ភ្នំពេញៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានចេញសេក្តីប្រកាសព័ត៌មានមួយ អំពាវនាវដល់ រាជរដ្ឋាភិបាលកម្ពុជាត្រូវធានាថា សកម្មជនសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន អាចអនុវត្តការងាររបស់ពួកគេដោយគ្មានការគំរាមកំហែង សកម្មភាពបំភិតបំភ័យ ឬការវាយប្រហារណាមួយ។
សេចក្តីប្រកាសព័ត៌មានបន្តថា ការចាប់ខ្លួនលោក អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន មិនត្រូវយកមកប្រើដើម្បីដាក់សម្ពាធដល់សហគមន៍មូលដ្ឋាននៅតំបន់ស្ទឹងអារ៉ែង ចំពោះការសាងសង់ទំនប់ឆាយអារ៉ែងនោះឡើយ។
កាលពីដើមសប្តាហ៍នេះ អាជ្ញាធរអន្តោប្រវេសន៍កម្ពុជាបានបណ្តេញលោក អាឡិច ជនជាតិអេស្ប៉ាញ ដែលជាសកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិ ចេញពីប្រទេសកម្ពុជា បន្ទាប់ពីក្រសួងមហាផ្ទៃសម្រេចមិនបន្តទិដ្ឋាការដល់គាត់ដែលអស់សុពលភាពរយៈពេលបីថ្ងៃ។ ការបណ្តេញចេញនេះ ត្រូវបានមើលឃើញជាទូទៅថា ជាវិធានការសងសឹកចំពោះយុទ្ធនាការចលនាមាតាធម្មជាតិប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គិសនី ឆាយអារ៉ែង នៅស្ទឹងអារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង។
ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការជួញដូរកុមារ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការបណ្តេញលោកអាឡិចនេះមិនមែនប្រឆាំងនឹងសកម្មជន ការពារបរិស្ថានឡើយ។ ការបណ្តេញចេញនេះ គឺត្រូវបានធ្វើឡើងតាមច្បាប់កម្ពុជា។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បារម្ភថា សមាជិករបស់អង្គការចលនាមាតាធម្មជាតិនៅក្នុង ខេត្តកោះកុង នឹងស្ថិតនៅក្រោមការតាមដានរបស់អាជ្ញាធរ។ ដូច្នេះ សកម្មភាពរបស់ពួកគេអាចប្រឈមនឹងការរឹតត្បិតតាមអំពើចិត្តផងដែរ។
បន្ទាប់ពីមានការចាប់ខ្លួនរបស់លោក អាឡិច សមាជិកអង្គការមាតាធម្មជាតិបានប្រាប់ថា តំណាងរបស់ក្រុមហ៊ុនបានចូលទៅកាន់តំបន់ស្ទឹងអារ៉ែងសាជាថ្មី។
កាលពីខែមីនា ឆ្នាំមុន លោកអាឡិច និងប្រជាពលរដ្ឋសហគមន៍តំបន់អារ៉ែង បានបិទផ្លូវរារាំងក្រុមហ៊ុនចិនឈ្មោះ ស៊ីណូហៃដ្រូ កុំឲ្យចូលទៅកាន់កន្លែងសាងសង់ទំនប់។ ភាពតានតឹងនៅតំបន់អារ៉ែងបានកើតឡើងជាថ្មីម្តងទៀតនៅ ខែធ្នូ ឆ្នាំ២០១៤ នៅពេលដែលទាហានកងយុទ្ធពលខេមរៈភូមិន្ទ គំរាមវាយកម្ទេចម៉ាស៊ីនថតរបស់ក្រុមសកម្មជនមាតាធម្មជាតិ។ នេះបើតាមការឃ្លាំមើលរបស់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។