The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​​លើក​ការ​ប្រឡង​មធ្យម​សិក្សាបឋម​ភូមិ​​ដោយគ្មាន​មូល​ហេតុ​

ក្រសួង​​លើក​ការ​ប្រឡង​មធ្យម​សិក្សាបឋម​ភូមិ​​ដោយគ្មាន​មូល​ហេតុ​

ក្រសួង​​លើក​ការ​ប្រឡង​មធ្យម​សិក្សាបឋម​ភូមិ​​ដោយគ្មាន​មូល​ហេតុ​

ភ្នំពេញៈ ​ក្រសួង​អប់រំ​​យុវជន​និង​កីឡា ​កាល​ពី​ម្សិលមិញបានប្រកាស​​​ពន្យារ​ពេល​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យ​ម​សិក្សា​បឋម​ភូមិ​​ថ្នាក់​ទី​៩ ​​នៅ​សប្តាហ៍​​នេះ​ដោយ​មិន​​បាន​បញ្ជាក់​​​​អំពី​មូលហេតុ​ឡើយ។

​នៅ​ក្នុង​សេចក្តី​ប្រ​កាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ កាល​ពី​ម្សិល​មិញ​ ក្រសួង​អប់រំ​បាន​ជូន​ដំណឹង​ទៅ​ដល់​ឪពុកម្តាយ​ អាណាព្យាបាល​​សិស្ស​ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​បឋម​ភូមិ​ទាំង​អស់​​​​​ថា​ ​ការ​ប្រឡង​​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ចន្ទនេះ​​ និង​ថ្ងៃ​អង្គារ​​នឹង​ត្រូវ​លើកទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​​២៦​​និង​២៧​ ខែកញ្ញា​​ វិញ។

រាជ​​រដ្ឋា​ភិបាលកាល​ពីសប្តាហ៍​មុន​បាន​ចង្អុល​ទៅ​​ការ​ប្រឡង​ដែល​មាន​រយៈ​ពេល​ពី​រ​ថ្ងៃ​នេះ​​​ថា ​ជា​មូល​ហេតុ​​ដែល​គណបក្ស​ប្រឆាំង​ត្រូវ​បាន​​​អនុញ្ញាត​​​ដោយ​ស្រប​ច្បាប់​ឲ្យ​ធ្វើ​បាតុកម្ម​ការតវ៉ា​​អហិង្សា​តែ​មួយ​ថ្ងៃ​គត់​ គឺ​ថ្ងៃទី ១៥ កញ្ញា។

ប៉ុន្តែ​នៅ​ពេល​សួរ​ថា​ តើ​​​ការ​លុបចោល​​​​​កាល​បរិ​ច្ឆេទ​ប្រឡង​នេះ​ពាក់​ព័ន្ធ​នឹង​បញ្ហា​បាតុ​កម្ម​ឬ​យ៉ាង​ណា​ ​ខណៈ​ដែល​បាតុកម្ម​​បាន​ចាប់​ផ្តើម​​កាល​ពីម្សិល​មិញ​ ​ហើយ​​ដែល​គណបក្ស​ប្រឆាំង​បាន​ប្តេជ្ញា​ថា​​នឹង​បន្ត​​ធ្វើ​យ៉ាង​ហោច​ណាស់​រយៈ​ពេល​៣​ថ្ងៃ​  នោះ លោក សម សេរីរដ្ឋ​ អគ្គ​លេខា​ធិការ​​នៃ​លេខាធិការ​ដ្ឋាន​​​ក្រសួង​អប់រំ​​​យុវជន​ និងកីឡា​បាន​បដិសេធ​មិន​​ឆ្លើយ​តប​និងធ្វើ​អត្ថាធិប្បាយទេ​។​

​លោក​បាន​ថ្លែង​ថា​៖ «​​យើង​មិន​មាន​មូល​ហេតុ​​សម្រាប់​​ការ​​ពន្យារ​សម្រាប់​ការ​ប្រឡង​​មធ្យម​សិក្សា​បឋមភូមិ​​នៅ​ពេល​នេះទេ​»។ លោក​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយរួច​ផ្តាច់​ទូរស័ព្ទ​​​។

​យុវ​កញ្ញា​ គឹម កញ្ញា អាយុ​១៦​ ​សិស្ស​​​​នៅ​វិទ្យា​​ល័យ​ទួល​ស្វាយ​ព្រៃ​បានសម្តែង​ការ​ខក​ចិត្ត ចំពោះ​ការ​ពន្យារ​ពេល​​ការ​ប្រឡង​របស់​ខ្លួន​នេះ​​​ ដោយបាន​​អះ​អាង​ថា​ ​​កញ្ញា​​មិន​ចាប់​អារម្មណ៍​ចំពោះ​​កាល​បរិច្ឆេទ​នៃ​ការ​ប្រឡង​​​ដែល​​​ចំ​គ្នា​ជា​មួយ​​ការ​ធ្វើ​បាតុ​កម្ម​របស់​គណបក្ស​​នយោ​បាយនោះ​ទេ​​។

​កញ្ញា គឹម កញ្ញា បាន​និយាយ​​​កាលពី​ម្សិល​មិញដែរ​​ថា​​៖ «​​ខ្ញុំ​ចង់​ឲ្យ​ការ​ប្រឡង​ចាប់​ផ្តើម​ឆាប់​ៗ​​តាម​ដែល​​អាច​ធ្វើ​ទៅ​បាន​ ​ខ្ញុំ​មិន​ចង់​ចាំ​យូរ​ជាង​នេះ​ទេ​ [​ពី​ព្រោះ​]​ថ្ងៃ​ទី​មួយ​នៃ​ការ​ប្រឡង​នឹង​មក​ដល់​នៅ​​ពេល​ឆាប់​ៗ​​នេះ​។ ​ខ្ញុំ​មិន​បារម្ភ​​ឬ​ភ័យ​ខ្លាច​​​ចំពោះ​កាល​បរិច្ឆេទ​​នៃ​ការ​ប្រឡង​និង​ការ​ធ្វើ​បាតុកម្ម​ដែល​​​ចំ​ពេល​ជា​មួយ​គ្នា​ទេ»៕ PS

អត្ថបទគួរចាប់អារម្មណ៍