The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តុលាការ​ចេញ​ដីកា​កោះ​ហៅ​កម្មករ​សហជីព​ដែល​ចោទ​ពី​បទ​បង្ក​ហឹង្សា

តុលាការ​ចេញ​ដីកា​កោះ​ហៅ​កម្មករ​សហជីព​ដែល​ចោទ​ពី​បទ​បង្ក​ហឹង្សា

តុលាការ​ចេញ​ដីកា​កោះ​ហៅ​កម្មករ​សហជីព​ដែល​ចោទ​ពី​បទ​បង្ក​ហឹង្សា

1_Sabrina_gament_factory
1_Sabrina_gament_factory

កំពង់ស្ពឺៈ សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​កម្មករ​នៅ​រោងចក្រ​ សាប្រ៊ីណា ចំនួន ៥ នាក់ និង​មន្ត្រី​សហជីព​សេរីកម្មករ​ចំនួន ៣ នាក់ ដែល​ត្រូវ​ចោទ​ប្រកាន់ ឬ​មាន​តម្រុយ​ពិរុទ្ធភាព​ពី​បទ «ផ្តើម​គំនិត​ក្នុង​អំពើ​ហឹង្សា​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស និង​ផ្តើម​គំនិត​ក្នុង​អំពើ​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស» ដែល​ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​ឧសភា និង​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៣។

យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​របស់​សាលា​ខេត្ត​កំពង់ស្ពឺ​ដែល​ភ្នំពេញ​ ប៉ុស្តិ៍ ទទួល​បាន​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​សីហា​នេះ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ឆឹម ឬទ្ធី​ ចៅ​ក្រម​ស៊ើប​សួរ​បាន​បញ្ជា​ឲ្យ អ្នក​ដែល​មាន​ឈ្មោះ​ត្រូវ​ចូល​បង្ហាញ​ខ្លួន​នៅ​សាលា​ខេត្ត​កំពង់ស្ពឺ​នៅ​ចុង​ខែ​សីហា​នេះ។

លោក ស៊ុន វ៉ាន់នី អាយុ ៣៣ ឆ្នាំ កម្មករ​រោងចក្រ សាប្រ៊ីណា ដែល​ទទួល​បាន​ដីកា​បង្គាប់​កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​និយាយ​ថា លោក​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា លោក​នឹង​ចូល​បង្ហាញ​ខ្លួន​តាម​កា​របង្គាប់​នេះ​ ឬ​យ៉ាង​ណា​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​នឹង​មេធាវី​របស់​សហជីព​ជាមុន​សិន​ថា តើ​ខ្ញុំ​ត្រូវ​ទៅ​ ឬ​អត់ តែ​ខ្ញុំ​សម្រេច​ចិត្ត ៥០% ជា​មុន​ថា ខ្ញុំ​នឹង​ចូល​តាម​ការ​បង្គាប់​នេះ»។

លោក ស៊ុន វ៉ាន់នី បាន​បន្តថា លោក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ដីកា​កោះ​នេះ ដោយ​ខ្លាច​លោក​នឹង​ត្រូវ​គេ​ចាប់​ខ្លួន ព្រោះ​បន្ទាប់​ពី​មិត្តភក្តិ​របស់​លោក និង​មន្ត្រី​សហជីព​សេរីកម្មករ​ចំនួន ៨ នាក់​ត្រូវ​បាន​ចាប់ និង​កំពុង​តែ​ឃុំ​ខ្លួន​នៅ​មន្ទីរ​ឃុំ​ឃាំង​ខេត្ត​កំពង់​ស្ពឺ លោក​ទទួល​ព័ត៌មាន​ថា មនុស្ស​ចំនួន ៨ នាក់​ទៀត​កំពុង​តាម​ចាប់​ខ្លួន​ផង​ដែរ។

លោក យ៉ាន់ រ័ត្នកែវពិសី ជា​មន្រ្តី​សហជីព​សេរីកម្មករ​បាន​និយាយ​ថា លោក​លឺថា មន្ត្រី​សហជីព ៣ ​នាក់​នឹង​ត្រូវ​បង្គាប់​ឲ្យ​ចូល​ខ្លួន​ដែរ តែ​លោក​មិន​ទាន់​បាន​ទទួល​ដីកា​នៅ​ឡើយ​ទេ​មក​ដល់​ពេល​នេះ។

សូម​បញ្ជាក់​ថា កម្មករ​រាប់​ពាន់​នាក់​បាន​ធ្វើ​ការ​តវ៉ា ដោយ​បង្ក​ជា​អំពើ​ហឹង្សា​ធ្វើ​ឲ្យ​កម្មករ និង​មន្ត្រី​សមត្ថកិច្ច​រង​របួស​ជា​ច្រើន​នាក់ និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​របស់​រោងចក្រ​ផង​ដែរ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា និង​ថ្ងៃ​ទី​៣​ខែ​មិថុនា ឆ្នាំ​២០១៣ កន្លង​មក។ ជាមួយ​នេះ​ក៏​មាន​កា​រចាប់ ឃាត់​ខ្លួន​កម្មករ និង​មន្ត្រី​សហជីព​ចំនួន ៨ នាក់​ភ្លាមៗ​ផង​ដែរ។ ពួកគេ​ត្រូវ​បាន​ចោទ​ពី​បទ​បង្ក​ឲ្យ​មាន​អំពើ​ហឹង្សា និង​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា។ ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​ទេ។

អត្ថបទគួរចាប់អារម្មណ៍