
ភ្នំពេញៈ តំណាងអតីតជនរងគ្រោះនៃរបបខ្មែរក្រហម កាលពីព្រឹកថ្ងៃសុក្រ បានដាក់ពាក្យបណ្ដឹងប្រឆាំងលោក កឹម សុខា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពីបទ«បរិហារកេរ្តិ៏ ជាសាធារណៈ» ។
លោក ជុំ ម៉ី អតីតជនរងគ្រោះនៃរបបខ្មែរក្រហម ដែលរួចជីវិតពីការធ្វើទារុណកម្មក្នុងគុកទួលស្លែងបានប្រាប់ឲ្យដឹងកាលពីព្រឹកម្សិលថា លោកបានស្នើរឲ្យមេធាវីរបស់លោក ដាក់ពាក្យប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្រឆាំងនឹង លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ពីបទ«បរិហារកេរ្តិ៍ ជាសាធារណៈ»។
លោកបានថ្លែងថា៖«ការប្ដឹងនេះគឺក្នុងគោលបំណងតែមួយគត់គឺ ទាមទារឲ្យលោកកឹម សុខា ចេញមុខមកថ្លែងសុំទោសជនរងគ្រោះក្នុងរបបខ្មែរក្រហមជាសាធារណៈ ប៉ុណ្ណោះ មិនចង់បានអ្វីផ្សេងទៀតនោះទេ »។
មេធាវីការពារដើមបណ្ដឹងលើសំណុំរឿងចោទប្រកាន់មេដឹកនាំស្ដីទី នៃបក្សប្រឆាំងដែលទើបចាប់កំណើតថ្មីមួយនេះ ពីការរួមបញ្ចូលគ្នារវាងគណបក្យសម រង្សី និងគណបក្សសិទ្ធិមនុស្ស លោក គយ ធុណា បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា លោក បានដាក់ពាក្យបណ្ដឹងប្រឆាំងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ទៅសាលាដំបូងរាជធានីភ្នំពេញហើយ កាលពីវេលាម៉ោងប្រមាណជា ៨ និង ៣០នាទី ព្រឹកថ្ងៃសុក្រ ទី១៤ ខែ មិថុនា ឆ្នាំ២០១៣នេះ ។
លោកបានថ្លែងថា៖«ខ្ញុំបានដាក់ពាក្យបណ្ដឹង ប្រឆាំងលោក កឹម សុខា ពីបទ បរិហាកេរិ៍្ត ជាសាធារណៈ នោះទៅសាលាដំបូងរាជធានីភ្នំពេញ តាមការស្នើរសុំពីកូនក្ដីខ្ញុំរួចហើយ»។
ទោះជាបែបណាក្ដី គណបក្សសង្គ្រោះជាតិ ហាក់ដូចជាមិនចាប់អារម្មណ៍ចំពោះករណីនេះប្ដឹងផ្ដល់នេះឡើយ មិនតែប៉ុណ្ណោះបានចាត់ទុក ការតវ៉ាទាមទារឲ្យលោកកឹម សុខា សុំទោសដល់ជនរងគ្រោះ និង ការប្ដឹងចោទពីប្រកាន់ខាងលើនេះថា ជាការទាមទារ នឹងប្ដឹងផ្ដល់ដោយគ្មានមូលដ្ឋានច្បាប់។
កាលពីព្រឹកមិញ [ថ្ងៃសុក្រ] នេះ កញ្ញា កឹម មូនោវិត្យា អនុប្រធាននាយកដ្ឋានកិច្ចការសាធារណៈនៃគបក្សសង្គ្រោះជាតិ បានថ្លែងថា៖«យើងមិនចាប់អារម្មណ៍ចំពោះការប្ដឹងផ្ដល់នេះទេ ហើយយើងក៏នឹងមិនមានការតបតចំពោះបញ្ហានេះដែរ ព្រោះការទាមទារ និង ការប្ដឹងប្រឆាំងលោកកឹម សុខា ទៅលើបញ្ហានេះ របស់ពួកគាត់ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់»។
កាលពីថ្ងៃទី៩ ខែ មិថុនា ២០១៣ លោកជុំ ម៉ី និង ក្រុមគ្រួសារជនរងគ្រោះនៃរបបខ្មែរក្រហម រួមទាំងតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់សំខាន់មួយចំនួននៃគណបក្សប្រជាជនកម្ពុជា រាប់ម៉ឺននាក់ បានធ្វើការតវ៉ានៅទូទាំងប្រទេស ទាមទារឲ្យលោក កឹម សុខា ធ្វើការសុំទោសដល់ពួកគេនិងដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់ដែលស្លាប់ក្នុងរបបខ្មែរក្រហម។
ទោះជាបែបណាក្ដី លោកកឹម សុខា មិនបានបង្ហាញខ្លួននៅចំពោះមុខបាតុករ ដើម្បីធ្វើការសុំទោសនោះទេ ជាមួយគ្នានោះគណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍បន្ទាន់មួយឆ្លើយតបទៅនឹងសំណើររបស់ក្រុមបាតុករ ដោយលើកឡើងការពារនូវអ្វីដែលលោក កឹម សុខា បានបរិយាយពាក់ព័ន្ធនឹងករណីថា« គុកទួលស្លែង ជាគុកសប្បនិម្មិត»។