ភ្នំពេញៈ ក្រុមប្រឹក្សាការងារ ដែលមានតំណាងសហជីព ថៅកែរោងចក្រ និងរាជរដ្ឋាភិបាល បានសម្រេចយករូបមន្តដំឡើងប្រាក់ឈ្មួលកម្មករ ៥ឆ្នាំម្តង ក្រោយពីបាន ជួបប្រជុំគ្នាដើម្បីពិភាក្សាពីការ ដំឡើងប្រាក់ខែជូនកម្មករ រោងចក្រនៅព្រឹកថ្ងៃអង្គារនេះ។
រូបមន្តដំឡើង ៥ឆ្នាំម្តងមានន័យថា ឆ្នាំ ២០១៤ និង២០១៥ កម្មករនឹងទទួលបានប្រាក់ឈ្មួល បូកបន្ថែម ១៥ដុល្លារលើប្រាក់ឈ្មួលបច្ចុប្បន្នដែលមាន ៨០ដុល្លារ (ឆ្នាំ២០១៤, ៨០+១៥=៩៥; ឆ្នាំ២០១៥, ៩៥+១៥=១១០។ នៅឆ្នាំ ២០១៦ នឹងបូកបន្ថែម ១៦ដុល្លារ (១១០+១៦=១២៦)។ នៅឆ្នាំ ២០១៧ នឹងបូកបន្ថែម ១៧ ដុល្លារ (១២៦+១៧=១៤៣) និងនៅឆ្នាំ២០១៨ នឹងបូកបន្ថែម ១៧ដុល្លារទៀត (១៤៣+១៧=១៦០)។
ការប្រកាសសម្រេចយកការដំឡើងប្រាក់ឈ្មួលនៅព្រឹកថ្ងៃអង្គារនេះ មិនត្រូវបានទទួលស្វាគមន៍ និងត្រេកអរ ពីក្រុមកម្មករប្រមាណជាង ១០០ នាក់ តំណាងឲ្យកម្មករគ្រប់រោងចក្រ ដែលបានមករង់ចាំស្តាប់លទ្ធផលស្តីពីកិច្ចប្រជុំនេះទេ។
ក្រុមកម្មករ មិនសប្បាយចិត្ត នឹងការដំឡើងប្រាក់ឈ្មួលនេះទេ ពួកគេ ចង់ឲ្យមានការដំឡើងឲ្យបាន ១៦០ដុល្លារ ចាប់តាំងពីឆ្នាំក្រោយ ឆ្នាំ ២០១៤ នេះតទៅ ខណៈពេលដែល មេដឹកនាំបក្សប្រឆាំង និង ក្រុមសហជីព កាលពីម្សិលមិញ នាំគ្នាំទទួចដាច់ខាត ឲ្យមានការដំឡើងប្រាកឈ្មួលកម្មករ ដល់ ១៦០ដុល្លារ នៅឆ្នាំក្រោយនេះផងដែរ។
ទោះយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានធ្វើការអំពាវនាវ ដល់កម្មករ ឲ្យទទួលយកនូវការដំឡើងនេះ និងបញ្ឈប់ការធ្វើកូដកម្មទៀត ព្រោះវាគ្មានប្រយោជន៍ទេ។
សេចក្តីសម្រេចស្តីពីការដំឡើងប្រាក់ឈ្មួកកម្មករ នៅព្រឹកថ្ងៃអង្គារនេះ ត្រូវនឹងអនុវត្តចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៤ខាងមុខ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