ក្រុងគូឡាឡុំពួរ: ទីភ្នាក់ងារព័ត៌មានផ្លូវការក្នុងស្រុក Bernama បាននិយាយពីថ្ងៃពុធថា ទឹកជំនន់បង្កដោយការធ្លាក់ទឹកភ្លៀងធ្លាក់ធ្ងន់ធ្ងរនារដូវវស្សា នៅម៉ាឡេស៊ីបានបង្ខំឲ្យពលរដ្ឋ១៤ពាន់នាក់ភៀសខ្លួនចេញពីលំនៅដ្ឋានពួកគេ ហើយស្វែងរកជម្រក នៅមជ្ឈមណ្ឌលសង្គ្រោះ។
ចំពេលមានការព្យាករពីភ្លៀងធ្លាក់ដូចហែកមេឃ ទីភ្នាក់ងារនេះបាននិយាយថា ភ្លៀងធ្លាក់ធ្ងន់ធ្ងរស្របគ្នានឹងទឹកសមុទ្រជោរ បានជន់លិចផ្ទះសម្បែងរាប់រយខ្នងនៅក្នុងរដ្ឋភាគឦសានចំនួនបី គឺរដ្ឋតារ៉េងហ្គានូ រដ្ឋប៉ាហាង និងរដ្ឋកេឡានតាន់ ដោយធ្វើឲ្យមនុស្សប្រមាណ១៣៧៤៦នាក់ផ្លាស់ទៅកាន់មណ្ឌលជម្លៀស។
ទីភ្នាក់ងារ Bernama បាននិ យាយថា ស្ថានភាពទឹកជំនន់គឺកាន់តែធ្ងន់ធ្ងរទៅៗ ព្រោះចំនួនជនភៀសខ្លួនបានបន្តកើនឡើង ហើយផ្លូវផ្នល់សំខាន់ៗ នៅក្នុងរដ្ឋប៉ាហាងត្រូវបានបិទ ខណៈទឹកទន្លេរបានឡើងហួសច្រាំង។
នាយកព្យាករអាកាសធាតុនៃ មន្ទីរឧតុនិយម លោក មូហាម៉ាត់ ហេលមី អាប់ឌុលឡះ បានព្រមានថាអាចមានភ្លៀងធ្លាក់ជាច្រើនទៀត នៅក្នុងរដ្ឋតារ៉េងហ្គានូ រដ្ឋប៉ាហាង និងរដ្ឋចូហារភាគខាងត្បូង នៅក្នុងពេលពីរបីថ្ងៃខាងមុខនេះ។
លោកបានថ្លែងថា៖«យើងរំពឹងថានឹងមានភ្លៀងឈប់ៗ ស្រោចស្រប់លើតំបន់ខ្លះនៃរដ្ឋទាំងនេះយ៉ាងខ្លាំង»។ លោកបានបន្ថែមថា រដូវវស្សានៅភាគឦសាន នឹងមានរយៈពេលរហូតដល់ខែមីនា ហើយរដ្ឋដែលប៉ះពាល់ អាចជួបប្រទះនូវឧបទ្ទវហេតុ«ធ្លាក់ភ្លៀងខ្លាំង»ចំនួន៣ឈុតបន្ថែមទៀត។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។