
ភ្នំពេញៈ ប្រជាសហគមន៍ក្រីក្រ នៃតំបន់បុរីកីឡា បឹងកក់ និងថ្មគោល ប្រមាណជាង ២០០ នាក់ បាននាំគ្នាប្រមូលផ្ដុំការតវ៉ានៅមុខសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះ ដោយជំរុញឲ្យអាជ្ញាធរដោះស្រាយបញ្ហារបស់ពួកគាត់ឲ្យបានឆាប់មុនថ្ងៃបោះឆ្នោត។
ក្រុមអ្នកភូមិដែលមកតវ៉ាទាមទារដំណោះស្រាយ ទាំងនេះ បាននាំគ្នាស្លៀកពាក់ឯកសណ្ឋាន ជាស្ត្រីមេផ្ទះ ដែលខ្លះមានកាន់ឆ្នាំង ខ្ទះ វែង និងខ្លះទូលរូបផ្ទះ និងខ្លះស្លៀកពាក់ជាចុងភៅ ដោយមានសរសេរសារថា «យើងខ្ញុំស្រេកឃ្លានដំណោះស្រាយខ្លាំងណាស់...»។
លោក ចាន់ ពុទ្ធិសាក់ តំណាងប្រជាពលរដ្ឋរងគ្រោះក្នុងសហគមន៍បឹងកក់ ដែលនៅមិនទាន់ទទួលបាន ដំណោះស្រាយបានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទនេះថា អាជ្ញាធររាជធានីភ្នំពេញ មិនមានការពន្លឿនចំណាត់ការដោះស្រាយបញ្ហាជូនពួកគាត់ទេ ក្នុងរយៈពេលជិតពីរសប្ដាហ៍ ចាប់តាំងពីបានឯកភាពជាមួយពួកគាត់ក្នុងការចាត់តំណាងតាមភូមិឲ្យចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសរបស់ខ្លួន ចុះដោះស្រាយផ្លាស់ប្ដូរទីតាំងដីនិងផ្ទះរបស់ពួកគាត់ចូលទៅក្នុងដី ១២,៤៤ហិកតា ដែលជាផ្ដល់ប្រទានកម្មពីប្រមុខរាជរដ្ឋាភិបាល ជាថ្នូរនឹងការមិនចេញដើរតវ៉ាជាមួយក្រុមអ្នកស្រីទេពវន្នីនោះ។
លោក បានថ្លែងថា៖«យើងបានរង់ចាំជិតពីរសប្ដាហ៍មកហើយ តែមិនឃើញមានវឌ្ឍនភាពអ្វីបន្ដិចសោះ ចំពោះយន្តការដោះស្រាយបញ្ហារបស់យើងខ្ញុំ។ យើងចង់បានដំណោះស្រាយឆាប់បំផុត គឺមុនថ្ងៃបោះឆ្នោត ព្រោះ បច្ចុប្បន្ន គ្មានអ្វីជាឩបស័គ្គទៀតទេ»។
លោកបានប្រាប់ឲ្យដឹងទៀតថាលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ធ្លាប់បានអះអាងប្រាប់ពួកគាត់ថាភាគីក្រុមហ៊ុនស៊ូកាគូអ៊ីន បានឯកភាពនិងទទួលយកនូវដំណោះស្រាយ ដោះដូរទីតាំងដីរបស់ពួកគាត់ ដែលស្ថិតក្រៅនិយាមកាម ចូលទៅក្នុងទីតាំងដី ១២,៤៤ហិកតាហើយ ខណៈក្រុមមន្ត្រីជំនាញបានចុះស្រង់បញ្ជីសាលាកប័ត្រពួកគាត់បានរួចរាល់ ហើយដែរ។
អ្នកស្រីទេព វន្នី តំណាងប្រជាពលរដ្ឋក្នុងសហគមន៍បឹងកក់ បាននិយាយថា ការរួញរាក្នុងការផ្ដល់ដំណោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះ គឺបង្ហាញឲ្យឃើញពីការមិនយកចិត្តទុកដាក់ចំពោះបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលផ្ទុយអំពីឆន្ទៈនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
អ្នកស្រីថ្លែងថា៖«អាជ្ញាធរចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឲ្យបានឆាប់បំផុត និងប្រកដដោយគតិច្បាប់។ ប៉ុន្តែអ្វីដែលយើងកំពុងមើលឃើញនៅពេលនេះ គឺអាជ្ញាធររិះរកគ្រប់វិធីដើម្បីបំបែកកម្លាំងសាមគ្គីភាពរបស់ប្រជាពលរដ្ឋក្នុងការទាមទារសិទ្ធិសេរីភាព សិទ្ធិដីធ្លី ផ្ទះសំបែង និងសិទ្ធិមួយចំនួនទៀតដែលបានចែកក្នុងច្បាប់រដ្ឋធម្មនុញ្ញជាតិ និង អន្តរជាតិ»។