
ភ្នំពេញៈ ក្រុមសន្តិសុខនៃក្រុមហ៊ុនផានអ៊ីម៉ិច ប្រមាណជាង២០នាក់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ បាននាំគ្នាធ្វើការរុះរើ ជម្រកតង់បណ្ដោះអាសន្ន របស់ពលរដ្ឋក្រីក្រនៃសហគមន៍បុរីកីឡាចំនួន១២គ្រួសារ ខណៈពលរដ្ឋទាំងនោះបាននាំគ្នាចេញទៅស្ដាប់ការប្រកាសសាលដីការរបស់តុលាការសាលាឧទ្ទរណ៍ លើសំណុំរឿងលោកម៉ម សូណង់ដូ ។
ការចុះរុះរើនេះ បានធ្វើឡើងបន្ទាប់ពីពលរដ្ឋនៃសហគមន៍ក្រីក្រមួយនេះ បានប្រមូលគ្នាកាន់តែច្រើនឡើងចូលទៅបោះតង់រស់នៅសាជាថ្មីលើដីទំនេរមួយកន្លែង ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងដោយម្ចាស់ក្រុមហ៊ុនផានអ៊ីមិច គឺលោកស្រី ស៊ុយ សុផាន។
ស្ត្រីម្នាក់ចំណោមពលរដ្ឋចំនួន១២គ្រួសារដែលបានចូលទៅបោះតង់រស់នៅលើដីទំនេរនោះ អ្នកស្រី ស៊ូ អ៊ីម បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីព្រឹកម្សិលមិញនៅវេលាម៉ោងប្រហែលជា៨ និង១៥នាទី ក្រុមសន្តិសុខក្រុមហ៊ុនផានអ៊ីមិច ចំនួនជាង២០នាក់ ដឹកនាំដោយបុរសម្នាក់ឈ្មោះសារី បានចូលមករុះរើតង់ និងប្រមូលយកឈើ តង់កៅស៊ូ ចង្ក្រាន ចាន ឆ្នាំង និង អង្ករ របស់ពួកគាត់អស់គ្មានសល់ ខណៈពួកគាត់ភាគច្រើននាំគ្នាទៅជួយគាំទ្រលោកម៉ម សូណង់ដូ ។
អ្នកស្រីថ្លែងថា៖«តាសារី ដែលជាមេក្រុមសន្តិសុខនោះ បានប្រាប់ឲ្យពួកខ្ញុំ ឲ្យប្រមូលឥវ៉ាន់និងរើតង់ចេញពីទីនេះ...ដោយឃើញពួកខ្ញុំជាស្ត្រីមានគ្នាតែបីនាក់នៅចាំកន្លែង ពួកគាត់ក៏ធ្វើការរុះរើតង់និងប្រមូលយករបស់របររបស់យើងខ្ញុំគ្មានសល់»។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