
ភ្នំពេញៈ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្ថលេខាលើកលែងទោស លោក សម រង្ស៊ី ហើយកាលពីយប់ថ្ងៃទី ១១ កក្កដា ២០១៣ នេះបើតាមការប្រាប់ឲ្យដឹងពីមន្ត្រីខុន្ទកាល័យគណបក្សសង្គ្រោះជាតិ ដែលស្នើសុំមិនបញ្ចេញឈ្មោះនៅព្រឹកថ្ងៃសុក្រនេះ។
ប្រភពដដែលនោះបានអះអាងថា៖ «លោក សម រង្ស៊ីបានទទួលព្រះរាជក្រឹត្យ លើកលែងទោសពីព្រះមហាក្សត្ររួចហើយ»។
ទោះជាបែបណាក្ដី មន្ត្រីរូបនោះមិនបានប្រាប់ឲ្យដឹងអំពីថាតើ លោកសម រង្ស៊ី ទទួលបានព្រះរាជក្រឹត្យលើកលែងទោសពីព្រះមហាក្សត្រនោះដោយរបៀបណានោះទេ។
ដោយលោកបានបញ្ជាក់ថា នៅវេលាម៉ោង ៦ និង ៣០ នាទីល្ងាចនេះ លោក សម រង្ស៊ី នឹង ប្រកាសអំពីព័ត៌មាននេះនិង ព័ត៌មានស្ដីពីកាលបរិច្ឆេទនៃការវិលត្រឡប់មកកម្ពុជារបស់លោក ដល់សកម្មជននិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដោយផ្ទាល់តាមរយៈប្រព័ន្ធវីដេអូខនហ្វ្រិន (Video Conference) នៅក្រុងតាខ្មៅ និងនៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញនៅវេលាម៉ោង ៧ យប់នេះ និង នៅខេត្តកំពង់ធំនៅវេលា ម៉ោង ៧ និង៣០នាទីយប់នេះ ។
ដោយឡែកលោកសិទ្ធ សុធន ជំនួយការផ្ទាល់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អគ្គលេខាធិការគណបក្សសង្គ្រោះជាតិ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មុនពេលឡើងយន្តហោះ ទៅកាន់ប្រទេសកូរ៉េខាងត្បូង កាលពីយប់មិញ ព្រះអង្គម្ចាស់ធម្មិកោ បានប្រាប់រូបគាត់និងមន្ត្រីជំនិតមួយចំនួនថា៖ «ព្រះមហាក្សត្របានសម្រេចព្រះទ័យនិងបានឡាយព្រះហស្ថលេខា លើកលែងទោសលោកសម រង្ស៊ីហើយកាលពីយប់ថ្ងៃព្រហស្បតិ៍។ លិខិតនោះ ត្រូវបានផ្ញើរជូនលោកសម រង្ស៊ី រួចហើយដែរ ប៉ុន្តែព្រះអង្គម្ចាស់ មិនបានប្រាប់ថាតើព្រះមហាក្សត្រ បានសម្រេចព្រះទ័យបែបនោះ តាមសំណើររបស់លោកនាយករដ្ឋមន្ត្រីឬយ៉ាងណានោះទេ»។
យោងតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះមហាក្សត្រ អាចឡាយព្រះហស្ថលេខាលើកលែងទោសទណ្ឌិតណាម្នាក់បានលុះត្រាមានសំណើរពីប្រមុខរាជរដ្ឋាភិបាល។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានប្រាប់ភ្នំពេញ ប៉ុស្តិ៍នៅព្រឹកថ្ងៃនេះថា លោកមិនបានដឹង និងមិនបានឃើញលិខិតស្នើសុំលើកលែងទោសណាមួយ សុំឲ្យព្រះមហាក្សត្រ លើកលែងទោសលោក សម រង្ស៊ីនោះទេ។
លោកបានបញ្ជាក់ថា «ការលើកឡើងថា ព្រះមហក្សត្របានឡាយព្រះហស្ថលើកលែងទោសលោក សម រង្ស៊ី របស់ក្រុមប្រឆាំងនោះ គឺជាការលើកឡើងដើម្បីធ្វើប្រជាភិថុត តែប៉ុណ្ណោះ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីកន្លងមកធ្លាប់បានប្រកាសថា ករណីលោកសម រង្ស៊ី អាចនឹងធ្វើទៅបានលុះត្រាតែលោកសម រង្ស៊ីខ្លួនឯងចូលខ្លួនមកអនុវត្តទោសឲ្យបាន ២ ភាគ៣ជាសិន ព្រោះករណីនេះត្រូវបានផ្តន្ទាទោសដោយតុលាការ។
នៅក្នុងឆ្នាំ ២០០៩ លោក សម រង្ស៊ី ត្រូវបានតុលាការផ្ដន្ទាទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល ១១ ឆ្នាំ ពាក់ព័ន្ធបញ្ហាដកតម្រុយបង្គោលព្រំដែន កម្ពុជា វៀតណាម ដែលប្រព្រឹត្តធ្វើឡើងនៅស្រុកចន្ទ្រា ខេត្តស្វាយរៀងកាលពីឆ្នាំ២០០៨។
រាយការណ៍បន្ថែមដោយ Shane Worrell