The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រៃសណីយ៍កម្ពុជា​ចុះ​អនុស្សរណៈ​​ជាមួយ​​ប្រៃ​សណីយ៍ថៃ​ថ្ងៃ​នេះ

ប្រៃសណីយ៍កម្ពុជា​ចុះ​អនុស្សរណៈ​​ជាមួយ​​ប្រៃ​សណីយ៍ថៃ​ថ្ងៃ​នេះ

ប្រៃសណីយ៍កម្ពុជា​ចុះ​អនុស្សរណៈ​​ជាមួយ​​ប្រៃ​សណីយ៍ថៃ​ថ្ងៃ​នេះ

q-013
ក្រដាសប្រាក់១០០០រៀល ប្រជាពលរដ្ឋនៅតាមជនបទកាន់តែយល់ដឹងពីការផ្ញើរប្រាក់ និងផ្ទេរប្រាក់ពីកន្លែងមួយទៅកន្លែងមួយ ម៉ៃ វីរៈ

ភ្នំពេញៈ ​ប្រៃសណី​យ៍​កម្ពុជា ​ជា​សហ​គ្រាស​គ្រប់​គ្រង​ដោយ​រដ្ឋ​ដែល​គ្រោង​​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​ផង​នោះ​នឹង​ចុះ​ហត្ថ​​លេខា​លើ​អនុ​ស្សរណៈ​យោគ​យល់​គ្នា​ជា​​មួយ​ប្រៃសណីយ៍​ថៃ​នៅ​ថ្ងៃ​នេះ ​ស្ដី​ពី​ការ​​ផ្ដល់​សេ​វា​ផ្ទេរ​​ប្រាក់​តាម​ប្រ​ព័ន្ធ​អេ​ឡិច​ត្រូ​និក​រវាង​ប្រទេស​ជិត​ខាង​អា​ស៊ាន​ពីរ​នេះ​។​

គំនិត​ផ្ដួច​ផ្ដើម​នេះ​នឹង​ចាប់​យក​នូវ​កំ​ណើ​ន​​​ប្រាក់​​ផ្ញើពល​ករ​កម្ពុជានៅ​ប្រទេស​ថៃ​​មក​កាន់​​ស្រុក​កំណើត​ ​។

លោក អោក ​បូរ៉ា ​អគ្គ​នាយក​ប្រៃសណីយ៍​បាន​​និយាយ​ថា​ប្រាក់​ផ្ញើ​មក​ពី​ប្រទេស​ថៃ​បាន​​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ​ថ្មី​​នេះ​ដោយ​សារ​​ពល​ករ​ចំណាកស្រុក​​កម្ពុជា​កាន់​តែច្រើន​ឡើងៗ​កំពុង​តែ​នាំ​គ្នា​ទៅ​ធ្វើ​ការ​ទី​នោះ​។

លោក​បន្ត​​ថា​៖​«​យើង​សហ​ការ​ជា​មួយ​ពួក​គេ​តាម​រយៈ​ការ​ផ្ដល់​សេវា​កម្ម​នេះ​ដោយ​សារ​តែ​យើង​បាន​កត់​សម្គាល់​ឃើញ​ថា​មាន​ប្រ​ជា​ជន​យើង​ជា​ច្រើន​កំពុង​តែ​ធ្វើ​ការ​នៅ​​ទី​នោះ​ ហើយ​បាន​ផ្ញើ​ប្រាក់​ជា​ច្រើន​មក​ផ្ទះ​តាម​ឈ្មួញ​ខុស​ច្បាប់​ដែល​គិត​តម្លៃ​ខ្ពស់​។

ឥឡូវ​នេះ​យើង​នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​ ហើយ​ជា​សេវា​កម្ម​រហ័ស​ទាន់ចិត្ត​សម្រាប់​ពួក​គេ​។ នៅពេល​ដូច​​គ្នា​នេះ​ដែរ​ការ​គិត​លើ​សេវា​កម្ម​គឺ​ថោក​ល្មម​ទោះ​បី​ជា​ប្រៀប​ធៀប​ជា​មួយ​ធនា​គារ​ពាណិជ្ជ​ហើយ​វា​មាន​សុវត្ថិភាព​​បំផុត»​។ លោក​បន្ថែម​ថា ​សេវា​​នេះ​​នឹង​ចាប់​​ផ្ដើម​ជា​ផ្លូវ​ការ​សម្រាប់​​សាធារ​ណជន​នៅ​​ថ្ងៃ​ដដែល​នេះ​។

