ភ្នំពេញៈ តុលាការកំពូលនៅព្រឹកថ្ងៃពុធនេះ បើកសវនាការលើសំណើសុំនៅក្រៅឃុំរបស់អ្នកស្រី យ៉ោម បុប្ផា សកម្មជនការពារដីធ្លីសហគមន៍បឹងកក់។
អ្នកស្រី យ៉ោម បុប្ផា អាយុ២៩ឆ្នាំ ត្រូវអាជ្ញាធរចាប់ឃុំខ្លួនកាលពីថ្ងៃទី៤ កញ្ញា ឆ្នាំ ២០១២ ពីបទហិង្សាដោយចេតនា ទៅលើអ្នករត់ម៉ូតូឌុបពីរនាក់នៅប្លុកបឹងកក់ក្នុងរាជធានីភ្នំពេញ ហើយកាលពីថ្ងៃទី២៧ខែធ្នូ ឆ្នាំមុន តុលាការភ្នំពេញសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារបីឆ្នាំ។ ប៉ុន្តែ ក្រុមអ្នកភូមិបឹងកក់និងក្រុមគ្រួសារជនសង្ស័យ បានច្រានចោលនូវការចោទប្រកាន់នេះនិងបានជំទាស់ទៅលើការសម្រេចសេចក្ដីរបស់តុលាការរាជធានីភ្នំពេញផងដែរ។
លោក លួស សាខន ប្ដីអ្នកស្រី យ៉ោម បុប្ផា ប្រាប់ភ្នំពេញប៉ុស្តិ៍ថា តុលាការកំពូលបានជូនដំណឹងដល់មេធាវីការពារក្ដីប្រពន្ធគាត់រួច ហើយថា នឹងបើកសវនាការនៅព្រឹកថ្ងៃពុធនេះ លើសំណើសុំនៅក្រៅឃុំរបស់ភរិយាគាត់។
លោកថ្លែងថា៖«ខ្ញុំរំ ពឹងទុកថា តុលាការកំពូលនឹងពិនិត្យពិចារណាទៅលើសំណើសុំនៅក្រៅឃុំរបស់ ភរិយាខ្ញុំនិងជំរុញឲ្យសាលាឧទ្ធរណ៍បើការជំនុំជម្រះលើអង្គ សេចក្ដីនៃសំណុំរឿងចោទប្រកាន់លើភរិយាខ្ញុំបានឆាប់ និងប្រកបដោយភាពយុត្តិធម៌»។
ក្រុមអ្នកភូមិបឹងកក់បាននាំគ្នាលើកបដាដែលអំពាវនាវឲ្យមានការដោះលែងអ្នកស្រី យ៉ោមបុប្ផា ដែលពួកគេជឿថា ការចាប់ខ្លួន ចោទប្រកាន់និងកាត់ទោសគាត់ គឺបណ្ដាលមកពីអ្នកស្រីជាសកម្មជនដីធីដ៏សកម្មក្នុងតំបន់បឹងកក់ ក្នុងអំឡុងការតវ៉ាឲ្យមានការដោះលែងសកម្មជនដីធ្លីនៃសហគមន៍នេះចំនួន ១៥ នាក់ ដែលភាគច្រើនជាស្ត្រី។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

ក្រុមគ្រួសារ និងកូនរបស់អ្នកស្រីយ៉ោម បុប្ផា និងអ្នកភូមិបឹងកក់ទាមទារយុត្តិធម៌ជូនសមាជិកខ្លួន។