The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មេ​សហជីព​​មិន​ទាន់​ស្រប​គ្នា​ចំពោះ​ការ​​ធ្វើ​កូដកម្ម​នៅ​ផ្ទះ​នៅ​ថ្ងៃ​ស្អែក




មេ​សហជីព​​មិន​ទាន់​ស្រប​គ្នា​ចំពោះ​ការ​​ធ្វើ​កូដកម្ម​នៅ​ផ្ទះ​នៅ​ថ្ងៃ​ស្អែក

មេ​សហជីព​​មិន​ទាន់​ស្រប​គ្នា​ចំពោះ​ការ​​ធ្វើ​កូដកម្ម​នៅ​ផ្ទះ​នៅ​ថ្ងៃ​ស្អែក

4-story2
កម្មករឈរសាទរនៅមុខផ្ទះដែលគេជួលស្នាក់នៅពេលតវ៉ាកាលពីខែមករា ផា លីណា

ភ្នំពេញៈ ​ការ​ធ្វើ​កូដ​កម្ម​នៅ​ផ្ទះ​​មិនទៅ​​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក​​នេះ កំពុង​ស្ថិត​ក្នុង​ភាព​​​មិន​ច្បាស់​លាស់​​ បន្ទាប់​ពី​​កម្មករ​​ និង​មេ​ដឹក​នាំ​សហជីព​មួយ​ចំនួន ​​​​ជំរុញ​ឲ្យ​មាន​ការ​​ពន្យារ​​ពេល​​រហូត​ដល់​ក្រោយពីចូល​ឆ្នាំ​ខ្មែរ​រួច។ នេះ​បើ​តាម​​​មេ​ដឹក​នាំ​សហជីព​ម្នាក់​ ដែល​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​។

លោក ប៉ាវ ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព ចលនា​កម្មករ(CUMW) បាន​​ថ្លែង​ថា​ ​កម្មករ​មួយ​ចំនួន​​ ភ័យ​ខ្លាច​​​ថា​ កូដ​កម្ម​នេះ​​ នឹង​​ធ្វើ​ឲ្យ​ពួក​គេ​​មិនមាន​ប្រាក់​សម្រាប់​ពិធី​ចូល​ឆ្នាំ​​​ខ្មែរ​នា​ ពេល​ខាង​មុខ​នេះ​។

លោក​បន្ថែម​ថា ​មេ​ដឹក​នាំ​សហជីព​​ចំនួន​១៨​ដែល​​ដឹក​នាំ​ឲ្យ​មាន​កូដ​កម្ម​នេះ​​​ នឹងជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​នេះ ​ដើម្បី​សម្រេច​​ថា​ តើ​​នឹង​ត្រូវ​បន្ត​​ធ្វើ​កូដ​កម្ម​​ឬអត់​? លោក​បន្ត​ថា​៖ «​យើង​ចង់​បន្ត​ការ​គ្រោង​ធ្វើ​កូដ​កម្ម​នេះ​ ប៉ុន្តែ​​យើង​​បាន​ទទួល​​សំណូម​ពរ​នេះ​ ពី​​សមាជិក​​​និង​កម្មករ​​ឲ្យ​​ពន្យារ​ពេល​រហូត​​​ដល់​បន្ទាប់​ពី​ចូល​ ឆ្នាំ​ខ្មែរខែ​ក្រោយ»។

អស់​រយៈ​ពេល​​​​ជា​ច្រើន​សប្តាហ៍​សហ​ជី​ព​​​ បាន​​គំរាម​​ថា​ ​​កូដ​កម្ម​នៅ​ផ្ទះ​​ មិន​ទៅ​​ធ្វើ​ការ​​នឹង​ចាប់​ផ្តើម​​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក​​ ហើយ​នឹង​បន្តរហូត​ដល់​​​យ៉ាង​ហោច​ណាស់​ថ្ងៃ​ទី​១៩ ខែ​មីនា​។ ​សហជីព​ និង​កម្មករ ​​ដែល​​ចង់​ធ្វើ​កូដ​កម្ម​នេះ​​​ គឺ​​ដើម្បី​ទាម​ទារ​​ប្រាក់​​ខែ​​អប្បបរមា​ចំនួន​១៦០​ដុល្លារ​​ ​និង​ការ​ដោះ​លែង​​​សកម្ម​ជន​សហជីព​និង​កម្មករ​​កំពុងជាប់ឃុំ​ចំនួន២១​ នាក់​ ​​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​អំឡុង​បាតុ​កម្ម​​កាល​ពី​ដើម​ខែ​​ មករា​។ ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សហជីព ​​ដើម្បី​​ប្រារព្ធ​ធ្វើ​វេទិកា​សាធា​រណៈ​​មួយ​​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ កាល​​ពី​ថ្ងៃ​សៅរ៍​ នៅ​ថ្ងៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ​ ​ត្រូវ​បាន​រារាំង​ដោយ​អាជ្ញា​ធរ​​ ដោយ​សារ​អាជ្ញា​ធរ​បាន​​ធ្វើ​ការ​បិទ​តំបន់​នោះ។

