
កំពង់ចាមៈ បុរសវ័យ៣៥ឆ្នាំម្នាក់មកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមដែលបានឆ្លងជម្ងឺផ្តាសាយបក្សីកាលពីដើមខែមកនោះ បានបាត់បង់ជីវិតហើយកាលពីយប់មិញនៅមន្ទីរពេទ្យកាល់ម៉ែត្រ បន្ទាប់ពីការព្យាយាមជួយសង្រ្គោះមិនទទួលបានជោគជ័យ។
លោក គឹម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានមានប្រសាសន៌កាលពីព្រឹកមិញថា អ្នកជម្ងឺបានស្លាប់ហើយ នៅវេលាម៉ោងប្រមាណជា១១យប់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
លោកបានបន្ថែមថា៖ «អ្នកជម្ងឺបានសង្ស័យថាឆ្លងជំងឺនេះបន្ទាប់ពីរូបគេបានយកសត្វទា ចំនួនពីរក្បាលធ្វើជាអាហារកាលពីដើមខែ បន្ទាប់មករូបគេបានធ្លាក់ខ្លួនឈឺ និងបានព្យាបាលនៅមន្ទីរពេទ្យខេត្ត តែមិនមានការធូរស្រាលក៏បញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត្រកាលពី ថ្ងៃទី២១ ហើយបានស្លាប់កាលពីយប់ថ្ងៃទី២៥»។
លោកគឹម សួរភិរុណបានបញ្ជាក់ថា កំហាករបស់អ្នកជំងឺត្រូវបានយកទៅពិនិត្យនៅប្រទេស កូរ៉េទើបបានឃើញលទ្ធផលកាលពីថ្ងៃសៅរ៌កន្លងទៅនេះ។