថ្ងៃពុធ ទី២៥ ខែធ្នូនេះថា ក្រោយពីគណៈកម្មការប្រឹក្សាការងារបានចេញសេចក្តីសម្រេចស្តីពីការតម្លើងប្រាក់ឈ្នួលអប្បបរមាមានសហជីពមួយចំនួនក្នុងនោះមានទាំងសហជីពដែលជាសមាជិកគណៈកម្មការប្រឹក្សាការងារផងដែរ ដែលបានញុះញង់ប្រឆាំងជំទាស់ធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពការងារ និងជីវភាពរបស់កម្មករនៅតាមរោងចក្រមួយចំនួន និងបានបំភ្លៃទៅជាបញ្ហានយោបាយបម្រើឲ្យសកម្មភាពរបស់គណបក្សនយោបាយ។
សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា៖ «អង្គការសហជីពណាដែលប្រឆាំងទៅនឹងការសម្រេចរបស់ក្រុមប្រឹក្សាការងារ គឺប្រឆាំងទៅនឹងច្បាប់ ប្រឆាំងទៅនឹងគោលការណ៌លទ្ធិប្រជាធិបតេយ្យ និងប្រឆាំងទៅនឹងខ្លួនឯងដែលបានចូលរួមក្នុងការពិភាក្សា និងអនុម័ត»។
សហជីពដែលធ្វើសកម្មភាពប្រឆាំងជំទាស់សេចក្តីសម្រេចរបស់គណៈកម្មការប្រឹក្សាការងារត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះមុខកម្មករនិយោជិត និងផលវិបាកទាំងឡាយដែលកើតឡើងដោយការបំផុតបាតុកម្មទាមទារតាមជំហរឯកតោភាគីរបស់ខ្លួន។
សេចក្តីជូនដំណឹងនេះបន្តថា៖ «ក្រសួងការងារ នឹងរៀបចំយន្តការដើម្បីតាមដានរាល់សកម្មភាពទាំងឡាយរបស់អង្គការសហជីព និងការនិយោជកក្នុងការអនុវត្តសេចក្តីសំរេចរបស់គណៈកម្មការប្រឹក្សាការងារ និងចាត់វិធានការម៉ឺងម៉ាត់ចំពោះជនល្មើសទៅតាមផ្លូវច្បាប់»។
ជាមួយគ្នានេះដែរក្រសួងការងារនេះក៏បានចេញនូវសេចក្តីប្រកាសព័ត៌មានមួយទៀតស្របគ្នានេះផងដែរដោយបានជំរាបទៅដល់ សាធារណៈជន កម្មករនិយោជិត និយោជក អង្គការវិជ្ជាជីវៈ អង្គការជាតិ និងអន្តរជាតិថា សហភាពសហជីពកម្ពុជាដែលដឹងនាំដោយលោក រ៉ុង ឈុន ដែលអះអាងថាជាប្រធាននោះ ពុំមែនជាសហជីពស្របច្បាប់ទេ។
សេចក្តីប្រកាសនេះបានឲ្យដឹងទៀតថា៖ «សហជីពនេះមិនមានការចុះបញ្ជីការនៅក្រសួងការងារនោះទេ ពីព្រោះថាសហភាពសហជីពនេះពុំមាននីតសម្បទាគ្រប់គ្រាន់ដើម្បីបានការទទួលស្គាល់តាមផ្លូវច្បាប់ពីក្រសួងឡើយ»។
សេចក្តីបានបន្តទៀតថា ដូចនេះនៅរាល់សកម្មភាព និងរាល់សេចក្តីថ្លែងការណ៌ណាមួយរបស់លោក រ៉ុង ឈុន គឺមិនមែនជាតំណាងឲ្យសម្លេងរបស់កម្មករនិយោជិតនោះទេ។