លោក​ ប៉ាវ ស៊ីណា បានថ្លែង​បន្ត​ថា​៖ «ប្រសិន​បើ​​យើងបន្ត​​​ទៅ​មុខ​​ថា​នឹង​ធ្វើ​​កូដ-​កម្ម​ ​យើង​នឹង​ប្រកាស​ទៅ​​កម្មករ​ទាំង​អស់​​ឲ្យ​នៅ​ផ្ទះ​​​ដើម្បី​ចៀស​វាង​បញ្ហា​ ណា​មួយ​​​​ជា​មួយ​នគរ​បាល​ឬ​​កង​រាជ​អាវុធ​ហត្ថ​»។

ប៉ុន្តែ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​ថ្លែង​​កាល​ពី​ម្សិ​ល​មិញ​ថា ​មិន​មាន​ពាក្យ​«​ប្រសិន​បើ​»​ទេ កូដ​កម្ម​នឹង​​​ត្រូវ​ធ្វើ​ឡើង​។

លោក​​ថ្លែង​បន្ត​ថា​៖ «​​ខ្ញុំ​នឹង​មិន​​បោះ​បង់​ផែន​ការ​​របស់​ខ្ញុំ​​ ក្នុង​ការ​ធ្វើ​កូដ​កម្ម​នេះ​​នៅ​ថ្ងៃ​ពុធ​ទេ ​​បើ​ទោះ​បី​ជា​មេ​ដឹក​នាំ​​សហជីព​ដទៃ​ៗ​ទៀត​ សម្រេច​​ពន្យារ​ពេល​​រហូត​ដល់​ខែ​ក្រោយ​ក៏​ដោយ»។ «​​ការ​ពន្យារ​ពេល​​​នឹង​ធ្វើ​ឲ្យ​ចំណាយ​ពេល​​ឥត​ប្រយោជន៍​​ និង​មាន​ន័យ​ថា យើង​នឹង​មិន​ទទួល​បាន​លទ្ធ​ផល​»។

អ្នក​នាង​ អៀរ លីម អាយុ​ ២៥ ​ឆ្នាំ ​ជា​កម្មការិនី​​ម្នាក់​​ នៅ​សួន​ឧស្សាហកម្ម​ការ​ណា​ឌីយ៉ា​ នៅ​ជិត​កន្លែង​ដែល​កម្លាំង​ប្រដាប់​អាវុធ​​បាន​​បាញ់​មនុស្ស​យ៉ាង​ហោច​ណាស់​ ៤​ នាក់​ស្លាប់​​ កាល​ពីថ្ងៃ​ទី​៣ ​ខែ​មករា ​គឺជា​កម្មករ​ម្នាក់​ដែល​​​មិន​បោះ​បង់​ផែន​ការ​​ធ្វើ​កូដ​កម្ម​នេះ​ទេ​។

អ្នក​នាង​បាន​ថ្លែង​​កាល​ពី​ម្សិល​មិញ​ថា​៖ «​​​ខ្ញុំ​ពិត​ជា​ភ័យ​ខ្លាច​ ប៉ុន្តែ​យើង​ត្រូវ​ការ​​ប្រាក់​ខែ​ខ្ពស់​ជាង​មុន និង​អត្ថ​ប្រយោ​ជន៍​ច្រើន​ជាង​មុន​។ ខ្ញុំ​នឹង​ចូល​រួម​កូដ​កម្ម​​នេះ​។ ​វា​មិន​ល្អ​ប្រសិន​បើ​យើង​ពន្យារ​ពេល​នោះ»៕ PS

អត្ថបទគួរចាប់អារម្មណ៍