តាម​ទិន្ន​ន័យ​ជា​ផ្លូវ​ការ​​ពី​ អាដ​ហុក​ បាន​បង្ហាញ​ថា​ មាន​កម្មករ​អន្តោ​ប្រវេសន៍​កម្ពុជា​ប្រហែល​៤០ម៉ឺន​នាក​់​កំពុង​តែ​ធ្វើ​ការ​ស្រប​ច្បាប់​ក្នុង​ប្រទេស​ថៃ​។ ​ចំនួន​នេះ​មិន​រាប់​បញ្ចូល​កម្មករ​ខុស​ច្បាប់​នោះ​ទេ​។

លោក ​អោក បូរ៉ា ​បាន​បន្ត​ទៀត​ថា​ ប្រៃសណី​យ៍​កម្ពុជា បាន​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ជា​មួយ​វៀតណាម​តាំង​​ពី​ចុង​ឆ្នាំ​មុន​ ខណៈ​​​ពួកគេ​បាន​ទទួល​ជោគ​ជ័យ​រួច​ហើយ​ជា​មួយ​សេវា​កម្ម​នេះ​ក្នុង​ប្រទេស​បារាំង​។

លោក​ថ្លែង​ថា​៖ ​«​ខ្ញុំ​គិត​ថា​យើង​មិន​ប្រឆាំង​ជា​មួយ​ធនា​គារ​ពាណិជ្ជ​នោះ​ទេ ​ដោយ​សារ​តែ​យើង​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​គោ​រព​​ទៅ​តាម​ច្បាប់​»។

លោក​ អោក ​បូរ៉ា​ ​​និយាយ​​ថា​ ប្រៃសណីយ៍​កម្ពុជា ​គ្រោង​ចុះ​ហត្ថ​លេខា​ជា​មួយ​គ្រប់​បណ្ដា​ប្រទេស​ជា​សមាជិ​ក​អាស៊ាន​ទាំង​អស់​ដោយ​លើក​ឡើង​ថា​ គេ​នឹង​ចុះ​ហត្ថ​លេខា​ជា​មួយ​ឡាវ​ ​និង​ម៉ា​ឡេ​ស៊ី​ក្នុង​ឆ្នាំ​នេះ​។ ​រហូត​មក​ដល់​ពេល​នេះ​ប្រៃ​ស​ណី​យ៍​កម្ពុជា​មាន​ការិ​យា​ល័យ​ចំនួន​៣០​ទូ​ទាំង​ប្រទេស​។

រដ្ឋាភិ​បាល​បាន​​យល់​ព្រម​ឲ្យ​​ប្រៃស​ណី​យ៍​​កម្ពុជា​ក្លាយ​​ខ្លួន​​ជា​ក្រុម​ហ៊ុន​ឯក​ជន​តាំង​ពី​ថ្ងៃ​ទី​១​ខែ​មករា​ ឆ្នាំ​២០១១​។ បន្ទាប់​ពី​ការ​ក្លាយ​ខ្លួន​ជា​ឯក​ជន​មក​ប្រាក់​ចំណូល​​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ប្រហែល​ជា​៦០​ភាគ​រយ​ដល់​៣,៧៥​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១១ ​បើ​ធៀប​នឹង​ឆ្នាំ​២០១០​។ បច្ចុប្បន្ន​នេះ​ប្រៃស​ណី​យ៍​​​កម្ពុជា​កំពុងតែ​បម្រើ​​សេវាកម្ម​របស់​ខ្លួន​ចំនួន​​១៩២​ប្រទេស​​ក្នុង​ពិភ​ព​លោក៕​​

អត្ថបទគួរចាប់អារម្មណ៍